លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជា ត្រៀមថវិកាពី ៨០០ ទៅ ២០០០ លានដុល្លារ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជា ត្រៀមថវិកាពី ៨០០ ទៅ ២០០០ លានដុល្លារ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាបម្រុងប្រមាណពី ៨០០ ទៅ ២០០០ លានដុល្លារអាមេរិក សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
លោកបានលើកឡើងដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាប័ត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣៤៥៨នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី បានសុំឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេករហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯងដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួន។ បងប្អូនមានសេចក្តីក្លាហាន និងមានការពិចារណាអោយបានល្អិតល្អន់ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានានារួមទាំងបញ្ហាជំងឺឆ្លងកូវីឌ-១៩ នេះផងដែរ។
លោកបានណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើបងប្អូនមានអាការៈសុខភាពខុសពីប្រក្រតីដូចជាអាការៈក្តៅខ្លួនខ្លាំងជាប្រចាំ ឬមានក្អកខ្លាំងជាប្រចាំ សូមទៅជួបពិភាក្សាពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ មិនត្រូវលាក់ទុកទេ។ ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋត្រូវតែសហការអោយបានល្អជាមួយមន្ទីរពេទ្យដែលកំពុងរង់ចាំបម្រើបងប្អូន៕



