សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាមិនមែនជាបក្សកាន់អំណាចបែបឆក់កណ្តៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង
សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាមិនមែនជាបក្សកាន់អំណាចបែបឆក់កណ្តៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តអញ្ជើញសម្ពោធអគារ៦មករា សមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សខេត្ត និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង ចំនួន១,៣១១នាក់ ដែលពិធីនេះបានធ្វើឡើងនៅសាលប្រជុំអគារ៦មករា នៃមន្ទីរគណបក្សខេត្តព្រៃវែង។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយនិងអបអរសាទរចំពោះសមិទ្ធផលអគារមន្ទីរបក្សក្នុងខេត្តព្រៃវែងដែលជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សប្រជាជនកម្ពុជា ហើយតាមរយៈសមិទ្ធផលអគារគណបក្សនៅខេត្តព្រៃវែង និងកន្លែងដទៃទៀត ក៏ដូចជានឹកដល់អគារវិមាន៧មករានៅភ្នំពេញ បានចង្អុលបង្ហាញយ៉ាងច្បាស់ពីការកាន់អំណាចរយៈពេលវែងរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជា មិនមែនជាបក្សកាន់អំណាចបែបឆក់កណ្តៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ រឿងមន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងប្រឌិត តែរឿងពិតគឺមន្ត្រីផ្លែទុរេន ដែលវាកើតឡើងពិតនៅកម្ពុជា។ សម្ដេចបានប្ដូរឈ្មោះហៅ ពីមន្ត្រីគ្រាប់ល្ពៅ ទៅជាមន្ត្រីផ្លែទុរេន ហើយសម្តេចនឹងនៅតាមមើលរឿងមន្ត្រីផ្លែទុរេននេះឱ្យដល់ទីបញ្ចប់។ សម្តេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឱ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿននិងរហ័សហើយសម្តេចក៏បានជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យជាពលរដ្ឋឱ្យកាន់តែលឿនថែមទៀតដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់នៅមូលដ្ឋាន។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តរំលឹកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបន្តថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិនិងទឹកដី។ សម្តេចបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងរបស់ពួកគេទៅការពារជាតិ ការពារទឹកដី និងប្រជាជន តើហេតុអ្វីមន្ត្រីមិនអាចចែករំលែកក្តីស្រលាញ់ទៅដល់ពួកគេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬរត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ ព្រមទាំងខិតខំគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស និងបន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ហើយសម្តេចតេជោក៏បានរំលឹកឱ្យអាជ្ញាធរខេត្តព្រៃវែងត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាមក្នុងការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន៕



