សម្តេចតេជោ ហ៊ុន សែន ប្រកាសត្រៀមបន្ទប់ជាង៣,០០០បន្ទប់ ដើម្បីត្រៀមដាក់ព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩
ស្របពេលដែលការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបានត្រៀមបន្ទប់ជាង៣,០០០បន្ទប់ នៅទូទាំងរាជធានី និងខេត្ត ដើម្បីដាក់ព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩។
ក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅទូទាំងប្រទេសមានគ្រូពេទ្យជាង២ម៉ឺននាក់ ប៉ុន្ដែក្នុងចំណោមគ្រូពេទ្យជាង២ម៉ឺននាក់នេះមានជាង២,០០០នាក់ ជាអ្នកប្រយុទ្ធនឹងជំងឺឆ្លងដែលបច្ចុប្បន្ននេះ ធ្វើការមិនតែជំងឺកូវីដ-១៩នោះទេ គឺត្រូវធ្វើជាមួយ ជំងឺផ្សេងទៀតដូចជា ដូចជាជំងឺគ្រុនផ្តាសសាយបក្សី និងជំងឺប្រភេទនេះប្រភេទនោះទៀត។ សម្ដេចតេជោបានបន្ដថា បូកបន្ថែមពីលើចំនួនគ្រូពេទ្យទាំងនេះ យើងក៏បានស្នើទៅកាន់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃរៀបចំគ្រូពេទ្យ និងទីកន្លែងសម្រាប់ព្យាបាលផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា «អីច្ចឹងទេបញ្ហាដែលជ្រើសរើសក្មួយៗមកនេះដើម្បីសំដៅដោះស្រាយបញ្ហាត្រៀមទុក និងអាចចាប់ផ្តើមដំណើរពីពេលឥឡូវផង ហើយយើងឃើញថាគ្រាន់តែបន្ទប់ត្រៀមបម្រុងបានកើនឡើងដល់ ៣,០០០បន្ទប់នៅទូទាំងប្រទេស»។
សម្ដេចតេជោបានលើកឡើងថា ពេលមានបទបញ្ជាយើងមានបន្ទប់ទាំងសណ្ឋាគារ សាលារៀន ដែលយកភាគច្រើននោះអន្ដេវាសិកដ្ឋាន និស្សិត ដែលធ្វើថ្មីៗ និងមានភ្លើង ទឹក ស្រាប់។ សម្ដេចតេជោបានបន្ថែមថា បើបូកសរុបបន្ទប់សម្រាប់ដាក់ព្យាបាលអ្នកឆ្លងជំងឺកូវីដ- ១៩ មានទាំងនៅរាជធានីភ្នំពេញ និងខេត្ដ គឺជាង៣,០០០បន្ទប់។ ដោយឡែកនៅភ្នំពេញ មានអតីតសណ្ឋាគារអាំងទែកង់ទីណង់តាល់ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និងមន្ទីពេទ្យព្រះកេតុមាលា។ សម្តេចតេជោបានបន្ថែមទៀតថា សម្រាប់ម្ចាស់សណ្ឋាគារអាំងទែកង់ទីណង់តាល់ មិនត្រូវបានយកថវិការពីរដ្ឋនោះទេ ដែលការធ្វើបែបនេះដើម្បីដោះស្រាយបញ្ហា នៃការកើនឡើងនូវជំងឺកូវីដ-១៩ ក្នុងប្រទេស។
សម្តេចតេជោក៏បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលរាយការណ៍ពីសម្ភារជាប្រចាំថ្ងៃ ដើម្បីត្រៀមធ្វើការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩៕