កម្ពុជាបានធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្ដីពីការអប់រំឆ្នាំ២០៣០ ឆ្ពោះទៅធានាគុណភាពអប់រំប្រកបដោយបរិយាប័ន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិត
ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពទីមួយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងពីការប្ដេជ្ញាសម្រេចឱ្យបាននូវការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការទាញយកប្រយោជន៍ពីកាលានុវត្តភាពនៅក្នុងតំបន់ ការចាប់យកបច្ចេកវិទ្យា និងឱកាសថ្មីៗព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព។
ក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ នៅថ្ងៃសុក្រទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាបានធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្ដីពីការអប់រំ ឆ្នាំ២០៣០ ឆ្ពោះទៅធានាគុណភាពអប់រំប្រកបដោយបរិយាប័ន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសំដៅធានាធានានូវសិទ្ធិ សេរីភាព និងសុភមង្គលសម្រាប់ បុគ្គល គ្រួសារ និងសង្គមជាតិ។ ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយរាល់បញ្ហា និងសំណូមពរទាំងឡាយដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា បង្កើតធនធានមនុស្ស និងមូលធនបញ្ញា ទាំងអ្នកសិក្សា និងគ្រូបង្រៀនប្រកបដោយគុណភាព សមត្ថភាព ស្របតាមនិន្នាការរីកចម្រើន និងបទដ្ឋានអប់រំនៅក្នុងតំបន់ និងពិភពលោក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរម្លឹកថា ក្នុងរយៈពេល ២ទសវត្សចុងក្រោយនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ តាមរយៈការអនុវត្តនយោបាយ «ឈ្នះ-ឈ្នះ» កម្ពុជា សម្រេចបាននូវការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។ លោក បានលើកឡើងថា បច្ចុប្បន្នសុខសន្តិភាពបានគ្របដណ្ដប់ពេញផ្ទៃប្រទេស កម្ពុជាមានហេរដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពានតភ្ជាប់គ្នាខ្វាត់ខ្វែង គ្រប់ច្រកល្ហក ប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ មានសិទ្ធិសេរីភាពជួបជុំក្រុមគ្រួសារដើរលេងកម្សាន្តទាំងក្នុង និងក្រៅប្រទេសហើយ បានចូលរួមប្រារព្ធគ្រប់ពិធីបុណ្យជាតិបានយ៉ាងទូលំទូលាយជាមួយនឹងភាពសប្បាយរីករាយជាមួយក្រុមគ្រួសារ និងញាតិមិត្តប្រកបដោយសុវត្ថិភាព និងភាពសុខដុមរមនាគ្រប់ជាតិសាសន៍នៅទូទាំងប្រទេស។ ពេលនេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចបន្តទៀតដើម្បីឱ្យកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅ ឆ្នាំ២០៥០។ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ត្រូវនាំកូនចៅទៅចុះឈ្មោះចូលរៀននៅដើមបវេសនកាលឆ្នាំសិក្សាថ្មីនេះឱ្យបានគ្រប់ៗគ្នា និងត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនចៅឱ្យបានជាប្រចាំ។
ជាមួយគ្នានេះ សូមបង្កើតបរិយាកាសល្អក្នុងក្រុមគ្រួសារ ក៏ដូចជាការផ្តល់ដំបូន្មានដល់កូនចៅ ទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីជួយឱ្យពួកគេក្លាយជាធនធានមនុស្សពោរ ពេញដោយសមត្ថភាព ទេពកោល្យ ព្រមទាំងទទួលបានសម្បទាសម្រាប់ការចាប់យកវិជ្ជា បំ ណិន និងចរិយាឈានទៅកសាងអនាគតដ៏រុងរឿង ស័ក្តិសមជាកុលបុត្រខ្មែរ និងជាសសរទ្រូងនៃប្រទេសជាតិយើង។ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងសប្បុរសជន ទាំងក្នុង និង ក្រៅប្រទេសត្រូវរួមគ្នាយកចិត្តទុកដាក់ចូលរួមគាំទ្របន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការគាំទ្រផ្សេងៗទៀតតាមគ្រប់លទ្ធភាព។ លើសពីនេះ ទៀតត្រូវបង្កលក្ខណៈដល់សិស្ស និងយុវជនដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សាឱ្យមានឱកាសបានការរៀនសូត្រជាថ្មីជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់សិស្ស និងយុវជនដែលមានពិការភាឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រយ៉ាងតិច៩ឆ្នាំ និងគាំទ្រឱ្យពួកគេបានបន្តរៀនសូត្រចប់ភូមិសិក្សានិងរហូតដល់ចប់កម្រិតឧត្តមសិក្សាប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
ក្រៅពីនេះ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលត្រូវរួមគ្នាបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូកាន់តែរឹងមាំនិងមានប្រសិទ្ធភាពថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់សិស្សជួបការលំបាក និងកម្មវិធីអប់រំនានាដែលស្ថិតនៅតំបន់ដាច់ស្រយាលនិងកន្លែងដែលសេវាអប់រំពិបាកទៅដល់។ ជាងនេះទៀត ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅកម្ពុជា រួមមាន វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្ដី ព្រឹត្តិបត្រព័ត៌មានរបស់រដ្ឋ និងឯកជនត្រូវរួមគ្នាជួយផ្សព្វផ្សាយនិងបញ្ជ្រាបឱ្យបានកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំ ព្រមទាំងអំពាវនាវដល់មាតាបិតា អាណាព្យាបាល សិស្ស និងអ្នកពាក់ព័ន្ធបានជ្រាបចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជានិងនាំកូនដល់អាយុមក ចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា៕