ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ​មិត្ត​អ្នក​អាន៖​ ការ​ព្យួរ​​ EBA គឺ​ជា​វិញ្ញាសារ​ថ្មី​សម្រាប់​​ក​ម្ពុ​ជា​ ក្នុង​ការ​ពង្រឹង​ខឿន​សេដ្ឋ​កិច្ច​ជាតិ​​!​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 41
ទស្សនៈ​មិត្ត​អ្នក​អាន៖​ ការ​ព្យួរ​​ EBA គឺ​ជា​វិញ្ញាសារ​ថ្មី​សម្រាប់​​ក​ម្ពុ​ជា​ ក្នុង​ការ​ពង្រឹង​ខឿន​សេដ្ឋ​កិច្ច​ជាតិ​​!​ ទស្សនៈ​មិត្ត​អ្នក​អាន៖​ ការ​ព្យួរ​​ EBA គឺ​ជា​វិញ្ញាសារ​ថ្មី​សម្រាប់​​ក​ម្ពុ​ជា​ ក្នុង​ការ​ពង្រឹង​ខឿន​សេដ្ឋ​កិច្ច​ជាតិ​​!​

បើមានការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ ក្នុង​ការ​ព្យួរ​ទាំងស្រុង ឬព្យួរផ្នែក​ខ្លះ​នៃ ​EBA ​នោះ​ គឺ​ពិត​ជារឿង​មួយ​ដ៏​អគុណធម៌​ និង​អយុត្តិធម៌​​បំផុត​​សម្រាប់​ប្រជាជន​កម្ពុជា​ ពីព្រោះ​ថា​​បើ​គេ​ពិនិត្យ​មើល​​លក្ខខណ្ឌ​ទូទៅ​​​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺ​កម្ពុជា​នៅ​តែ​មាន​លក្ខណៈ​សម្ប​ត្តិ​សម​ស្រប​ដើម្បី​​បន្ត​​ទទួល​បាន​​​ដដែល​។​ ប៉ុន្តែ​ អ្វី​ដែល​​សហភាព​​អឺ​រ៉ុប​បាន​ចោទ​ថា​មាន​ការ​ធ្លាក់​ចុះ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​​ប្រជាធិបតេយ្យ​នោះ​​គឺ​ពិត​ជារឿង​​មិន​ត្រឹម​ត្រូវ​ឡើយ​​ដោយ​ហេតុ​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិ​ប​តេយ្យ​នៅកម្ពុជា​មានភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ជាលំដាប់​ពី​មួយឆ្នាំទៅ​មួយឆ្នាំ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ជិត​ខាង​កម្ពុជា​ ហើយ​ដែល​សហភាព​អឺ​រ៉ុប​បែរ​ជា​កំពុង​មានបំណងផ្តល់​ឱ្យ​ទៅ​​វិញនោះ​​​។​​

