ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២
នៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌»។
ភ្ជាប់នឹងការប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅរសៀលថ្ងៃនេះ ក៏បានរៀបចំពិធីបិទមហោស្រពសិល្បៈយុវជនទូទាំង ប្រទេសលើកទី៦ និងការពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីផងដែរ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា៖
- សម្តេចតេជោ ហ៊ុន សែន សូមឧទ្ទិស «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២២» ចំពោះគុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់។
- សម្តេចតេជោ ហ៊ុន សែន សូមឱ្យទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរ គ្រប់ៗរូប ជាមួយនឹងមនសិការ ស្នេហាជាតិ និងស្មារតី ស្រឡាញ់សិល្បៈវប្បធម៌ជាតិ។
- សម្តេចតេជោ ហ៊ុន សែន សូមឱ្យមានសាមគ្គីផ្ទៃក្នុងល្អ និងកិច្ចសហការជួយគ្នា ទៅវិញទៅមក ក្នុងចំណោមយុវជនកម្ពុជាដែលជាអ្នកបន្តវេន ជាមួយនឹងស្មារតី ទទួល ខុសត្រូវខ្ពស់ ថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិកម្ពុជាឱ្យ បានស្ថិតស្ថេរគង់វង្ស ជារៀងរហូត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ គណៈកម្មការ អន្តរក្រសួង ក៏ដូចជាក្រុមការងារទាំងអស់ ដែលបាន ខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងសកម្មរៀបចំព្រឹត្តិការណ៍វប្បធម៌ជាតិ ជារៀងរាល់ឆ្នាំ រួមជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗ រំលេចនូវស្នាដៃ បុព្វបុរសខ្មែរដែលបាន បន្សល់នូវ ស្នាដៃវប្បធម៌ដ៏សម្បូរបែបដែល ជាមរតកមានតម្លៃមិនឤចកាត់ថ្លៃបានសម្រាប់ កូនចៅជំនាន់ ក្រោយ ។
- សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះឤជ្ញាធរដែនដី រាជធានី-ខេត្ត ដែលបានផ្តល់ការ គាំទ្រតាមរយៈគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រុមសិល្បៈយុវជនទាំង ២៥ រាជធានី- ខេត្ត ព្រមទាំងនិស្សិតមកពីសកលវិទ្យាល័យនីមួយៗសរុប ៧២៥ នាក់ បានចូលរួម ប្រកួតប្រជែងស្នាដៃសិល្បៈនិងចំណេះដឹងផ្នែកវប្បធម៌ ហើយក៏សូមចូលរួមអបអរសាទរ ចំពោះ ក្មួយៗ ដែលទទួលបាន ជ័យលាភីពីកម្មវិធីប្រកួតប្រជែងដែលបានរៀបចំនៅក្នុង «មហោស្រព សិល្បៈ យុវជនទូទាំងប្រទេសឆ្នាំទី ៦» និងក្នុង «កម្មវិធី ប្រកួតប្រជែងសមត្ថភាពចំណេះ ដឹងផ្នែកវប្បធម៌» ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បាវចនា «អរគុណសន្តិភាព» និងការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ជាប់ៗគ្នាក្នុងរយៈពេល ២ទសវត្សរ៍ ចុងក្រោយនេះ ធ្វើឱ្យវិស័យវប្បធម៌មានការអភិវឌ្ឍរីក ចម្រើន យ៉ាងឆាប់រហ័សគួរជាទីមោទនៈ។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការប្រារព្ធទិវាវប្បធម៌ជាតិ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង២០ឆ្នាំ កន្លងមកនេះ បានឆ្លុះបញ្ចាំងអំពីឤរ្យធម៌ដ៏រុងរឿងនៃមហានគរខ្មែរនាសម័យអង្គរ។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការអបអរនិងការរំលឹកគុណូបការៈបុព្វបុរសខ្មែរ ក្នុងទិវាវប្បធម៌ជាតិ គឺជាយន្តការជំរុញឱ្យមានការផ្ទេរចំណេះ ដឹងនិងជំនាញបច្ចេកទេសផ្នែកសិល្បៈវប្បធម៌ បណ្តុះភាពក្លាហាន មនសិការស្រឡាញ់សិល្បៈវប្បធម៌ជាតិដល់ជនរួមជាតិគ្រប់ៗរូប។
- សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ណែនាំចំនួន៩ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធអនុវត្តន៍ ដើម្បីបន្តការងារអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិរូបី និង អរូបីប្រកបដោយតម្លាភាព។ អនុសាសន៍ណែនាំទាំង៩នោះរួមមាន៖
- ទី១៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ត្រូវបន្តយក ចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់ បទល្មើសឱ្យបានទាន់ ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនៅតាម ទីតាំងតំបន់ ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសា្រស្ត វត្តឤរាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានឤយុកាលរាប់រយឆ្នាំនៅតាម មូលដ្ឋាននៅ ទូទាំងប្រទេស ។ ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើភណ្ឌគ្រប់ទីតាំងនៃ បេតិកភណ្ឌរូបី ទាំងនោះឱ្យបានសព្វគ្រប់ ដើម្បីចៀសវាងការ រំលោភបំពាន ហើយត្រូវបន្តទាមទារយកមកវិញ នូវបដិមានានា របស់ជាតិ ដែលបានបាត់បង់កន្លងមកក្នុងអំឡុងសម័យសង្គ្រាម ។
- ទី២៖ ត្រូវរួមគ្នាបន្តការងារអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី ទាំងឡាយរបស់ជាតិ ដែលបាន បាត់បង់ និងត្រូវយកចិត្តទុកដាក់ ស្វែងរកមរតកមនុស្សរស់ បន្ថែមទៀត ដែលជាឃ្លាំង ចំណេះដឹង ក្នុងការបន្តវេនទៅយុវជនជំនាន់ក្រោយ ។
- ទី៣៖ ត្រូវបន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ ធ្វើការផ្សព្វផ្សាយនូវសក្តានុពល ទេសចរណ៍វប្បធម៌ជាតិ ឱ្យបាន កាន់តែទូលំទូលាយក្នុងគ្រប់រូបភាពសម្រាប់ទេសចរជាតិ និង អន្តរជាតិ ដើម្បីលើកតម្លៃវប្បធម៌ជាតិ រួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ និងកាត់បន្ថយ ភាពក្រីក្រ ។
- ទី៤៖ ខ្ញុំសូមគាំទ្រចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង ព័ត៌មាន ដែលបានធ្វើឱ្យវិស័យ ភាពយន្តភាគខ្មែរបាននិងកំពុងមានភាពរីកចម្រើន គួរឱ្យកត់ សម្គាល់ តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាព- យន្តភាគខ្មែរនាពេល កន្លងមក ។ ជាមួយគ្នានេះ ឤជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ត្រូវសហការជួយសម្រួលផ្តល់ទីតាំង ក្នុងដែនដី របស់ខ្លួន ដើម្បីសម្រួលដំណើរការនៃការថត និងផលិតខ្សែភាព- យន្តគ្រប់ប្រភេទ ។
- ទី៥៖ ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បំផុសសកម្មភាពគ្រប់ស្ថានទូត និង ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេសរៀបចំព្រឹត្តិការណ៍ វប្បធម៌ ខ្មែរឱ្យបានទៀងទាត់ ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការពង្រឹង នយោបាយវប្បធម៌ការទូតូ ហើយត្រូវបំផុស ឱ្យសហគមន៍ខ្មែរនៅបរទេសចូលរួមរៀបចំកម្មវិធី ទិវាវប្បធម៌ជាតិ ឱ្យបានអធិកអធម និងទូលំទូលាយ ។
- ទី៦៖ ត្រូវរួមគ្នាសហការយ៉ាងជិតស្និទ្ធជាមួយឤជ្ញាធរដែនដី តាមមូលដ្ឋាននានា ថែរក្សា ការពារនូវប្រពៃណី ទំនៀមទម្លាប់ និង ទីតាំងគោរពបូជារបស់បងប្អូនជនជាតិដើមភាគតិច ដែលជាផ្នែក មួយនៃវប្បធម៌ដ៏យូរលង់របស់ប្រជាជាតិយើងប្រកបដោយប្រសិទ្ធ- ភាព ។
- ទី៧៖ ត្រូវបន្តសហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ជាពិសេសជាមួយ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការបំពានច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃ វប្បធម៌ចាស់ៗយកមក ក្លែងបន្លំជាមួយនឹងការបញ្ចូលរូបភាពមិន សមរម្យនានាដោយពុំមានច្បាប់អនុញ្ញាត ។
