លិខិតមិត្តអ្នកអាន៖ ការផ្លាស់ប្តូរឥរិយាបទរបស់មន្ត្រីសិទ្ធិមនុស្ស ដែលធ្លាប់រិះគន់ គឺជាការទះកំផ្លៀងទង្វើទុច្ចរិតរបស់វិទ្យុអាស៊ីសេរី
ទោះបីជាពិភពលោកទាំងមូល ក្នុងនោះសហរដ្ឋអាមេរិក ដែលជាសំបុក ជាឆ្នាំបាយរបស់វិទ្យុអាស៊ីសេរី កំពុងមមារញឹកសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងព័ត៌មានក្លែងក្លាយក៏ដោយក្តី ក៏វិទ្យុបរទេសមួយនេះនៅតែបិទភ្នែកដើរបញ្ច្រាស់ ហើយបាននិងកំពុងគគ្លើន ប្រកាន់ខ្ជាប់នូវទុច្ចរិតភាពដដែល ដោយនៅតែកែឆ្នៃ កាត់តសម្លេង ប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីបំភ័ន្ត-បំពុលសង្គមកម្ពុជា។
ភាពឈឺចាប់របស់អ្នកផ្តល់បទសម្ភាសន៍ទៅឱ្យវិទ្យុអាស៊ីសេរី ដែលកើតចេញពីការកាត់តកែឆ្នៃសម្លេង ខុសពី ខ្លឹមសារពិត ដើម្បីបម្រើរបៀបវារៈនយោបាយរបស់វិទ្យុនេះ ភាគច្រើនមើលឃើញថាគឺជាមន្ត្រីរដ្ឋាភិបាល ប៉ុន្តែពេលនេះភាពឈឺចាប់ និងផលវិបាកបានធ្លាក់លើមន្ត្រីអង្គការសង្គមស៊ីវិលម្នាក់ ដែលតែងតែរិះគន់រដ្ឋាភិបាល គឺនាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូ គឺលោក អំ សំអាត។
បន្ទាប់ពីរដ្ឋាភិបាលមានចំណាត់ការទៅលើអ្នកលក់ឧបករណ៍ធ្វើតេស្តពិនិត្យរកវីរុសកូវីដ-១៩ និងឱសថព្យាបាលជំងឺកូវីដ-១៩ ខុសច្បាប់ ដែលគ្មានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក រួមទាំងឃាត់ខ្លួនអ្នកបង្កើតព័ត៌មានក្លែងក្លាយ បំប៉ោងសភាពការណ៍ បំភិតបំភ័យប្រជាពលរដ្ឋខ្មែរជុំវិញជំងឺកូវីដ-១៩ នោះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ លោក អំ សំអាត បានផ្តល់បទសម្ភាសន៍មួយទៅឱ្យវិទ្យុអាស៊ីសេរីជុំវិញបញ្ហានេះ។
ក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរី ពិធីករបានអត្ថាធិប្បាយខុសពីខ្លឹមសារដើមរបស់លោក អំ សំអាត ហើយសម្លេងដើមទៀតសោតក៏បានកាត់ឱ្យខ្លីខុសពីន័យដើមផងដែរ «លោក អំ សំអាត ប្រាប់អាស៊ីសេរីថា ការចាប់ខ្លួននឹងការឃុំខ្លួនអ្នកហ៊ាននិយាយរិះគន់មិនមែនជាការល្អប្រសើរនោះទេ។ រដ្ឋាភិបាលគួរតែហៅពួកគាត់មកអប់រំប្រសើរជាងការចាប់ខ្លួនដោយបង្ខំស្របពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៖ «ការចាប់និងការឃុំខ្លួននេះយើងគូរតែពិនិត្យមើលដែរថាអ្វីជាបទល្មើសអ្វី ជាសេរីភាពនៃការបញ្ចេញមតិ ហើយប្រសិនជាយើងធ្វើការឃុំខ្លួនដោយមិនបានពិចារណាឱ្យត្រឹមត្រូវថាអ្វីជាសេរីភាពបញ្ចេញមតិ អ្វីជាបទល្មើសនោះទេ អាហ្នឹងធ្វើឱ្យប៉ះពាល់ដែរសម្រាប់សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋនោះបាទ»។
មួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី៣០ ខែមីនា នៅក្នុងសន្និសីទសារព័ត៌មាន នៅរដ្ឋសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៅលោក អំ សំអាត ថា «ខ្ញុំនិយាយ លោក អំ សំអាត នៃអង្គការលីកាដូ។ លោកឯងត្រូវតែប្រុងប្រយ័ត្ន ចំពោះសំដីនៅក្នុងកាលៈទេសៈនេះ។ បើទោះបីជាច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន មិនទាន់ចូលជាធរមាន ក៏ខ្ញុំអាចចាប់លោកឯងបានដែរ ចាប់លោកឯងបានដែរ ព្រោះលោកឯងគាំទ្រ ដំណើរការខុសច្បាប់ ចាត់ទុកជាផ្នែកមួយនៃការរួមគាំទ្រ ដើម្បីនឹងធ្វើអំពើខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។ ការគាំទ្រ ឲ្យមានការបញ្ចេញមតិ នៅក្នុងចរិតរើសអើង ដោយមានការបំភ័យ ដោយមានការលើកទឹកចិត្ត ឲ្យមានការលក់ឱសថ ឬឧបករណ៍ក្លែងក្លាយ ខ្ញុំសូមព្រមានជាសាធារណៈ»។
ភ្លាមៗបន្ទាប់ពីសន្និសីទសារព័ត៌មាន ធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អំ សំអាត បានចេញវីដេអូបកស្រាយរឿងរាវនេះ ដោយទាត់ចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី និងថាវិទ្យុមួយនេះបានកាត់សំឡេងរបស់លោកយ៉ាងខ្លីបំផុត ផ្ទុយពីន័យដើម ដែលធ្វើឱ្យអ្នកដែលបានស្តាប់ ឬអានព័ត៌មាននោះហើយ មានការភ័ន្តច្រឡំថា រូបលោកលោក និងអង្គការលីកាដូ គាំទ្រជនប្រព្រឹត្តល្មើសច្បាប់ ឬជនណាបង្កឲ្យមានភាពវឹកវរចលាចរនៅក្នុងសង្គម។
លោកបានលើកឡើងយ៉ាងដូច្នេះថា «ពីយប់មិញខ្ញុំបានឮវិទ្យុអាស៊ីសេរី ដកស្រង់នូវពាក្យសំដីរបស់ខ្ញុំ ដោយមានការកាត់យ៉ាងខ្លី ដែលអាចធ្វើឲ្យមានការភ័ន្តច្រឡំខុស ន័យដើម របស់ខ្ញុំបាទ។ ដូច្នេះខ្ញុំបាទក៏ដូចជាអង្គការលីកាដូ សូមជម្រាបជូនថា មិនដែលការពារទៅលើជនណា ដែលប្រព្រឹត្តិខុសច្បាប់ ឬជនណាបង្កឲ្យមានភាពវឹកវរ ចលាចរនៅក្នុងសង្គមនោះទេ គោលបំណងនៃអង្គការលីកាដូ ក៏ដូចជាខ្ញុំបាទ គឺធ្វើយ៉ាងណា ជំរុញឲ្យមានអនុវត្តន៍ច្បាប់ គោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីឲ្យប្រទេសយើងរស់នៅក្នុងសុខសន្ដិភាព រស់នៅក្នុងភាពសុខដុមរមនា។ ហើយខ្ញុំបាទ និងអង្គការលីកាដូ គាំទ្រចំពោះវិធានការ នៃការអនុវត្តន៍ច្បាប់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែលបានធ្វើត្រឹមត្រូវតាមផ្លូវច្បាប់ គឺនៅតែមានការគាំទ្រជានិច្ច ហើយយើងខ្ញុំក៏ដូចជាអង្គកាលីកាដូ នឹងផ្ដល់កិច្ចសហការចូលរួមជាមួយរដ្ឋាភិបាល ដើម្បីឲ្យមានការអនុវត្តន៍ច្បាប់ និងការគោរពសិទ្ធិ ក៏ដូចជាត្រូវចាត់វិធានការលើជនទាំងឡាយ ណាដែលប្រព្រឹត្តនូវបទល្មើស មានភាពវឹកវរក្នុងសង្គម»។
ទោះបីជាលោក អំ សំអាត ចេញវីអូបកស្រាយនូវទង្វើកាត់តសម្លេងឱ្យខ្លី ខុសន័យដើមរបស់វិទ្យុអាស៊ីសេរី ថែមទាំងទាត់ចោលនូវព័ត៌មានមិនពិតផ្សាយចេញពីវិទ្យុអាស៊ីសេរីចំៗយ៉ាងនេះក្តី ក៏វិទ្យុអាស៊ីសេរីមិនខ្មាស់អៀនក្នុងការផ្សាយព័ត៌មានមិនពិតដដែល ដោយលោក ជុន ចាន់បុត្រ ពិធីករវិទ្យុអាស៊ីសេរី បានផ្សាយថា «ប្រព័ន្ធផ្សព្វផ្សាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានឆ្លៀតឱកាសចុះផ្សាយថា លោក អំ សំអាត ចោទអាស៊ីសេរីថាបានកាត់តសម្លេងរបស់លោក អំ សំអាត»។
ការកែច្នៃកាត់តសម្លេងរបស់វាគ្មិន ដើម្បីបម្រើឱ្យគោលដៅបំពុលព័ត៌មាន បំភ័យប្រជាពលរដ្ឋកម្ពុជារបស់វិទ្យុអាស៊ីសេរី មិនបានផ្តល់ផលអ្វីដល់សង្គមជាតិនោះទេ ប៉ុន្តែបានបង្កើតនូវភាពវឹកវរក្នុងសង្គម បង្កើតចលាចលភាពភ័យខ្លាច បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេស គ្រោះថ្នាក់ដល់អ្នកវិភាគនយោបាយ មន្ត្រីអង្គការសង្គមស៊ីវិល មួយចំនួនដែលងប់ងល់ ជោរតាមវិទ្យុអាស៊ីសេរី ដែលបានត្រៀមរៀបចំសំនួរទុកជាមុន ក្នុងការចោទប្រកាន់សម្អុយកេរ្តិ៍ឈ្មោះ និងចំណាត់វិធានការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលក្នុងកាលៈទេសៈដ៏លំបាកនេះ។ ការរួមសហការជាមួយវិទ្យុអាស៊ីសេរីនឹងផ្តល់ផលអវិជ្ជមានជះមកវិញ គឺជនទាំងនោះអាចនឹងទទួលទោសចំពោះមុខច្បាប់ នូវទង្វើខុសច្បាប់ដែលខ្លួនបានប្រព្រឹត្ត។
ដូចនេះការចេញមុខបកស្រាយការពិតរបស់លោក អំ សំអាត និងប្រកាសគាំទ្រចំពោះវិធានការ នៃការអនុវត្តន៍ច្បាប់របស់រាជរដ្ឋាភិបាល គឺជាទង្វើត្រឹមត្រូវ ដែលអ្នកវិភាគសិទ្ធិមនុស្សមួយរូប ហ៊ានបង្ហាញកាពិត ទទួលស្គាល់ការពិត និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងជំងឺកូវីដ-១៩ នេះមានតម្លៃស្មើនឹងការផ្លាស់ប្តូរឥរិយាបទត្រូវពេលវេលា ដើម្បីរួមគ្នាបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ចៀសវាងការជាប់ពាក់ព័ន្ធជាមួយក្រុមជនដែលមានបំណងយាយី បំផ្លាញកម្ពុជា។
មួយកំផ្លៀងរបស់លោក អំ សំអាត មន្ត្រីសិទ្ធិមនុស្សទៅលើវិទ្យុអាស៊ីសេរី អាចជាការដាស់តឿនឱ្យវិទ្យុមួយនេះ គួរចេះខ្មាស់អៀននូវរាល់ការប្រឌិតព័ត៌មានកាត់តសម្លេង និងមួលបង្កាច់អំពីសភាពការណ៍ពិតនៅកម្ពុជា។
អត្ថបទដោយ៖ និស្សិតវិទ្យាសាស្ត្រនយោបាយកម្ពុជា ឆ្នាំទី២ (ភ្នំពេញ)