សម្រាប់​អ្នក​តាម​ដាន​ស្ថាន​ការន៍​នៅ​កម្ពុជា​ ​វាយ​តម្លៃ​បាន​ថា​ បើ​សហភាព​អឺរ៉ុប​​សម្រេច​ចិត្ត​ព្យួរ EBA មែននោះ វានឹងអាចក្លាយ​ជារនាំង​ និង​បង្ហាញ​នូវ​ភាព​ស្រអាប់​រវាង​​​​ទំនាក់​ទំនងរវាង​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ដែល​ធ្លាប់​មាន​ពីមុនមក​​យ៉ាង​​ពិត​​ប្រា​កដ​។​ ​ភាព​ស្រអាប់​នោះ​គឺ​នៅត្រង់​ថា​ សហភាព​អឺរ៉ុប​នឹង​លែង​មាន​ទឹក​មាត់​ប្រៃ​​ក្នុង​ការ​ប្រើ​គុណ​សម្បត្តិ​របស់​ខ្លួន ​ដើម្បី​លូក​ដៃ​មក​កកូរ​កកាយ​កិច្ច​ការ​​ផ្ទៃ​ក្នុង​របស់​កម្ពុជា​​តាម​រយៈ​ការ​ចង់​ឱ្យ​ធ្វើ​នេះ​ ឬធ្វើ​នោះ​ តាម​ចិត្ត​ខ្លួន​ដូច​ពេល​មុន​ទៀតទេ​។ អ្វី​ដែល​​ជារឿង​មិន​ទំនង​នោះ​ គឺ​សហភាព​អឺរ៉ុប​បាន​ជ្រើស​យក​កម្មវត្ថុ​នៃ​រឿង​នយោបាយ​នៅកម្ពុជា​ មក​ធ្វើ​ជា​ចំណាប់​ខ្មាំង​សេដ្ឋ​កិច្ច​សម្រាប់​ដោះ​ដូរ​ឱ្យ​អ្នក​នយោបាយ​ប្រឆាំង​នៅកម្ពុជា​ ដែល​បាន​ប្រព្រឹត្តិ​ល្មើស​ច្បាប់​​​​ក្រោម​លេសនៃ​ពាក្យ​ពីរ​ម៉ាត់​គឺ​ សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ ដែល​​ជារឿង​ដ៏​អយុត្តិធម៌​​​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ ជាង​១៦​លាន​នាក់​។ ក្នុង​ន័យ​នេះ​ សហភាពអឺរ៉ុប​គួរ​មើល​ឱ្យ​ឃើញ​ និង​ត្រូវ​ពិចារ​ណា​អំ​ពី​ផល​ប្រយោជន៍​រួម​នៃ​ប្រជាជន​កម្ពុជា​ ដោយ​មិន​ត្រូវ​ជ្រើស​យក​តាម​អ្វី​ដែល​ជាការ​ចង់​បាន​របស់​​ក្រុម​ប្រឆាំង​មួយក្តាប់​តូច​ដែល​ជាមតិ​ភាគ​តិច​ និង​ដែល​បាន​ប្រព្រឹត្តិ​នូវ​ទង្វើ​ខុស​ច្បាប់​ដើម្បី​ចង់​ដណ្តើម​អំណាច​តាម​វិធី​មិន​ប្រជាធិបតេយ្យ​នោះ​ឡើយ​។​

ទោះ​ជាយ៉ាង​ណា​ បើមានការ​សម្រេច​ព្យួរ EBA របស់​សហភាព​អឺរ៉ុប​ដល់​កម្ពុជា​ ដ៏ខ្លីខាងមុខនេះ មែននោះ ក៏​អាច​ជាវិញ្ញាសារ​ថ្មី​មួយ​សម្រាប់​កម្ពុជា​​ ក្នុង​ការ​ខិត​ខំ​ប្រឹងប្រែង​កសាង​ខឿន​សេដ្ឋ​កិច្ច និង​រៀន​រស់​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែ​ក​តែលើ​ជំនួយ​បរទេស​រហូត​នោះ​ទេ​។​​

យោង​តាម​លទ្ធផល​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ​ក្នុង​រយៈពេល​ពីរ​ទស្សវត្ស​ចុង​ក្រោយ​នេះ​ បានកើនឡើង​ថេរ​ក្នុង​រង្វង់​ប្រមាណ ៧%​ ក្នុង​មួយឆ្នាំ​ ដែល​ជាអំណោយ​ផល​ក្នុង​ការ​សន្សំ​​បាន​​នូវ​​ទុន​បម្រុងជាតិ​គួរ​ឱ្យ​ទុក​ចិត្ត​បានសម្រាប់​បញ្ជៀស​​ហានិភ័យ​ ដែល​អាច​កើតមាន​​ឡើង​ជា យ​​ថា​​ហេតុ​​។​​

សម្រាប់​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ជាតិ​ក្នុង​ឆ្នាំ​២០១៩ ទាំង​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​ និង​ស្ថាប័ន​ហិរញ្ញ​​វត្ថុ​អន្តរជាតិ​ដូចជា​ មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ធនាគារ​ពិភព​លោក​ (WB) ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី​ (ADB) សុទ្ធតែ​បាន​វាយ​តម្លៃ​ខ្ពស់ ​ ហើយ​ជា​លទ្ធផល​​គឺ​​កម្ពុជា មានកំណើនប្រមាណ​​ ៧,១%​។ កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​ឆ្នាំ​២០១៩​នេះ​ធ្វើ​ឲ្យ​ទុន​បម្រុង​ជាតិ​របស់​កម្ពុជា​កើន​ឡើង​ទៅ​ដល់​ជាង​​១៧,៤​​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ អាច​ធានា​ដល់​ការ​នាំ​ចូល​បាន​ដល់​ទៅ​​៨​ខែ​ទៅ​មុខ​ទៀត​។​ តួលេខ​​នេះ​បង្ហា​ញ​ជាក្របខណ្ឌ​ម៉ាក្រូ​ថា​សេដ្ឋកិច្ចជាតិកម្ពុជា​ក្នុង​​ឆ្នាំ​​២​០១៩​​ គឺ​​មាន​​ភាព​​រឹង​មាំ​​គួរ​ឱ្យ​ទុក​ចិត្ត​សម្រាប់​អនាគត​។

