ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេច ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននាយនគរបាលជាង១ពាន់នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 53
ប្រសាសន៍សំខាន់ៗរបស់សម្តេច ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននាយនគរបាលជាង១ពាន់នាក់ ប្រសាសន៍សំខាន់ៗរបស់សម្តេច ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននាយនគរបាលជាង១ពាន់នាក់

នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

និស្សិត និងសិក្ខាកាមជាមន្ត្រីនគរបាលដែលទទួលបានសញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃនេះរួមមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១៨០នាក់ នារី០៧នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន៣១៩នាក់, នារី៤០នាក់, សិក្ខាកាមថ្នាក់វិញ្ញាបនបត្រ ចំនួន៩៦៦នាក់ នារី៥៥នាក់។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេច ហ៊ុន សែន៖

  1. សម្តេច ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់នគរបាល ហើយក៏មានមោទនភាពដែលបណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនលើការបណ្តុះបណ្តាល។
  2. សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ដែលបានរៀបចំឱ្យមានការបណ្តុះបណ្តាលមន្ត្រីនគរបាល។
  3. សម្តេច ហ៊ុន សែន បានកត់សម្គាល់ថា មន្ត្រីនគរបាលកម្ពុជានាពេលបច្ចុប្បន្នបានប្រឹងប្រែងពង្រីកសមត្ថភាពដើរទាន់ការវិវឌ្ឍន៍របស់សង្គមជាតិ។
  4. សម្តេច ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង នៅតួកគីហើយនោះ នៅពេលឆាប់ៗខាងមុខសម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅតួកគីផងដែរ។
  5. សម្តេច ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពដែលកម្ពុជាអាចរៀបចំបាននូវក្បាលម៉ាស៊ីនប្រទេសមួយ កើតចេញពីស្ថានភាពមួយដ៏លំបាកលំបិន។
  6. សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យនាយឧត្តមសេនីយ៍ សេង ផល្លី ពិនិត្យរកជំនាញវិជ្ជាជីវៈផ្សេងៗទៀត ដើម្បីបណ្តុះបណ្តាលដល់មន្ត្រីនគរបាលក្រៅពីជំនាញនាពេលបច្ចុប្បន្ន។
  7. សម្តេច ហ៊ុន សែន បានថ្លែងថា បញ្ហាសន្តិសុខនៅលើពិភពលោកនៅតែរងការគំរាមកំហែង។ ជាក់ស្តែងដូចជាករណីបាញ់ប្រហារនៅអាមេរិកនៅថ្ងៃម្សិលមិញ និងអំពើភេរវកម្មព្រោះជម្លោះសាសនានៅតាមបណ្តាប្រទេសមួយចំនួន ដែលទាមទារឱ្យមានការសិក្សាគួរបង្កើតឱ្យមានការបណ្តុះបណ្តាលបន្ថែម ដើម្បីឆ្លើយតបបញ្ហាទាំងនេះ។
  8. សម្តេច ហ៊ុន សែន បានថ្លែងថា កម្ពុជាបានរៀនសូត្រ និងដកពិសោធន៍ពីបណ្តាប្រទេសនានាលើពិភពលោកច្រើនណាស់។ ជាពិសេសគឺវិស័យយោធា។
  9. សម្តេច ក្រើនរំលឹកដល់មន្ត្រីនគរបាលបញ្ចប់ការសិក្សាទាំងអស់ ឱ្យយកជំនាញរបស់ខ្លួនទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាឱ្យបាននូវសន្តិសុខសង្គម។
  10. សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកទៅកាន់មន្ត្រីនគរបាលទៀតថា សន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពនយោបាយ គឺជាកត្តាដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមជាតិ។ សម្តេច បានគូសបញ្ជាក់ថា ការអភិវឌ្ឍមិនអាចធ្វើទៅបានឡើយ បើគ្មានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពទេនោះ។
  11. សម្តេច ហ៊ុន សែន បានប្រកាសជួយសាងសង់អគារបណ្ឌិត្យសភានគរបាលកម្ពុជាមួយខ្នងទៀត មានកម្ពស់៥ជាន់ តម្លៃ១លានដុល្លារ ដើម្បីផ្តល់ការបណ្តុះបណ្តាល និងហ្វឹកហាត់ដល់មន្ត្រីនគរបាលកម្ពុជា។
  12. សម្តេច ហ៊ុន សែន បានថ្លែងថា ក្រសួងមហាផ្ទៃ និងនគរបាល គឺជាប្រតិបត្តិករដ៏សំខាន់ក្នុងរក្សានូវសន្តិភាព ស្ថេរភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។
  13. សម្តេច ហ៊ុន សែន បានថ្លែងថា កិច្ចការធ្វើកំណែទម្រង់ត្រូវតែបន្តដើរទៅមុខ។
  14. សម្តេច ហ៊ុន សែន ថ្លែងរំពឹងថា អ្នកដឹកនាំជំនាន់ក្រោយរក្សាទុកក្បាលម៉ាស៊ីនក្រសួងមហាផ្ទៃ ដោយរក្សាទុកនគរបាលឱ្យស្ថិតនៅក្រោមក្រសួងមហាផ្ទៃ។
  15. សម្តេច ហ៊ុន សែន បានថ្លែងថា គ្មានធនធានមនុស្សមិនអាចធ្វើអ្វីបាននោះឡើយ។
  16. សម្តេច ហ៊ុន សែន បានថ្លែងកោតសរសើរដល់វីរភាពរបស់កម្លាំងនគរបាល ដែលបានបំពេញការងារបម្រើជាតិមាតុភូមិ។ ពោលនគរបាលមិនមែនបម្រើការងារតែ ក្នុងក្រុងនោះទេ តែក៏បានបំពេញការងារនៅតាមព្រំដែន នៅតាមជើងទឹកផងដែរ។
  17. សម្តេច ហ៊ុន សែន បានថ្លែងថា ពេលបុណ្យទានគេជួបជុំគ្រួសារ នគរបាលជាប់ភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់, ទៅក្តៅ ឬភ្លៀង ក៏នគរបាលនៅតែបំពេញការងារ។
  18. សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា កម្ពុជានឹងមិនបណ្តោយឲ្យក្លាយទៅជាប្រទេសជាជម្រកក្រុមភេរវករ និងកន្លែងលាងលុយកខ្វក់ឡើយ។
  19. សម្តេច ហ៊ុន សែន បានថ្លែងថា ការសាងសង់អគារ៥ជាន់របស់បណ្ឌិត្យសភានគរបាលជាតិ មិនប្រើប្រាស់ថវិកាជាតិនោះទេ គឺសម្តេចនឹងប្រឹងប្រែងកៀរគរថវិកាពីសប្បុរសជន។
  20. សម្តេច ហ៊ុន សែន បានថ្លែងរំលឹកដល់មន្ត្រីឱ្យប្រឹងប្រែងរួមគ្នាជំរុញសេដ្ឋកិច្ចកម្ពុជា។ សម្តេច បានថ្លែងថា បើអភិបាលកិច្ចកម្ពុជាស្មោកគ្រោក សេដ្ឋកិច្ចកម្ពុជាមិនអាចឈរនៅកំពូលតារាងក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដូចការវាយតម្លៃរបស់ ADB នោះឡើយ។

អត្ថបទទាក់ទង