ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបជាមួយលោក លី ខឺឈាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ និងផ្លាស់ប្តូរទស្សនៈលើការរីករាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 55

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានតបតាមការអញ្ជើញរបស់លោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០ ។អញ្ជើញអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរៈកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តី នឹងមានជំនួបជាមួយលោក លី ខឺឈាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ និងផ្លាស់ប្តូរទស្សនៈគ្នាលើការរីករាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណាដែលកំពុងកើតមានឡើង រួមទាំងបញ្ហាមួយចំនួនដែលជាផលប្រយោជន៍រួម និងជួបសំដែងការគួរសមជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕

អត្ថបទទាក់ទង