ខ្មែរប៉ុស្ដិ៍ Close

ស្រមោលបដិវត្តន៍ពណ៌នៅកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 80
ស្រមោលបដិវត្តន៍ពណ៌នៅកម្ពុជា ស្រមោលបដិវត្តន៍ពណ៌នៅកម្ពុជា

៦ ខែ ក្រោយពីគណបក្សសង្គ្រោះជាតិ ដែលជាអង្គការចាត់តាំងផ្នែកនយោបាយ នៃបដិវត្តន៍ពណ៌នៅកម្ពុជា ត្រូវបានរំលាយដោយ សាលដីកាតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អង្គការសង្គមស៊ីវិល និងក្រុមអ្នកធ្លាប់អនុវត្តផែនការបដិវត្តន៍ពណ៌ ជាមួយបក្សប្រឆាំងនាពេលកន្លងទៅបាននិងកំពុងតែពួនសម្ងំលាក់ខ្លួន និងខ្លះទៀត បាននិងកំពុងតែប្រែផ្លាស់រូបភាព និងសក​ម្មភាពផ្សេងៗរបស់ខ្លួន ដើម្បីលាក់បំពួននូវផែនការដ៌ខ្មៅកខ្វក់របស់ពួកគេ នៅក្នុងការបម្រើមហិច្ឆតាបរទេស និងបំផ្លាញជាតិ និងប្រឆាំងនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។  ពួកគេនៅតែបន្តជានិច្ចនូវផែនការបំផ្លាញកម្ពុជា ជាពិសេសគឺការរំខាន បំផ្លាញ ​និងបង្ខូចនូវកិត្យានុភាពនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ ដើម្បីញុះញង់ប្រជាពលរដ្ឋ ពួកគេបានត្រៀមនឹងបំផ្ទុះបញ្ហាចេញពីវិស័យ បី សំខាន់គឺ ១-បញ្ហាដីធ្លី ២-បញ្ហាកសិកម្ម និង ៣-បញ្ហាបរិស្ថាននិងធនធានធម្មជាតិ

ពិនិត្យមើលជារូបភាពគឺពួកគេហាក់ដូចជាបង្ហាញការយកចិត្តទុកដាក់ និងជួយប្រជាកសិករខ្មែរ ប៉ុន្តែក្នុងផែនការ ដែលពួកគេរៀបចំគឺ ពោរពេញដោយល្បិចកល និងផែនការពិសពុលនៅពីក្រោយខ្នង ក្នុងនោះសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដឹកនាំដោយឈ្មោះ ថេង សាវឿន និងស្ថិតនៅក្រោមការបង្គាប់បញ្ជាពីក្រោយខ្នងពីសំណាក់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) និងអង្គការ IDI (Inclusive Development International) ត្រូវបានគេមើលឃើញថាជាបណ្តាញមួយដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងអនុវត្តផែនការបដិវត្តន៍ពណ៌ និងគាំទ្រក្រុមអ្នកនយោបាយប្រឆាំង ដើម្បីសម្រេចផែនការក្តោបក្តាប់អំណាច។ តើសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC បានធ្វើអ្វីខ្លះក្នុងនាមជាស្រមោលនៃផែនការបដិវត្តន៍ពណ៌?

ទស្សនាវីដែអូ៖ ស្រមោលចលនាបដិវដ្ដពណ៌នៅកម្ពុជា

តាមប្រភពព័ត៌​មានសម្ងាត់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅនេះ ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)  បានចូលរួមសមាជយុវកសិករជនបទអន្តរជាតិ ក្រោមលេសស្ដីអំពី «ការកើនឡើងនៃយុវជនជនបទដើម្បីសុវត្ថិភាពស្បៀង» នៅក្នុងទីក្រុងហ្សាការតា  ប្រទេសឥណ្ឌូណេស៊ី។ សមាជនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវកសិករជនបទលើសិទ្ធិដីធ្លី និងសុវត្ថិភាពស្បៀងអាហារ។ ប៉ុន្តែតាមពិត គឺជាការចូលរួមរៀបចំគម្រោងផែនការត្រៀមបំផ្ទុះការតវ៉ាក្នុងចំណោមប្រជាកសិករ ក្នុងករណីចាំបាច់ដើម្បីបង្កចលាចលក្នុងសង្គមនាពេលខាងមុខ ប្រសិនបើចៅហ្វាយនាយបរទេសរបស់ពួកគេចង់ធ្វើវិច្ឆេទកម្មនយោបាយ ប្រឆាំងនឹងកម្ពុជា ក្នុងករណីដែលកិច្ចខិតខំប្រែងទាំងបំពានច្បាប់ទម្លាប់អន្តរជាតិរបស់ពួកគេបរាជ័យ មិនអាចប្រស់ខ្មោចគណបក្សសង្គ្រោះជាតិ ឱ្យរស់ឡើងវិញ និងមិនអាចជួយស្រោចស្រង់អ្នកនយោបាយដែលត្រូវបានដកសិទ្ធិ មិនឱ្យធ្វើនយោបាយទាំង ១១៨ នាក់បាន។

ដូចអង្គការខុមហ្វ្រែលរបស់លោក គល់ បញ្ ញាដែរ សម្ព័ន្ធសហគមន៍កសិករកម្ពុជានេះ ទទួលបានការគាំទ្រថវិកាពីបណ្តាមូលនិធិ និងអង្គការមួយចំនួន របស់ប្រទេសដែលគាំទ្រយ៉ាងប្តូរផ្តាច់លើសកម្មភាពបក្សក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ និងតែងតែដំឡើងឫកធ្វើ ជាម៉ែឪរបស់កម្ពុជា ក្នុងនោះមានអង្គការ IDI របស់សហរដ្ឋអាមេរិកផងដែរដែលបានគាំទ្រ និងដាក់ចុះផែនការឱ្យសង្គមស៊ីវិល ដែលទទួលថវិការបស់ខ្លួនអនុវត្តតាម។ ​

សម្ព័ន្ធសហគមន៍កសិករកម្ពុជាដឹកនាំដោយឈ្មោះ ថេង សារឿន ត្រូវបានគេដឹងថា មានទំនាក់ទំនងនឹង សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) របស់លោក វន ពៅ ដែលធ្លាប់ត្រូវបានចាប់ខ្លួន នៅក្នុងបាតុកម្ម ញុះញង់ បង្កចលាចលសង្គម នៅស្ទឹងមានជ័យនៅដើមឆ្នាំ ២០១៤ កន្លងទៅក្នុងក្របខ័ណ្ឌនៃផែនការបដិវត្តន៍ពណ៌ដឹកនាំអនុវត្តផ្ទាល់ដោយគណបក្សសង្គ្រោះជាតិ។ ជាមួយគ្នា
នេះ អង្គការនេះក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ NGO Forum ដឹកនាំដោយ តឹក វណ្ណារ៉ា ដែលបានដាក់ទិសដៅបន្តលើបញ្ហាដីធ្លី និងបញ្ហាដីកសិកម្ម និងផលប៉ះពាល់ពីការអភិវឌ្ឍទំនប់វារីអគ្គិសនី តាមដងទន្លេមេគង្គ។

តាមប្រភពព័ត៌មានពីអង្គការ ​NGO Forum បញ្ហាដីធ្លី បញ្ហាដីកសិកម្ម គឺអង្គការនេះនឹងត្រូវចេញធ្វើសកម្មភាពឱ្យបានផុសផុលបំផុត ក្នុងការទាមទារសំណងឱ្យបានមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨។  យោងតាមប្រភពព័ត៌មានស្និទ្ធនឹងអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា អង្គការនេះក៏ជាផ្នែកមួយស្ថិតនៅក្នុងរចនាសម្ព័ន្ធនៃចលនាបដិវត្តពណ៌ នៅកម្ពុជាផងដែរ តាមរយៈសកម្មភាព «បដិវត្តន៍កសិករ ឬ បដិវត្ដន៍បៃតង» ដែលពួកគេបានធ្វើកន្លងទៅ។ ពួកគេបាននិង កំពុងប្រើយុទ្ធសាស្ត្រ «បង្កាត់ភ្លើង និងចិញ្ចឹមទំនាស់» ដោយព្យាយាមចិញ្ចឹមទំនាស់ដីធ្លី នៅតាមតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា។

ក្នុងគោលបំណងបំផុសបំផុលការបះបោររបស់ប្រជាកសិករ អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានធ្វើយុទ្ធនាការមួយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ មានឈ្មោះថា «គ្មានដី គ្មានទីផ្សារ គ្មានជីវិត» ញុះញង់ឱ្យប្រជាកសិករស្រែក និងសរសេរទិសស្លោក «ឈប់សហការគ្នារឹបអូសដីធ្លីកសិករ និងឈប់ធ្វើ ច្បាប់គោលនយោបាយដែលគ្មានប្រយោជន៍សម្រាប់កសិករ»

ពួកគេក៏បានកៀងគរជ្រកកម្លាំងសមាជិកជ្រកក្រោមស្លាកវិស័យកសិកម្ម ហើយមានផែនការអូសទាញប្រជាពលរដ្ឋចូលរួមជាសមាជិកចំនួនជាង ៧ ម៉ឺននាក់មកពី ៥៩ សហគមន៍មកពី ៩ ខេត្តក្នុងនោះមានខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពត តាកែវ ព្រះ សីហនុ កំពង់ធំ ព្រះវិហារ និងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនាពេលកន្លងទៅ មានចលនាប្រជាកសិករ ដែលតវ៉ានឹងតម្លៃកសិផល រហូតដល់មានការញុះញង់ ឱ្យចាក់កសិផលចោលនៅតាមថ្នល់ជាតិលេខ ៥ នៅ ក្នុងស្រុកមោងឫស្សី។

ការចាក់កសិផលនេះក្រោយមកត្រូវបានគេដឹងថាគឺសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដឹកនាំថោយ ថេង សារឿន គឺជាអ្នកនៅពីក្រោយញុះញង់ និងមានការបញ្ជាពីអង្គការ NGO Forum និង IDI របស់សហរដ្ឋអាមេរិក ឱ្យធ្វើដូច្នេះដើម្បីដាក់សម្ពាធមកលើរាជរដ្ឋាភិបាលដោះស្រាយតម្លៃស្រូវ។ ប៉ុន្តែគោលដៅសំខាន់របស់ពួកគេគឺដើម្បីញុះញង់ឱ្យប្រជាកសិករបះបោរប្រឆាំងនឹងរដ្ឋអំណាចតែម្តង។

តាមប្រភពព័ត៌មាន អង្គការនេះកំពុងមានសកម្មភាពនៅខេត្តកណ្តាល ព្រះវិហារ ស្វាយរៀង ខេត្តព្រះសីហនុ ហើយពិសេស ក៏មានពាក់ពន្ធ័ នឹងព្រឹត្តិការណ៍នៃការញុះញង់ឱ្យប្រជាពលរដ្ឋដណ្តើមកាន់កាប់ដីដោយ ខុសច្បាប់នៅស្រុកស្នួល ខេត្តក្រចេះកាលពីខែមីនា ឆ្នាំ ២០១៨ រហូតដល់ មានការប្រឌិតព័ត៌មានថាមានការបាញ់សម្លាប់មនុស្ស ៦ នាក់ និងរបួសជាង ៤០ នាក់ទៀតផង ក្នុងចេតនាបង្កចលាចលសង្គម និងបង្កការខឹងសម្បារ នឹងអាជ្ញាធររាជរដ្ឋាភិបាល ងាយស្រួលពួកគេបំផ្ទុះកំហឹងប្រជាពលរដ្ឋផងដែរ។

ដោយប្រើប្រាស់រូបភាពនៃការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យដើម្បីផ្លាស់ប្តូររបប និងរាជរដ្ឋាភិបាលស្របច្បាប់ និងលើកបន្តុបក្រុមអ្នកនយោបាយ ប្រឆាំងដែលតែងតែលក់ឧត្តមគតិជាតិ បម្រើផលប្រយោជន៍បរទេស និងយកអធិបតេយ្យភាពជាតិដាក់ក្រោមបាតជើងបរទេស ចៅហ្វាយនាយ បរទេស ពួកគេមិនញញើតនឹងជះលុយចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីបង្កបង្កើតបញ្ហាទាំងឡាយឡើយ ហើយ អង្គការសហគមន៍កសិករកម្ពុជា បាននិងកំពុងអនុវត្តផែនការបំផ្លាញជាតិ និងសំខាន់ចំពោះមុខគឺបំផ្លាញ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដា ខាងមុខ។

ទង្វើទាំងអស់នេះគឺជាទង្វើខុសច្បាប់ ហើយ ប្រសិនបើអង្គការនេះនៅតែបន្តសកម្មភាព នោះអាចនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់ក៏ថាបាន៕