ខ្មែរប៉ុស្ដិ៍ Close

    នាយករដ្ឋមន្រ្តីចិន៖ វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការគាំទ្រខ្លាំងក្លាចំពោះចិនក្នុងគ្រាលំបាក

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1998
    នាយករដ្ឋមន្រ្តីចិន៖ វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការគាំទ្រខ្លាំងក្លាចំពោះចិនក្នុងគ្រាលំបាកនាយករដ្ឋមន្រ្តីចិន៖ វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការគាំទ្រខ្លាំងក្លាចំពោះចិនក្នុងគ្រាលំបាក

    ភ្នំពេញ៖ វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ គឺជាការគាំទ្រខ្លាំងក្លាចំពោះរដ្ឋាភិបាលចិនក្នុងគ្រាលំបាក ដែលកំពុងប្រឈមមុខនឹងជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី។ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាគ្នាពីបញ្ហាវីរុសប្រភេទថ្មីនេះ នាទីក្រុបប៉េកាំង នៅថ្ងៃទី៥ កុម្ភៈនេះ។

    លោក លី ខឺឈាំង បានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា រដ្ឋាភិបាលចិន នឹងអាចប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរលាកសួតនៃវីរុសប្រភេទថ្មីនេះ ប្រកបដោយជោគជ័យ។ លោក លី បានបញ្ជាក់ថា ភាគីចិនធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅទីនោះ កុំមានការភ័យខ្លាច។ សម្រាប់លោកលី រដ្ឋាភិបាលចិន ក៏យកចិត្តទុកដាក់ខ្លាំងចំពោះទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកកាន់ប្រទេសចិន ដែលកំពុងផ្ទុះវីរុសកូរ៉ូណានេះផងដែរ។

    «តាមរយៈដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសចិននៅពេលនេះ គឺបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាចំពោះប្រទេសចិនក្នុងគ្រាលំបាក។ រដ្ឋាភិបាល និងប្រជាពលរដ្ឋចិន មានជំនឿយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងចំពោះជំងឺកូរ៉ូណានេះ ហើយចិននឹងនៅតែបន្តគាំទ្រផលប្រយោជន៍របស់ប្រជាជនចិន និងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្រង់សម្តីនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង។

    ថ្លែងតបការលើកឡើងរបស់នាយករដ្ឋមន្រ្តីចិនខាងលើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ដំណើរទស្សនកិច្ចលោកនៅពេលនេះ គឺដើម្បីលុបបំបាត់ការភ័យខ្លាចក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ។ ជាពិសេសបង្ហាញពីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនចិនក្នុងគ្រាលំបាកនេះ និងផ្ដល់ជំនឿចិត្តចំពោះប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅប្រទេសចិន។ លោកនាយករដ្ឋមន្ត្រី អះអាងថា កម្ពុជាមិនអាចរត់ចេញបញ្ហា ដែលកំពុងកើតឡើងនៅប្រទេសចិននេះបានទេ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយដូច្នេះថា៖« កម្ពុជាចង់បង្ហាញពីការគាំទ្រ ជាមួយប្រទេសចិនក្នុងពេលដែលចិនកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងវីរុសកូរ៉ូណានេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកនឹងចូលរួមសុខរួមទុក្ខជាមួយនឹងគ្រួសារជនរងគ្រោះដោយសារវីរុសនេះ។

    សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ហាជំងឺកូណានេះគឺជាសង្គ្រាមចិត្តសាស្រ្ត ដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។«អ្វីដែលសំខាន់មិនមែនដោយសារវីរុសកូរ៉ូណាទេ ប៉ុន្តែគឺជាការភ័យខ្លាចរបស់ប្រជាពលរដ្ឋ»។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

    មេដឹកនាំកម្ពុជា ក៏អរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជា កំពុងតែរស់នៅប្រទេសចិន ជាពិសេសការប្រើប្រាស់វិធានការមួយចំនួន ដើម្បីជួយសម្រួលដល់ការរស់នៅរបស់និស្សិតកម្ពុជាដែរ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបរិយាយដូច្នេះថា៖«មានអ្នកខ្លះចោទប្រកាន់រាជរដ្ឋាភិបាល ថាបានដោះដូរអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាមួយទំនាក់ទំនងកម្ពុជា-ចិនទៅវិញ តែការលើកឡើងនោះគឺសុទ្ធតែជារឿងមិនពិតទាល់តែសោះ ពីព្រោះលោកនាយករដ្ឋមន្ត្រីបន្តការយកចិត្តទុកដាក់ចំពោះនិស្សិត ដែលកំពុងតែសិក្សានៅប្រទេសចិន»។

    មកដល់ពេលនេះ អ្នកស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទនេះ ជិត៥០០នាក់ហើយ ខណៈដែលអ្នកជំងឺមានចំនួនជាង២៤០០០នាក់។ ប្រទេសចំនួន២៥ ត្រូវបានរកឃើញករណីវីរុសកូរ៉ូណាប្រភេទថ្មីនេះ៕

    អត្ថបទទាក់ទង