ដោយ​ឡែក​​ស្ថាន​ភាពក្នុង​ឆ្នាំ​២០២០​នេះ​ ដោយ​សារ​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិ​ជ្ជ​កម្ម​​រវាង​​មហាយក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​ ចិន​-អាមេរិក​ កាល​ពី​ឆ្នាំ​២០១៩​ និង​នៅ​បន្ត​រហូត​មក​ដល់​ឆ្នាំ​២០២០​នេះ​ បាន​ធ្វើ​ឱ្យ​និន្នាការ​នៃសេដ្ឋកិច្ចពិភពលោកបន្ត​​ធ្លាក់​ចុះ​ទាំង​អស់​គ្នា​​។​ ហេតុ​ផល​ចំបង​​ធំ​ៗ​បី​ដែល​នាំ​ឱ្យ​មាន​បញ្ហា​ប្រឈម​ខាង​ផ្នែក​សេដ្ឋ​កិច្ច​សកល​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ ទី១​.ទំនាស់​ពាណិជ្ជ​កម្ម​​រវាង​ចិន​-អាមេរិក​ គឺ​ជា​ទំនាស់​ផល​ប្រយោជន៍​យូរ​អ​ង្វែ​ង​ ដែល​នឹង​អូស​បន្លាយ​មិន​ងាយ​នឹង​បញ្ចប់​នោះ​ទេ​។​ ទី​២.​​ការ​ធ្លាក់​ចុះ​​សេដ្ឋ​កិច្ច​នៅ​ប្រទេស​អូស្ត្រាលី​ ដោយ​សារ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ និង​ភាព​ប្រឈម​ខ្លាំងនៃ​​កត្តា​ភូមិ​សាស្ត្រ​នយោបាយ ​​ពិសេស​នៅ​តំបន់​​មជ្ឈឹម​បូ​ព៌ា​ដែល​មា​ន​ភាព​មិន​ច្បាស់​លាស់​នៃ​ការ​ប្រឈម​នឹង​សង្គ្រាម​ដែល​ជាការ​ពិ​បា​ក​រក​ស៊ី​ និង​ទី​៣​.​ការ​ផ្ទុះ​ឡើង​នៃ​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​ វីរុស​កូរ៉ូណា​ នៅ​ប្រទេស​ចិន​។​
យោង​ទៅ​លើ​ផល​ប៉ះ​ពាល់​នៃ​សេដ្ឋ​កិច្ច​សកល​នេះ​ សេដ្ឋ​កិច្ច​របស់​កម្ពុជា​ក៏​អាច​រង​នូវ​ផល​ប៉ះ​ពាល់​ខ្លះ​ផង​ដែរ​ ដែល​អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​ថយ​ចុះ​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ ប៉ុន្តែ​ ប្រាកដ​ណាស់ថា​​គ្មាន​ការ​ដួល​រលំ​នៃ​សេដ្ឋ​កិច្ច​ជាតិ​ ដូច​ការ​បំភ្លៃ​របស់​ក្រុម​ប្រឆាំង​នោះ​ទេ​។​ ជាការ​វាយ​តម្លៃ​របស់​អ្នក​សេដ្ឋ​កិច្ច​ បើ​ទោះ​បី​ក​ម្ពុ​ជា​អាច​ទទួល​រង​​ឥទ្ធិពល​​​នៃ​​​ការ​​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​សកល​ផង​ និង​ ការ​ព្យួរ​ផ្នែក​ខ្លះ​នៃ​EBA ពី​សហភាព​អឺរ៉ុបបើសិនជាមាន​ក្តី ក៏​សេដ្ឋ​កិច្ច​កម្ពុជា​អាច​ថយ​កំណើនមក​នៅ​ត្រឹម​រង្វង់​ប្រមាណ​ ៦,១% នៃ​GDP ប៉ុណ្ណោះ​ ហើយវា​នឹង​មិន​ធ្វើ​ឱ្យ​​សេដ្ឋ​កិច្ច​ជាតិ​មាន​បញ្ហា​នោះ​ឡើយ​ ព្រោះ​ថា​រឿង​នេះ​កម្ពុជា​ធ្លាប់​បាន​ឆ្លង​កាត់​វិបត្តិ​សេដ្ឋ​កិច្ច​សកល​​ជា​ច្រើន​លើក​រួច​មក​ហើយ​ ដូច​ជា​ ការដាក់ទណ្ឌកម្ម​នយោបាយ និង​​សេដ្ឋកិច្ចពីអន្តរជាតិក្រោយឆ្នាំ១៩៧៩ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងឆ្នាំ​១៩៩៧ និង​២០០៨ ជា​ដើម​ ប៉ុន្តែ​ រាជ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ អាច​ជំនះ​បាននូវ​ឧបសគ្គ​ទាំង​នោះ​​ដោយ​ជោគជ័យ​​។​​​​ ដូច្នេះ​ សម្រាប់​ពេល​នេះ​ បើសហភាព​អឺរ៉ុប​គ្រាន់​តែ​ព្យួរ​ផ្នែក​ខ្លះ​នៃ​EBA តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​បាន​បិទ​ទី​ផ្សារ​មិន​ឱ្យ​កម្ពុជា​នាំ​ទំនិញ​ទៅ​លក់​នៅ​ទី​ផ្សារ​អឺរ៉ុប​នោះ​ឡើយ​​ សូម​កុំ​យល់​ច្រលំ​!។

