អភិបាលស្រុកបន្ទាយស្រីអំពាវនាវអោយមហាជនជួយទិញត្រសក់ផ្អែមដោយសារ…
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានចេញមុខបង្ហោះសារអំពាវនាវនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនអោយមហាជនជួយទិញត្រសក់ផ្អែមរបស់បងប្អូនប្រជាកសិករដែលនឹងដាក់លក់នៅផ្សារហេរីថេក ក្នុងក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ពេញ គិតចាប់ពីថ្ងៃទី២០កុម្ភៈឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦កុម្ភៈឆ្នាំ២០២០។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីកសិផលត្រសក់ផ្អែមរបស់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រីនឹងត្រូវប្រមូលផលនៅសប្ដាហ៍នេះហើយ ស្រាប់តែឆ្នាំនេះតម្រូវការត្រសក់ផ្អែមធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ៩០% ដែលមិនអាចអោយអ្នកដាំលក់ចេញបានទោះបីជាលក់ក្នុងតម្លៃថោកយ៉ាងណាក៏ដោយ។
លោកបានបង្ហោះខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
សូមជួយចែករំលែកពត៌មាននេះផង! ខ្ញុំមិនអាចអោបដៃឈរមើលសហគមន៏កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រី ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ប្រឈមមុខនឹងការខាតបង់ទាំងស្រុងលើការប្រមូលផលរបស់ខ្លួនក្នុងឆ្នាំនេះនោះទេ។ សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបង្ហាញសណ្តានចិត្តចូលរួមជួយតាមលទ្ធភាពក្នុងគ្រាលំបាកនេះ។
ជាធម្មតា ទីផ្សារត្រសក់ផ្អែមនេះត្រូវបានលក់ចេញទៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងតំបន់ទេសចរណ៍នានានៅក្នុងខេត្តសៀមរាប ស្រាប់តែឆ្នាំនេះតម្រូវការត្រសក់ផ្អែមធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ៩០% ដែលមិនអាចអោយអ្នកដាំលក់ចេញបាន ទោះបីជាលក់ក្នុងតម្លៃថោកយ៉ាងណាក៏ដោយ។ សប្តាហ៍នេះគឺជាសប្តាហ៍ប្រមូលផល ហើយប្រសិនបើនៅតែបន្តលក់មិនចេញក្នុងរយៈពេល២សប្តាហ៍ទៀតទេ ត្រសក់ផ្អែមរាប់សិបតោននេះនឹងត្រូវបោះចោលទាំងស្រុង ហើយពួកគាត់នឹងមិនមានទុនគ្រប់គ្រាន់សម្រាប់ទូទាត់ថ្លៃជួលដី បង់ការប្រាក់ធនាគារ ថ្លៃពូជនិងកម្មករ ហើយក៏នឹងមិនមានទឹកចិត្តដើម្បីបន្តដាំទៀតដែរ។
ខ្ញុំបានសម្របសម្រួលរៀបចំអោយមានការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំមួយពីសំណាក់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រី នៅក្នុងផ្សារហេរីថេក ក្នុងក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ពេញ គិតចាប់ពីថ្ងៃទី២០កុម្ភៈឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦កុម្ភៈឆ្នាំ២០២០។
***តម្លៃពិសេសត្រឹមតែ ១$ក្នុង១គីឡូ***
***១០គីឡូថែមជូន១គីឡូដោយឥតគិតថ្លៃ***ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់គ្នា ជាពិសេសអ្នកខេត្តសៀមរាប ចូលរួមកម្មវិធីនេះនៅផ្សារហេរីថេកអោយបានច្រើនកុះករ ដើម្បីជួយទិញត្រសក់ផ្អែមរបស់ពួកគាត់ក្នុងតម្លៃពិសេសនិងដើម្បីជួយស្រោចស្រង់និងលើកទឹកចិត្តដល់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រីក្នុងគ្រាអាសន្នមួយនេះ។
បញ្ជាក់: តម្លៃនេះថោកជាងតម្លៃទីផ្សារប្រហែលពាក់កណ្តាល បានត្រឹមតែអាចអោយពួកគាត់ស្រង់ដើមវិញយកទៅដាំបន្តទៀតតែប៉ុណ្ណោះ។