ខ្មែរប៉ុស្ដិ៍ Close

    លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ៖ ភាពទន់ភ្លន់របស់មន្ត្រីច្រកព្រំដែន ស្មើនឹងផ្ញើសារដ៏ល្អរបស់កម្ពុជា ទៅកាន់ជនបរទេស

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1285
    លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ៖ ភាពទន់ភ្លន់របស់មន្ត្រីច្រកព្រំដែន ស្មើនឹងផ្ញើសារដ៏ល្អរបស់កម្ពុជា ទៅកាន់ជនបរទេសលោកឧបនាយករដ្ឋមន្រ្ដី ស ខេង ៖ ភាពទន់ភ្លន់របស់មន្ត្រីច្រកព្រំដែន ស្មើនឹងផ្ញើសារដ៏ល្អរបស់កម្ពុជា ទៅកាន់ជនបរទេស

    លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការផ្តល់ស្នាមញញឹម និងកាយវិការទន់ភ្លន់ ប្រកបដោយភាពរាក់ទាក់របស់ មន្ត្រីតាមច្រកព្រំដែន ស្មើនឹងផ្ញើសារដ៏ល្អរបស់កម្ពុជា ទៅកាន់ជនបរទេសជាច្រើន។

    ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានប្រកាសគាំទ្រពេញទំហឹងចំពោះគោលការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលណែនាំឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍គ្រប់រូប អនុវត្តនូវពាក្យស្លោក “ផ្តល់សេវាដោយស្នាមញញឹម” ។

    លោកឧបនាយករដ្ឋមន្ដ្រី យល់ឃើញថា នេះជាការចូលរួមយ៉ាងប្រពៃក្នុងការអនុវត្តគោលនយោបាយស្រូបទាញអ្នកទេសចររបស់ជាតិ និងអន្ដរជាតិ ព្រមទាំងស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័នបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋបានលឿនរហ័ស និងប្រកបដោយតម្លាភាព ។

    លោកឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា “នៅក្នុងសកម្មភាពជាក់ស្តែង ការផ្តល់ស្នាមញញឹម និងកាយវិការទន់ភ្លន់ប្រកបដោយភាពរាក់ទាក់របស់បងប្អូន ជាពិសេសមន្ត្រីដែលធ្វើការនៅតាមច្រកទ្វារ គឺមានន័យស្មើនឹង ការផ្ញើសារដ៏ល្អ របស់កម្ពុជាទៅកាន់ជនបរទេសជាច្រើនទៀត ដែលសារនោះ នឹងជួយអន្ទងឱ្យពួកគេចង់មកឃើញមកស្គាល់មកទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជាយើង”។

    លោកឧបនាយករដ្ឋមន្ដ្រី ណែនាំ ដល់មន្រ្តីនគរបាល ត្រូវបន្តលើកកម្ពស់តួនាទីជាកងកម្លាំងជួរមុខរបស់ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ក្នុងការបង្ការ រារាំងសមាសភាពអាក្រក់មិនទុកឱ្យពួក ភេរវកម្ម មានលទ្ធភាពយកកម្ពុជាធ្វើជាទីជម្រក ដើម្បីលាក់ខ្លួនចាត់តាំងសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ ឬគេចពីសំណាញ់ច្បាប់ នៅប្រទេសក្រៅ ។

    ឆ្លៀតឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ក៏បានផ្ដាំផ្ញើទៅមន្ត្រីនគរបាលច្រកទ្វារ ក្នុងការត្រួតពិនិត្យអ្នកដំណើរចេញ-ចូល ការស្វែងរកឯកសារមិនប្រក្រតី និងបណ្តាមុខសញ្ញាផ្សេងៗក្នុងបញ្ជីខ្មៅអន្តោប្រវេសន៍ ដើម្បីវិនិច្ឆ័យ ដោះស្រាយប្រកបដោយប្រសិទ្ធភាព ជាមួយនេះ ត្រូវលើកកម្ពស់ការប្រើប្រាស់ និងការថែទាំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងបំពាក់ជូនឱ្យបានល្អប្រសើរ និងអស់លទ្ធភាព ដើម្បីមានទិន្ន័យគ្រប់គ្រាន់សម្រាប់ការវិភាគ តាមដាន និងការដាក់ចេញនូវវិធានការចាំចាច់នានា ទៅតាមសំណូមពរការងារជាក់ស្តែង ៕

    អត្ថបទទាក់ទង