ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលប្ដេជ្ញាសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយរីករាលដាលនៅក្នុងសហគមន៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 44
ក្រសួងសុខាភិបាលប្ដេជ្ញាសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយរីករាលដាលនៅក្នុងសហគមន៍ ក្រសួងសុខាភិបាលប្ដេជ្ញាសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយរីករាលដាលនៅក្នុងសហគមន៍

លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះថា ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ បន្ទាប់ពីករណីជំងឺកូវីដ-១៩ បានបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលគិតមកត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ករណីសរុបគឺមានចំនួន៣៥នាក់ហើយ។

លោកបានបញ្ជាក់ថា «គិតត្រឹមម៉ោង១១៖២០នាទីព្រឹកនេះ យើងពុំទាន់រកឃើញភស្តុតាងដែលបញ្ជាក់ថា មានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ប៉ុន្តែលទ្ធភាពនឹងអាចកើតមាន ដោយសារមានខ្មែរឥស្លាមយើង ដែលបានវិលត្រឡប់ពីពិធីសាសនាមួយនៅប្រទេសម៉ាឡេស៊ី ហើយបានចូលរួមពិធីសាសនាផ្សេងៗនៅក្នុងសហគមន៍របស់គាត់ និងការធ្វើដំណើពីកន្លែងមួយទៅកន្លែងមួយ ដែលនេះហើយគឺជាលទ្ធភាពនៃការឆ្លងទៅក្នុងសហគមន៍របស់គាត់ ហើយក្នុងលក្ខខណ្ឌនេះហើយទើបមន្ត្រីជំនាញរបស់យើង នឹងព្យាយាមទប់ស្កាត់ឱ្យខានតែបាន ដោយធ្វើការតាមដានករណីនេះ២៤ម៉ោងលើ២៤ម៉ោង»

លោកក៏បានស្នើសុំ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលមានសំនួរ ឬចម្ងល់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ សូមមេត្តាទូរស័ព្ទទៅលេខ ១១៥ ចៀសវៀងការខលទៅកាន់លេខបុគ្គល និងសំណូមពរឱ្យអ្នកដែលបានទូរស័ព្ទទៅលេខ ១១៥ គឺទូរស័ព្ទតែពេលមានចម្ងល់ ឬសំនួរពាក់ព័ន្ធនឹងកូវីដ-១៩ប៉ុណ្ណោះ ព្រោះរហូតមកទល់ពេលនេះមានការទូរស័ព្ទចូលរបៀបលេងសើចខ្លះៗ ដែលបណ្តាលឱ្យមានការរំខានដល់មន្ត្រីប្រចាំការ ដែលកំពុងតែមមាញឹកបំពេញការងារបន្ទាន់នេះ និងធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃទៀតដែលមានបំណងសួរ និងមានចម្ងល់ពិតប្រាកដ។

គួររំលឹកថា ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៣៥នាក់នេះ គឺមានជនជាតិខ្មែរ ចិន អង់គ្លេស កាណាដា ប៊ែលហ្សិក បារាំង និងម៉ាឡេស៊ី។

AKP

អត្ថបទទាក់ទង