ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ឡាវ បង្កើនទំនាក់ទំនងជិតស្និទ្ធនៅតាមបណ្តោយព្រំដែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 41
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ឡាវ បង្កើនទំនាក់ទំនងជិតស្និទ្ធនៅតាមបណ្តោយព្រំដែន សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ឡាវ បង្កើនទំនាក់ទំនងជិតស្និទ្ធនៅតាមបណ្តោយព្រំដែន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យកម្ពុជា-ឡាវ ធ្វើយ៉ាងណាបង្កើនទំនាក់ទំនងនៅតាមព្រំដែនឱ្យកាន់តែជិតសិទ្ធថែមទៀត ដោយហេតុថាទំនាក់ទំនងជិតស្និទ្ធនេះ នឹងអាចឈានទៅដល់ការដោះស្រាយរៀងរាល់បញ្ហាទាំងឡាយ ដែលកើតឡើងនៅតាមបណ្តោយព្រំដែន។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចបានទទួលជួប លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព ខណៈដែលលោកប្រធានាធិបតីមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងជំនួបនោះ លោកប៊ុនញ៉ាំង វរជីត បានលើកឡើងថា តាំងពីដើមកកម្ពុជា និងឡាវគឺជាមិត្តជិតស្និទ្ធជាទីបំផុត ហើយគឺជាមិត្តដែលជួយគ្នាទៅវិញទៅមក។ លោកបន្តថាមិត្តភាពនេះ បានបង្កនូវលក្ខណៈជាប្រទេសជិតខាងដ៏ល្អ ហើយមានកំណើនពាណិជ្ជកម្មទៅវិញទៅមកជាបន្តបន្ទាប់ ព្រមទាំងមានសុវត្ថិភាព និងសន្តិសុខល្អនៅតាមព្រំដែនផងដែរ។

លោកក៏បានជម្រាបជូនសម្ដេចដែរថា កន្លងមកភាគីឡាវមានសេចក្តីរីករាយយ៉ាងខ្លាំងដែលនាយករដ្ឋមន្ត្រីទាំងពីរ បានលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យទៅជាទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងរយៈពេលយូរអង្វែង។ ទាំងនេះបានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងកាន់តែមានកម្រិតជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងន័យនេះដែរ លោកបានជម្រាបជូនសម្ដេចតេជោផងដែរថា រយៈពេលដែលលោកពុំបានមកកម្ពុជា ២ឆ្នាំកន្លងមកនេះលោកបានសង្កេតឃើញប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សជាទីបំផុត ហើយប្រជាជនកម្ពុជាទៀតសោធក៏មានជីវភាពរស់នៅល្អប្រសើរផងដែរ។

លោកបានអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកយ៉ាងកក់ក្រៅជាទីបំផុត ហើយបានធ្វើឱ្យដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានេះ ទទួលបានជោគជ័យ និងទទួលបានជោគជ័យជាបន្តទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយនឹងការវាយតម្លៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ដែលលើកឡើងដោយ លោក ប៊ុនញ៉ាំង វរជីត ហើយសម្ដេចក៏បានលើកទឹកចិត្តឱ្យធ្វើយ៉ាងណា កម្ពុជា-ឡាវ គប្បីជំរុញឲ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅថែមទៀត ស្របទៅនឹងអ្វីដែលយើងបានចុះហត្ថលេខារបស់ប្រទេសទាំងពីរ។

សម្ដេចតេជោ ក៏បានលើកឡើងទៀតថា នៅតាមព្រំដែន អាជ្ញាធរដែនដីទាំងសង្ខាងដើរតួយ៉ាងសំខាន់ជំរុញទំនាក់ទំនងឲ្យបានជិតស្និទ្ធអាចមានជាកម្មវិធីកីឡារួមគ្នាផង ហើយធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះ អាចឈានទៅដល់ការដោះស្រាយរៀងរាល់បញ្ហាទាំងឡាយ ដែលកើតមាននៅតាមព្រំដែន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ដែរថា ការជំរុញទំនាក់ទំនងតាមព្រំដែនឱ្យជិតស្និទ្ធនេះ មិនត្រឹមតែអាជ្ញាធរដែនដីទេ កងទ័ពទាំងពីរគប្បីណាជំរុញទំនាក់ទំនងឲ្យបានកាន់តែជិតស្និទ្ធផងដែរ ព្រោះកាលណាមានភាពជិតស្និទ្ធ ហើយទោះបីមានរឿងអ្វីក៏ដោយក៏អាចដោះស្រាយនឹងពិភាក្សាគ្នាបានផងដែរ។

សូមបញ្ជាក់ថា លោកប្រធានាធិបតីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ អញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែកុម្ភៈ ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង៕

Fresh News

អត្ថបទទាក់ទង