ខ្មែរប៉ុស្ដិ៍ Close

អង្គព្រះមហាក្សត្រតែងតាំងជនជាតិអៀរឡង់ម្នាក់ជាព្រះរាជអាជ្ញាបម្រុងថ្មីនៅសាលាក្តីខ្មែរក្រហម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ ឯកសារ 15
អង្គព្រះមហាក្សត្រតែងតាំងជនជាតិអៀរឡង់ម្នាក់ជាព្រះរាជអាជ្ញាបម្រុងថ្មីនៅសាលាក្តីខ្មែរក្រហម អង្គព្រះមហាក្សត្រតែងតាំងជនជាតិអៀរឡង់ម្នាក់ជាព្រះរាជអាជ្ញាបម្រុងថ្មីនៅសាលាក្តីខ្មែរក្រហម

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហឫទ័យយល់ព្រមតែងតាំងជនជាតិអៀរឡង់ម្នាក់ជាព្រះរាជអាជ្ញាបម្រុងថ្មីនៅសាលាក្តីខ្មែរក្រហម បន្ទាប់ពីមានការស្នើពីឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ។

សេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្តីខ្មែរក្រហម នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា លោក Feral GAYNOR ជនជាតិអៀរឡង់ ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញាបម្រុងថ្មីនៅសាលាក្តីខ្មែរក្រហម គឺជាបុគ្គលដែលបានបំពេញការងារជាមេធាវីជំនុំជម្រះក្នុងការិយាល័យរដ្ឋអាជ្ញានៅតុលាការព្រហ្មទណ្ឌអន្តរជាតិ សម្រាប់ប្រទេសរវ៉ាន់ដា និងជាតុលាការព្រហ្មទណ្ឌអន្តរជាតិ សម្រាប់អតីតប្រទេសយូហ្គោស្លាវី ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣ មុនពេលបំពេញការងារជាជំនួយការជាន់ខ្ពស់សហព្រះរាជ្ញានៅសាលាក្តីខ្មែរក្រហម ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦។

ជាមួយគ្នានេះ លោកក៏ធ្លាប់បំពេញការងារជាមេធាវីនាំមុខតំណាងជនរងគ្រោះនៅតុលាការទណ្ឌអន្តរជាតិ(ICC)ក្នុងសំណុំរឿងប្រឆាំងនឹងប្រធានាធិបតីប្រទេសកេនយ៉ា ចាប់ពីឆ្នាំ២០១២មក និងតំណាងជនរងគ្រោះមួយក្រុមនៅក្នុងស្ថានភាពនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ចាប់ពីឆ្នាំ២០១៩មក ដែលបច្ចុប្បន្ន កំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់តុលាការទណ្ឌអន្តរជាតិ(ICC)។

លោក Gaynor ទទួលបានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រពីមហាវិទ្យាល័យ Trinity College Dublin និងសញ្ញាបត្រអនុបណ្ឌិតទស្សនវិជ្ជាពីសាកលវិទ្យាល័យ Cambridge។ គាត់ ក៏ជាសមាជិកគណៈមេធាវីប្រទេសអៀរឡង់ និងជាសមាជិកគណៈកម្មាធិការនិពន្ធនាយកនៃព្រឹត្តប័ត្រ Joumal of International Criminal Justice៕