អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលព័ត៌មានក្លែងក្លាយដែលថា មានអាជីវករម្នាក់ស្លាប់ដោយសារកូវីដ-១៩ នៅផ្សារជម្ពូវ័ន
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយដែលថា មានអាជីវករលក់ទូរស័ព្ទនៅផ្សារជម្ពូវ័នម្នាក់ បានស្លាប់ដោយជំងឺកូវីដ-១៩។
ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពីមានជនអនាមិក បានបង្កើតសារសំឡេងមួយតាមបណ្តាញសង្គមថា មានអ្នកលក់ទូរស័ព្ទម្នាក់នៅផ្សារខាងលើនេះ បានស្លាប់ដោយសារឆ្លងជំងឺកូវីដ-១៩ ហើយបំភ្លៃទៀតថា អាជ្ញាធរបានបិទផ្សារជម្ពូវ័នជាដើម។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿ ព្រោះនេះជាសារសម្លេងប្រឌិតឡើងដោយចេតនាយ៉ាងពិតប្រាកដ ក្នុងការបង្កើតចលាចលក្នុងសង្គម ជាពិសេសនៅរាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវស្វែងរកជនបង្កនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
លោក ម៉េត មាសភក្ក្តី ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជៀសវាងចែកចាយដំណឹងដែលគ្មានប្រភពច្បាស់លាស់ បង្កើតឡើងដោយជនទុច្ចរិតតទៅទៀត។
ជាមួយគ្នានេះ គណៈកម្មការផ្សារជម្ពូវ័នបានបំភ្លឺអំពីរឿងនេះ ដូចខាងក្រោម៖
ខ្ញុំបាទប្រធានគណៈកម្មការផ្សារជម្ពូវ័នសូមច្រានចោលពាក្យចរចាមរ៉ាមថា នៅផ្សារជម្ពូវ័នមានករណីអ្នកលក់ទូរស័ព្ទស្លាប់ដោយជំងឺកូវិដ១៩ ហើយផ្សារបិទទាំងស្រុង នេះគឺជាព័ត៌មានមិនពិត មិនមានករណីស្លាប់ដោយការឆ្លងជំងឺកូវិដ១៩នោះទេ ហើយផ្សារនៅបើកលក់ជាធម្មតា។
ដូចនេះសារសំឡេងដែលត្រូវបានចែកចាយនៅតាម Messenger និង Telegram នោះគឺជាសារសំឡេងមិនពិត សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំ និងឈប់ចែកចាយនូវសំឡេងក្លែងក្លាយទាំងនោះ។