លើស​ពី​នេះ​ទៀត​ ផ្អែក​តាម​ការ​បញ្ជាក់​​របស់​មន្ត្រីសេដ្ឋកិច្ច​ រាជ​​រដ្ឋាភិបាលលោក​ ហ៊ុន សែន​ បាន​​ត្រៀម​​ខ្លួន​អស់​រយៈពេល​៤-៥ឆ្នាំ​ជាមុន​រួច​ហើយ​ ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ដើម្បី​ទប់​ទល់​នូវ​ផល​ប៉ះ​ពាល់​នេះ​​តាម​រយៈទិស​ស្លោក​​ «ការ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ផ្ទៃ​ក្នុង​ និង​បង្កើន​ការ​វិនិយោគ​ពី​ខាង​ក្រៅ​ ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​រឹង​មាំ​»។ ក្នុង​ន័យ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ដាក់​ចេញ​​វិធាន​ការ​ជាក់​ស្តែង​ដោយ​កំណត់​ច្បាស់​ថា៖ «យើង​ត្រូវ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ថ្លៃ​ដើម​​ផលិត​ផលរបស់​កម្ពុជា​ចុះ​ថោក​ ដើម្បី​ធ្វើ​ឱ្យ​ធុរៈជន​ទាំង​ឡាយ​ដែលរកស៊ី​នៅកម្ពុជា​នេះ​ទទួល​បាន​ផល​ចំណេញ​ និង​មាន​លទ្ធភាព​បង់​ពន្ធ​ចូល​ទៅ​កាន់​ទី​ផ្សារ​របស់​គេ​។ ដូច្នេះ​បាន​ជាកំណែទម្រង់​ស៊ីជម្រៅ​ត្រូវ​តែ​​ធ្វើ​ដើម្បី​ប្រែក្លាយ​ពី​បញ្ហា​ប្រឈម​ឱ្យ​ទៅ​ជាឱកាស​ ឱ្យ​ទៅ​ជាកាលានុវត្តភាព​ នៃ​ការ​ជឿន​​លឿន​ក្នុង​សេដ្ឋ​កិច្ច​​របស់​យើង​»។​​ អនុសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ គឺ​ពិត​ជា​បាន​បង្ហាញ​នូវ​ឆន្ទៈ​ដ៏​មុះមុត​ក្នុង​ការ​បន្ត​ប្រកាន់យក​​នូវ​ជំហរ​ «មិន​យក​អធិបតេយ្យ​​ជាតិ​ទៅ​ដោះ​ដូរ​ជា​មួយ​ជំនួយ​» ហើយ​​ប្រែ​​ក្លាយ​​ការ​សម្រេច​ចិត្ត​ដ៏​ខុសឆ្គង​របស់​សហភាព​អឺរ៉ុប នា​ពេលខាងមុខ​​នេះ​​​ឱ្យ​ទៅ​​​ជា​វិញ្ញាសារ​ថ្មី​សម្រាប់​​ក​ម្ពុ​ជា​ក្នុង​ការ​ពង្រឹង​ខឿន​សេដ្ឋ​កិច្ច​ជាតិ ​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​​វិធាន​​ការ​​ពង្រឹង​គ្រប់​ស្ថាប័ន​រដ្ឋ​ និង​សាធារណៈ​ឱ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ ស្អាត​ស្អំ​ជាង​មុន​ និង​កាន់​តែ​វៃ​ឆ្លាត​ជាង​មុន​ ទាំង​ខាង​ការ​គិត​គូរ​ខាង​យុទ្ធ​សាស្ត្រ​ និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត។​
ដោយ​ឡែក​ ប្រជាពលរដ្ឋ​គ្រប់​រូប​ មន្ត្រី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ត្រូវ​មាន​ជំហរ​ជឿជាក់​ចំពោះ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ទល់​នូវ​ហានិភ័យ​ដែល​កើត​ឡើង​ ដោយ​ការ​បាត់​បង់​ផ្នែក​​ខ្លះ​​នៃ​ EBA នេះ​ ពីព្រោះ​បើទោះ​បី​ជាកម្ពុជា​​ត្រូវ​បាត់​បង់​ EBA ឬយ៉ាងណានោះ ក៏​កម្ពុជា​មិនបាត់​បង់​ទីផ្សារ​ដែរ​ គឺយើងនៅតែអាចនាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុបដដែលដោយ​គ្រាន់​តែ​ត្រូវ​បង់​ពន្ធ​ដូច​បណ្តាប្រទេស​​ដទៃ​ប៉ុណ្ណោះ​ ហើយ​កន្លង​មក​ផលិត​ផល​អង្ករ​របស់​កម្ពុ​ជា​​ ក៏​បាន​អនុវត្ត​ការ​បង់​ពន្ធ​នេះ​ដោយ​រលូន​រួច​ហើយ​ដែរ​។​

