មហាអំណាចចិនប្រកាសប្រឆាំងដាច់ខាតចំពោះការយកបញ្ហា EBA ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា
រដ្ឋាភិបាលមហាអំណាចចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសក្តែងៗប្រឆាំងដាច់ខាតចំពោះការយកបញ្ហា EBA ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។
ការប្រកាសនេះបានធ្វើឡើងតាមរយៈសន្និសីទកាសែតមួយ នៅល្ងាចថ្ងៃអង្គារនេះ មុនពេលដែលសហភាពអឺរ៉ុប ចេញសេចក្តីសម្រេចពាក់ព័ន្ធ ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
ឆ្ហើយនឹងសំណួរអ្នកសារព័ត៌មាននឹងការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធលើប្រទេសកម្ពុជា លោក កឹង សួង (Geng Shuang) អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ យើងប្រឆាំងនឹងការប្រើប្រាស់ពាណិជ្ជកម្ម ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត»។
បើតាមអ្នកនាំពាក្យរូបនេះ ប្រទេសចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការការពារឯករាជ្យអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយពួកគេមានឆន្ទៈផ្តល់ជំនួយជាវិជ្ជមានដល់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងការលើកកម្ពស់ជីវភាពប្រជាជនរបស់ប្រទេសកម្ពុជា ហើយសង្ឃឹមថា សហគមន៍អន្តរជាតិនឹងចូលរួមវិភាគទានក្នុងន័យស្ថាបនាថែមទៀត។
សហភាពអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចមួយ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ថាតើត្រូវដក ឬបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ចំពោះប្រទេសកម្ពុជា។ មុនឈានដល់ការសម្រេចនេះ សហភាពអឺរ៉ុប បានទាមទារឱ្យកម្ពុជា លើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបន្ថែមទៀត ព្រមទាំងហាមឃាត់កម្ពុជាមិនឱ្យអនុវត្តច្បាប់របស់កម្ពុជាចំពោះក្រុមប្រឆាំងផងដែរ ដែលទង្វើទាំងនេះជាការជៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាសុទ្ធសាធ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការទាមទារជ្រុលហួសហេតុរបស់សហភាពអឺរ៉ុប គឺជាការរំលោភមកលើកិច្ចការផ្ទៃក្នុងកម្ពុជា ហើយបានប្រកាសម្តងហើយម្តងទៀត ខ្លួននឹងមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយនឹងជំនួយរបស់បរទេសណាឡើយ ព្រមទាំងចាត់វិធានការណ៍ជាបន្តបន្ទាប់ ពង្រីកលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ។
យ៉ាងណាក៏ដោយ បើសិនជាមានការសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នៅខែកុម្ភៈមែននោះ មិនមែនមានន័យថា សហភាពអឺរ៉ុបត្រូវអនុវត្តភ្លាមៗទេដោយយកពន្ធលើទំនិញកម្ពុជាទេ គឺការអនុវត្តត្រូវរង់ចាំរហូតដល់ ៦ខែក្រោយ ទើបចូលជាធរមានបាន៕