អ្នកជំនាញឆ្លើយតបទៅនឹងចម្ងល់ ១០ចំណុចអំពីកូវីដ-១៩ ដែលកំពុងធ្វើអោយមហាជនជ្រួលច្របល់នៅលើបណ្ដាញសង្គម
លោកវេជ្ជបណ្ឌិត Faheem Younus ឯកទេសជំងឺឆ្លងនៃសាកលវិទ្យាល័យម៉ារីលែន សហរដ្ឋអាមេរិកបានឆ្លើយតបទៅនឹងចម្ងល់ ១០ចំណុចអំពីកូវីដ-១៩ ដែលមហាជនកំពុងតែជ្រួលច្របល់នៅទូទាំងបណ្ដាញសង្គមសកលលោក។ ខាងក្រោមនេះជាចម្ងល់ទាំង១០ រួមនឹងចម្លើយរបស់លោក៖
១. ចម្ងល់ទី១ ~ វីរុសកូរ៉ូណានឹងបាត់ទៅវិញនៅរដូវក្ដៅខាងមុខ
ចម្លើយ៖ ខុស! ជម្ងឺរាតត្បាតជាសកលពីមុនពុំបានសម្របទៅនឹងការផ្លាស់ប្ដូររដូវកាលនោះទេ ខណៈពេលដែលយើងនឹងទទួលរដូវក្ដៅ នៅឯភាគខាងត្បូងឯណោះវិញនឹងទទួលរដូវរងារម្ដង។ វីរុសរាតត្បាតគឺជាសាកល មិនចំពោះតែប្រទេស ឬតំប់នណាមួយនោះទេ។
២. ចម្ងល់ទី២ ~ នៅរដូវក្ដៅ វីរុសនឹងរាតត្បាតកាន់តែខ្លាំងដោយសារមូសខាំ
ចម្លើយ៖ ខុស! ការចម្លងនេះកើតឡើងតែតាមដំណក់ទឹកដែលចេញតាមផ្លូវដង្ហើមប៉ុណ្ណោះ មិនមែនឈាមនោះទេ។ មូសមិនធ្វើអោយវីរុសនេះរាតត្បាតកាន់តែខ្លាំងនោះទេ។
៣. ចម្ងល់ទី៣ ~ ប្រសិនបើអ្នកអាចទប់មិនដកដង្ហើមក្នុងរយៈពេល ១០វិនាទីដោយមិនមានបញ្ហា នោះបញ្ជាក់ថាអ្នកមិនមានឆ្លងកូវីដ-១៩នោះទេ
ចម្លើយ៖ ខុស! មនុស្សក្មេងៗភាគច្រើនដែលឆ្លងជំងឺកូរ៉ូណាប្រភេទថ្មីនេះ អាចទប់មិនដកដង្ហើមបានលើសពី ១០វិនាទីនេះទៅទៀត។ ផ្ទុយទៅវិញ មនុស្សចាស់ភាគច្រើនដែលពុំមានឆ្លងវីរុសនេះ ពុំអាចមានលទ្ធភាពទប់មិនដកដង្ហើមបានដល់ ១០វិនាទីទេ។
៤. ចម្ងល់ទី៤ ~ ដោយសារការធ្វើតេស្តរកកូវីដ-១៩ មិនអាចធ្វើដោយខ្លួនឯងបាន យើងគួរបរិច្ចាគឈាម ព្រោះបុគ្គលិកបរិច្ចាគគេនឹងធ្វើតេស្ត
ចម្លើយ៖ ពុំមានការធ្វើតេស្តរកកូវីដ-១៩ តាមរយៈការបរិច្ចាគឈាមនោះឡើយ។ ការបរិច្ចាគឈាមគឺជាធ្វើដោយគោលការណ៍ស្ម័គ្រចិត្ត។
៥. ចម្ងល់ទី៥ ~ វីរុសកូរ៉ូណាអាចរស់នៅក្នុងបំពង់ករបស់មនុស្ស ដូចនេះគួរផឹកទឹកអោយបានច្រើនដើម្បីរុញវាទម្លាក់ទៅក្នុងក្រពះ ដែលអាស៊ីដក្រពះអាចសម្លាប់វាបាន
ចម្លើយ៖ វីរុសអាចឆ្លងកាត់ខ្លួនប្រាណមនុស្សតាមរយៈបំពង់ក ប៉ុន្តែវាអាចជ្រៀតចូលទៅក្នុងកោសិការបស់មនុស្សនោះ ដែលគេមិនអាចរុញវាចុះតាមរយៈទឹកបានឡើយ។ ការទទួលទានទឹកកាន់តែច្រើន វាគ្រាន់តែធ្វើអោយយើងឧស្សាហ៍ចូលបន្ទប់ទឹកតែប៉ុណ្ណោះ។
៦. ចម្ងល់ទី៦ ~ ការរក្សាគម្លាតអោយឆ្ងាយពីគ្នាគឺជាការឆ្លើយតបដ៏ហួសហេតុទៅនឹងការឆ្លង។ អ្នកនឹងឃើញថាវីរុសកូវីដមិនបានធ្វើអោយខូចខាតអ្វីធំដុំនោះទេ
ចម្លើយ៖ ប្រសិនបើយើងមិនឃើញមានការឆ្លងពីការរក្សាគម្លាតពីគ្នានេះ (សង្ឈឹមអញ្ចឹងទៅចុះ) នោះវានឹងពិតជាបង្ហាញថា ការរក្សាគម្លាតអោយឆ្ងាយពីគ្នាពិតជាវិធីសាស្ត្រដែលត្រឹមត្រូវ។ យើងមិនគួរមើលស្រាលលើវីរុសកូវីដ-១៩នេះនោះទេ។
៧. ចម្ងល់ទី៧ ~ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង ៣ម៉ឺននាក់ជារៀងរាល់ឆ្នាំ ដូចនេះមិនគួរមានការបារម្ភជ្រុលលើកូវីដ-១៩នោះទេ
ចម្លើយ៖ គ្រោះថ្នាក់ចរាចរណ៍គឺជារឿងដែលមិនឆ្លងរាតត្បាតនោះទេ។ ការស្លាប់ពីគ្រោះថ្នាក់ចរាចរណ៍មិនបានកើនឡើងទ្វេរដងក្នុងរយៈពេល ៣ថ្ងៃនោះទេ ហើយវាក៏បានធ្វើអោយមហាជនមានការតក់ស្លុតខ្លាំង ឬក៏បញ្ហាសេដ្ឋកិច្ចនោះដែរ។
៨. ចម្ងល់ទី៨ ~ ឧបករណ៍សម្រាប់ធ្វើអនាម័យដៃគ្រាន់បើជាងសាប៊ូលាងដៃនិងទឹក
ចម្លើយ៖ ខុស! សាប៊ូលាងដៃនិងទឹក ពិតជាអាចសម្លាប់ និងលាងសម្អាតនូវវីរុសនានាចេញពីស្បែករបស់យើង (មេរោគពុំអាចមានលទ្ធភាពជ្រៀតចូលស្បែករបស់យើងនោះទេ) ថែមទាំងអាចលាងសម្អាតធូលីដែលយើងអាចមើលឃើញចេញពីដៃរបស់យើងបានផងដែរ។ សូមកុំបារម្ភអោយសោះ ប្រសិនបើឧបករណ៍ទាំងនោះអស់ពីស្តុក។
៩. ចម្ងល់ទី៩ ~ មធ្យោបាយដ៏ល្អបំផុតមួយក្នុងការកម្ចាត់វីរុសកូវីដ-១៩ គឺការសម្អាតនូវរាល់បង្កាន់ដៃទ្វារបង្អួចនៅក្នុងផ្ទះរបស់យើង
ចម្លើយ៖ ខុស! ការលាងដៃ និងការរក្សាគម្លាតពីអ្នកដទៃចំនួន ៦ហ្វ៊ីត (២ម៉ែត្រ) គឺជាការអនុវត្តដ៏ត្រឹមត្រូវ។ វិធានការនេះចាំបាច់តែពេលដែលយើងមានអ្នកជំងឺនៅផ្ទះដែលឆ្លងកូវីដ-១៩ ពុំនោះទេ បរិស្ថាននៅជុំវិញផ្ទះរបស់អ្នកមិនគួរជាទីកន្លែងដែលគ្រោះថ្នាក់នោះទេ។
១០. ចម្ងល់ទី១០ ~ វីរុសកូវីដ-១៩ ត្រូវបានរាតត្បាតដោយ (អាស្រ័យលើទំនោរនយោបាយរបស់អ្នក) យោធាសហរដ្ឋអាមេរិក ឬយោធាចិន
ចម្លើយ៖ ពិតជាអញ្ចឹងមែនទេ?
លោកវេជ្ជបណ្ឌិតបញ្ចប់ការឆ្លើយតបរបស់លោកតែត្រឹមប៉ុណ្ណេះ។ លោកជូនពរអោយគ្រប់គ្នាមានសុខភាពល្អ ចេះយកអាសារគ្នា និងត្រូវមានភាពស្មោះត្រង់រវាងគ្នានិងគ្នា៕