- ទី៨៖ ខ្ញុំសូមអំញវនាវដល់ជនរួមជាតិទាំងអស់ ជាពិសេស បងប្អូនកូនក្មួយសិល្បករ-សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់នូវគ្រប់ទម្រង់នៃការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃចម្រៀង ស្នាដៃភាពយន្ត ស្នាដៃរូបភាព ស្នាដៃអក្សរសាស្ត្រ ស្នាដៃអក្សរសិល្បិ៍ និងស្នាដៃវប្បធម៌ដទៃៗទៀត ទាំងស្នាដៃ ដែលមាន មរតកសាសន៍ និងគ្មានមរតកសាសន៍មក ផលិតឡើងវិញ ដោយពុំបានសុំការអនុញ្ញាតពី ម្ចាស់សិទ្ធិឬពីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ។
- ទី៩៖ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះការចូលរួម របស់សប្បុរសជនមួយចំនួន ដូចជាលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកជំទាវ ម៉ៅ ម៉ាល័យ កែគីមយ៉ាន លោកជំទាវ សៀង ចាន់ហេង និងលោកជំទាវ ស៊ុយ ស៊ីផាន រួមទាំងសប្បុរសជន ជាច្រើនទៀត ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន រួមចំណែក ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្សប្រាសាទនិង ព្រះវិហារបុរាណមួយចំនួននាពេលកន្លងមក។
- សម្តេចតេជោ ហ៊ុន សែន ស្នើដល់សិល្បករ-សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់នូវគ្រប់ទម្រង់នៃការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃចម្រៀង ស្នាដៃភាពយន្ត ស្នាដៃរូបភាព ស្នាដៃអក្សរសាស្ត្រ ស្នាដៃអក្សរសិល្បិ៍ និងស្នាដៃវប្បធម៌ដទៃៗទៀត ទាំងស្នាដៃ ដែលមានមរតកសាសន៍ និងគ្មានមរតកសាសន៍មក ផលិតឡើងវិញ ដោយពុំបានសុំការអនុញ្ញាតពី ម្ចាស់សិទ្ធិឬពីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ។
- សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវបន្តសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួង- ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរដែនដី អង្គការជាតិ-អន្តរជាតិ និង វិស័យឯកជន ព្រមទាំងអង្គការមហាជននិងសមាគមសិល្បៈនានា ដើម្បីរៀបចំ «មហោស្រព សិល្បៈយុវជនទូទាំងប្រទេស»និង បំផុសស្មារតី «ទិវាវប្បធម៌ជាតិ» ឱ្យបានកាន់តែសកម្ម និង ផុសផុលទាំងក្នុង និងក្រៅប្រទេសក្នុងបុព្វហេតុរួម គឺការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ អនុលោមតាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ដោយរដ្ឋជាអ្នកគាំទ្រគាំពារ ដៃគូឯកជន ជាអ្នកអនុវត្ត។
- សម្តេចតេជោ ហ៊ុន សែន ណែនាំបន្តបង្កើតនូវយន្តការថ្មីៗ ដើម្បីឱ្យកូនខ្មែរ ឤចមានលទ្ធភាពបង្កើត ស្នាដៃសិល្បៈ វប្បធម៌ថ្មីៗរបស់ខ្លួន តាម រយៈការបើកវគ្គបណ្តុះបណ្តាលដល់យុវជន នៅតាម វិទ្យាល័យ សកលវិទ្យាល័យ និងអង្គការ/សមាគមសិល្បៈទូទៅ ដើម្បីពង្រឹង គុណភាព អ្នកបង្កើតស្នាដៃថ្មីៗ តាមទម្រង់ក្បួនខ្នាតនៃវប្បធម៌ជាតិ ដោយចៀសវាងការលួចចម្លងទាំងស្រុង នូវស្នាដៃសិល្បៈអ្នកដទៃ និងបរទេស ។ ជាមួយគ្នានេះ ត្រូវបន្តរៀបចំព្រឹត្តិការណ៍វប្បធម៌ នានាឱ្យបានច្រើននៅតាមបណ្តាខេត្តនៅទូទាំងប្រទេស ជាពិសេសនៅខេត្តសៀមរាប។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើតភាពជាដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធសារព័ត៌មានឯកជន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង-ស្ថាប័នរដ្ឋ និងគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន របស់អ្នក វប្បធម៌គ្រប់ៗរូប ហើយត្រូវបន្តផ្សព្វផ្សាយចែករំលែកនូវខ្លឹមសារ រូបភាព និងវីដេអូនានា ដើម្បីរំលឹក និងអបអរ «ទិវាវប្បធម៌ជាតិ» និងព្រឹត្តិការណ៍វប្បធម៌ ដែលមានអត្ថប្រយោជន៍ផ្សេងៗទៀត ជាមួយនឹងស្មារតីស្រឡាញ់វប្បធម៌ជាតិ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ កម្ពុជា ជាពិសេសស្រទាប់យុវជនដែលជាអ្នកបន្តវេន និងជាសរសទ្រូងនៃប្រទេសជាតិ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្តែងរបាំព្រះរាជទ្រព្យនៅប្រទេសសិង្ហបុរី នាថ្មីៗនេះ គឺខុសនឹងរបាំប្រពៃណីខ្មែរ
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអាចទទួលយកបានទេ ចំពោះការធ្វើឱ្យអាប់ឱនចំពោះមរតកដូនតាខ្មែរ ជាពិសេសរបាំព្រះរាជទ្រព្យ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របាំព្រះរាជទ្រព្យរបស់ខ្មែរ មិនអាចរាំនៅខាងក្រោយមនុស្សនោះទេ
- សម្តេចតេជោ ហ៊ុន សែន បញ្ជាដល់ក្រសួងមហាផ្ទៃ និងអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ហាមជនជាតិសិង្ហបុរីម្នាក់ប្រមាថចំពោះរបាំព្រះរាជទ្រព្យកម្ពុជា កុំឱ្យចូលប្រទេសកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របាំព្រះរាជទ្រព្យជារបស់ជាតិខ្មែរទាំងមូល មិនមែនជារបស់សែរាជវង្សអង្គណាមួយនោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះមិនមែនជម្លោះរវាងកម្ពុជា និងសិង្ហបុរីនោះទេ។ តែជាជម្លោះជាមួយជនជាតិសិង្ហបុរីម្នាក់ ដែលប្រមាថចំពោះកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យពង្រឹងវិន័យដល់អ្នកសិល្បៈ។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចគាំទ្រឱ្យយកសិល្បៈកម្ពុជាទៅសម្តែងនៅក្រៅប្រទេស ប៉ុន្តែមិនមែនយកទៅធ្វើឱ្យអាប់ឱននោះទេ។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ជនជាតិសិង្ហបុរីរូបនេះអាចចូលមកកម្ពុជា បានបើកគេសុំទោសចំពោះកំហុសឆ្គងនេះ។
- សម្តេចតេជោ ហ៊ុន សែន ស្នើដល់អ្នកសិល្បៈទាំងអស់រក្សាតម្លៃសិល្បៈ វប្បធម៌របស់ខ្មែរ។
- សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យនាំគ្នាប្រារព្ធទិវាវប្បធម៌រាល់ថ្ងៃ សុំកុំធ្វើតែថ្ងៃ៣មីនា។
- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នកនិពន្ធ និងដឹកនាំរឿង នឹងប្រឹងប្រែងនិពន្ធរឿងដោយមិនចម្លងតាមគេ។
- សម្តេចតេជោ ហ៊ុន សែន ស្នើដល់ក្រុមហ៊ុននានាគាំទ្រដល់ភាពយន្តខ្មែរ។
- សម្តេចតេជោ ហ៊ុន សែន បន្តស្នើដល់សិល្បៈការិនីកុំឱ្យស្លៀកពាក់ស៊ិចស៊ីខ្លាំង។ សម្តេចតេជោ ហ៊ុន សែន ស្នើដល់អ្នកសិទ្ធិមនុស្សនិយមឱ្យបែងចែកឱ្យបានច្បាស់រវាងសិទ្ធិ និងតម្លៃសីលធម៌ និងវប្បធម៌របស់ខ្មែរ។
- សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកសិល្បៈឈប់ជេរគ្នាតាមបណ្តាញសង្គម។
- សម្តេចតេជោ ហ៊ុន សែន ស្នើដល់អ្នកសិល្បៈ និងនិស្សិតក្លាយជាសកម្មជនអប់រំក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID19 និងការថែរក្សាអនាម័យ។
- សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកសិល្បៈចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនាំដល់ការភ័យខ្លាចនៃជំងឺ COVID19 នេះ៕
Fresh News