លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅកូរ៉េខាងត្បូង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដែលអញ្ជើញអមដំណើរលោកនាយករដ្ឋមន្ត្រី ចេញទៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃនេះ រួមមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងកំឡុងពេលស្នាក់នៅកូរ៉េខាងត្បូងនេះ លោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ លោកនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយ លោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ។
កិច្ចប្រជុំកំពូលពិភពលោក លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ លើមូលបទរបស់កិច្ចប្រជុំកំពូលស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយនឹងឥស្សរជនបរទេសមួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល។
សូមបញ្ជាក់ថា អង្គការ UPF ជាបណ្តាញអន្តរជាតិ-អន្តរសាសនានៃក្រុមបុគ្គលក៏ដូចជាស្ថាប័ន រួមមានអ្នកតំណាងមកពីសាសនាផ្សេងៗ មកពីរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនទាំងឡាយ ដែលមានគោលដៅខិតខំប្រឹងប្រែងកសាងសន្តិភាពសម្រាប់ពិភពលោក។ អង្គការ UPF ត្រូវបានបង្កើតឡើងដោយលោក Sun Myung Moon និងភរិយារបស់គាត់ គឺលោកស្រី Dr. Hak Ja Han Moon នៅឆ្នាំ២០០៥ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ។
ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល ដែលមានឋានៈពិសេសក្នុងការប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិនោះ UPF គាំទ្រដល់កិច្ចការងារនានារបស់អង្គការសហប្រជាជាតិ ពិសេសក្នុងផ្នែកកសាងសន្តិភាពបែបចម្រុះសាសនា ការអប់រំអំពីសន្តិភាព ព្រមទាំងការពង្រឹងចំណងអាពាហ៍ពិពាហ៍ និងគ្រួសារជាដើម។
នៅក្នុងដំណើរអញ្ជើញទៅកូរ៉េខាងត្បូងនេះ លោកនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូងផងដែរ។
តាមរយៈដំណើរបំពេញទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះ ត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាការរួមចំណែកថ្មីមួយ ដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង។