ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគកម្ពុជា៖ អ្វីដែលនាយករដ្ឋមន្ត្រីសិង្ហបុរីលើកឡើង ជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះព្រលឹងជនរងគ្រោះដែលស្លាប់ក្នុងរបបខ្មែរក្រហម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 54
អ្នកវិភាគកម្ពុជា៖ អ្វីដែលនាយករដ្ឋមន្ត្រីសិង្ហបុរីលើកឡើង ជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះព្រលឹងជនរងគ្រោះដែលស្លាប់ក្នុងរបបខ្មែរក្រហម អ្នកវិភាគកម្ពុជា៖ អ្វីដែលនាយករដ្ឋមន្ត្រីសិង្ហបុរីលើកឡើង ជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះព្រលឹងជនរងគ្រោះដែលស្លាប់ក្នុងរបបខ្មែរក្រហម

ការចោទប្រកាន់របស់ នាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong ទៅលើវៀតណាមថា បានឈ្លានពានកម្ពុជានោះ បានធ្វើឱ្យមានប្រតិកម្មខ្លាំងក្លាពីសំណាក់ប្រជាជាតិកម្ពុជា-វៀតណាម ដោយសារតែការចោទប្រកាន់នេះ បានផ្ទុយទាំងស្រុងទៅនឹងប្រវត្តិសាស្រ្តដែលវៀតណាម បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្នុងការរំដោះប្រជាពលរដ្ឋខ្មែរពីរបបខ្មែរក្រហម។

អ្នកវិភាគដ៏ល្បីមួយរូបនៅកម្ពុជា ដែលមានរហស្សនាម ចៅចាក់ស្មុក បានហៅអ្វីដែលនាយករដ្ឋមន្ត្រីសិង្ហបុរី លើកឡើងជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះព្រលឹងជនរងគ្រោះ ដែលស្លាប់ក្នុងរបបខ្មែរក្រហម និងជនរងគ្រោះដែលរស់រានមានជីវិតពីរបបខ្មែរក្រហម និងជាការជាន់ឈ្លីលើដំណើរការស្វែងរកយុត្តិធម៌ លើឧក្រិដ្ឋកម្មអន្តរជាតិ សម្រាប់មនុស្សជាតិទាំងមូលដែលកំពុងដំណើរការដោយសាលាក្តីខ្មែរក្រហម។

អ្នកវិភាគបានបន្តអះអាងថា៖ «លោកនាយករដ្ឋមន្ត្រីសិង្ហបុរី មិនគួរបញ្ចេញសារដ៏ឆ្កួតលីលាដូច្នេះឡើយ។ តើលោកចង់បានអ្វីឱ្យពិតប្រាកដ? នៅអតីតកាលពលរដ្ឋខ្មែររងគ្រោះ ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយក្រោយពីការយកជីវិតធ្វើដើមទុន ដើម្បីរំដោះខ្លួនពីអំពើប្រល័យពូជសាសន៍ ប្រជាជនកម្ពុជាត្រូវរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយពីបស្ចឹមប្រទេស ដែលក្នុងនោះប្រទេសសិង្ហបុរី ឪពុករបស់លោកនាយករដ្ឋមន្ត្រីផ្ទាល់ បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រក្រុមខ្មែរក្រហម គាំទ្របង្កើតចលនាត្រីភាគីប្រឆាំងនឹងការរស់រានជីវិតឡើងវិញរបស់កម្ពុជា»។

អ្នកវិភាគចៅចាក់ស្មុក បានលើកឡើងថា ក្នុងនាមជាសមាជិកអាស៊ាន លោកនាយករដ្ឋមន្ត្រីសិង្ហបុរី គួរគោរពធម្មនុញ្ញអាស៊ាន និងស្មារតីនៃសាមគ្គីភាពរវាងប្រទេសអាស៊ាន ដែលមេដឹកនាំអាស៊ានបានសន្យានៅចំពោះមុខប្រជាជនរបស់ខ្លួន ជាជាងប្រើប្រាស់ការវាយប្រហារលើប្រទេសសមាជិកអាស៊ានដូចគ្នា និងទាញយកផលប្រយោជន៍សម្រាប់ខ្លួន ដោយមិនខ្វល់នឹងភាពឈឺចាប់ខ្លោចផ្សាររបស់ប្រជាពលរដ្ឋខ្មែរក្នុងឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅរបស់ខ្មែរក្រហម។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី គួរទទួលស្គាល់នូវការលះបង់ របស់ប្រជាជនកម្ពុជា និងការស្ម័គ្ររបស់កងទ័ពវៀតណាមជួយរំដោះពលរដ្ឋខ្មែរពីក្រញ៉ាំដៃខ្មែរក្រហម ហើយប្រសិនបើសិង្ហបុរីជួបសោកនាដកម្មដូចកម្ពុជា ទើបលោកនាយករដ្ឋមន្ត្រីស្គាល់ថា តើសន្តិភាពមានតម្លៃយ៉ាងណា ហើយស្គាល់ថា តើភាពឈឺចាប់ខ្លោចផ្សាររងទុក្ខរបស់ជនរងគ្រោះនៃរបបខ្មែរក្រហមមានជម្រៅកម្រិតណា។

អ្នកជំនាញជាច្រើន បានចេញមុខរិះគន់ជាសាធារណ ទៅលើសុន្ទរកថារបស់ លោក លី ស៊ាងឡុង ពាក់ព័ន្ធនឹងរបបវាលពិឃាត ដែលបានសម្លាប់រាល់ប្រជាជនទាំងអស់ ដែលប្រឆាំងនឹងនយោបាយរបស់អង្គការនេះ។ នៅទីបំផុតរបបខ្មែរក្រហម បានធ្វើឲ្យប្រជាជនកម្ពុជាចន្លោះពី ១.៥ ទៅ ៣លាននាក់បាត់បង់ជីវិត ដែលស្មើនឹង ២៥% នៃចំនួនប្រជាជនកម្ពុជាសរុប នាសម័យកាលនោះ។

ការលើកឡើងរបស់ នាយករដ្ឋមន្ត្រីសិង្ហបុរី តាមរយៈគណនី Facebook របស់លោក កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅថ្មីៗនេះ បានបង្កឲ្យមានការរិះគន់ខ្លាំងៗ ពីសំណាក់អ្នកនយោបាយ និងបុគ្គលល្បីៗ នៅក្នុងប្រទេសកម្ពុជា។ នាយករដ្ឋមន្ត្រីសិង្ហបុរីបានយកឱកាសនៃកាផ្ញើសារចូលរួម មរណៈទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ លោក ព្រេម ទិនស៊ូឡាណន់ ដើម្បីបរិយាយអំពីបញ្ហាខ្មែរក្រហម និងការចោទវៀតណាមថា បានឈ្លានពានប្រទេសកម្ពុជា។

តាមរយៈគេហទំព័រក្រសួងការបរទេសវៀតណាម អ្នកស្រីបានលើកឡើងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសាលក្រមលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តដោយខ្មែរក្រហមកាលពីខែវិច្ឆិកាឆ្នាំមុន។

«សាលក្រមនេះគឺជាភ័ស្តុតាងជាក់ស្តែងចំពោះការណ៍ពិតជាប្រវត្តិសាស្ត្រ ហើយវាផ្តល់យុត្តិធម៌ និងប៉ះប៉ូវការខូចខាតដល់ជនរងគ្រោះដែលសាលក្រមនេះ ត្រូវបានស្វាគមន៍ដោយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ»