ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះការពុលស្រា ឬចំណីអាហារ ក្នុងពិធីសែនដូនតាផ្សេងៗ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 43

ក្រសួងសុខាភិបាល បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះការពុលស្រា ឬចំណីអាហារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីសែនដូនតាផ្សេងៗ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងសុខាភិបាល នៅមានការបារម្ភអំពីឱកាសផ្ទុះជំងឺឆ្លងផ្សេងៗទៀត ដូចជា ការពុលចំណីអាហារ ការពុលស្រា ដែលជាបញ្ហាតែងតែកើតមានឡើង នៅតាមទីកន្លែងនិងក្នុងក្រុមមនុស្សមួយចំនួន នៅតាមភូមិ ឃុំ ស្រុក ខណ្ឌ រាជធានី ក្នុងប្រទេសកម្ពុជា ជាពិសេសនៅពេលមានពិធីផ្សេងៗ និង ការដើរលេងកម្សាន្តនៅតាមទីកន្លែងនានា ដែលបណ្តាលមកពីខ្វះការប្រុងប្រយ័ត្ន និងការការពារសុខភាពរបស់បុគ្គល។

ក្រសួងសុខាភិបាល សូមលើកទឹកចិត្តគ្រប់ៗគ្នាឱ្យចូលរួមអនុវត្ត នូវវិធានការប្រុងប្រយ័ត្នរួមទាំងការការពារផ្ទាល់ខ្លួន និង ក្រុមគ្រួសាររបស់ខ្លួនក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេននានា ដើម្បីចៀសផុតពីបញ្ហា ពុលចំណីអាហារ ឬពុលស្រាផងដែរ។ ជាមួយគ្នានោះដែរ ក្រសួងក៏បានលើកឡើងថា ចៀសវាងការពុលស្រា ដោយកុំ ពិសាស្រាដែលបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ ហាមដាច់ខាតកុំយកសារ ធាតុមេតាណុល លាយធ្វើស្រាស ដែលបង្កឱ្យពុល និងស្លាប់បាត់បង់ជីវិត។អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខ័ណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំង កម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ ការលក់ស្រាបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋចៀសវាង យកសារធាតុមេតាណុលលាយស្រាស ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត។

ក្រសួងបានបន្តថា បើមានបញ្ហានៃការពុលអាហារ ឬមានរោគសញ្ញា ដូចជាឈឺក្បាល ក្អួត, ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យ និងព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាព ឬ ទៅមន្ទីរពេទ្យដែលនៅ ជិតផ្ទះរបស់លោកអ្នក៕

អត្ថបទទាក់ទង