ជារួម សម្លេងបំភិតបំភ័យពលរដ្ឋកម្ពុជាលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយក្រុមប្រឆាំង គឺពិត​ជាគ្មានន័យនោះឡើយ ​ព្រោះថាប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបាន​ព្យួរ​ផ្នែក​ខ្លះ​ ឬ​ត្រូវ​បាត់​បង់​ទាំង​​ស្រុង​​​ក៏មិនមែនមានន័យថាកម្ពុជា បាត់បង់ទីផ្សារលក់ទំនិញ មិនអាចនាំទំនិញទៅលក់​នៅ​អឺរ៉ុប​នោះ​ដែ​រ គឺ​​គ្រា​ន់តែ​ត្រូវប​ង់ពន្ធ​នាំចូ​ល​ប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញ ប្រជាជនអឺរ៉ុបត្រូវ​ទិញ​ទំនិញ​ដែល​ពួក​គេ​ធ្លាប់ទិញ​ក្នុង​តម្លៃ​ថោក​នោះ ​បែរជាទិញក្នុង​តម្លៃ​ថ្លៃ​ជាង​មុនទៅវិញ​។ ជាង​នេះ​ទៀត​ និរន្ត​រ​ភាព​ នៃ​ស្ថាប័ន​នានារ​បស់​រាជ​រដ្ឋាភិបាល​​នៅ​តែមា​នដំ​ណើរការ​ជាធម្ម​តា​​។ កម្មករ​ កម្ម​ការិនី​ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅតែមានការងារធ្វើ និងទទួល​បានប្រាក់ខែ និងអត្ថប្រយោជន៍​សង្គមនានា​ជា​ធម្មតា​ ហើយ​បងប្អូន​​មិនត្រូវ​ជឿ​តាម​ការ​បំភិត​បំភ័យ​ និង​​ការឃោសនា​បំភ្លៃ​​របស់​ក្រុម​ប្រឆាំង​ផ្កាប់​មុខដែល​កំពុង​​រត់​​ចោល​​ស្រុក​​​នោះ​ទេ៕​

ដោយ៖ ពង្ស សុក្រឹត្យ​​

អត្ថបទទាក់ទង