ខ្មែរប៉ុស្ដិ៍ Close

អង់គ្លេសផ្តើមជីវិតថ្មី ក្រោយចេញពីសហភាពអឺរ៉ុប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 5
អង់គ្លេសផ្តើមជីវិតថ្មី ក្រោយចេញពីសហភាពអឺរ៉ុប អង់គ្លេសផ្តើមជីវិតថ្មី ក្រោយចេញពីសហភាពអឺរ៉ុប

ចាប់​ពី​ថ្ងៃសៅរ៍​ទី ១ កុម្ភៈ​នេះ​ទៅ អង់គ្លេស​ មាន​ជីវិត​ថ្មី ដែល​មិនមែន​ជា​សមាជិក​សហភាព​អឺរ៉ុប។ អង់គ្លេស​ ត្រូវ​ផ្តើម​ស្ថាបនា​ប្រទេស​ ដោយ​ត្រូវ​ស្វែង​រក​ទំនាក់ទំនង​​ថ្មី​ជាមួយ​អឺរ៉ុប​ផង និង​ដោយ​ត្រូវ​ស្វែង​រក​តួនាទី​ថ្មី​នៅ​លើ​ឆាក​អន្តរជាតិផង។ យ៉ាង​ណា​ក៏ដោយ ក៏​នៅ​យប់​មិញ ពលរដ្ឋ​អង់គ្លេស​អ្នក​គាំទ្រ Brexit បានសម្តែង​ការ​អបអរ​​សាទរយ៉ាង​ខ្លាំង​ ដំណើរ​ចាកចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ​។

នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរីស​ ចនសុន ដែល​បាន​ក្លាយ​ជាបុរស​ខ្លាំង​នាំ​អង់គ្លេសឱ្យ​ដើរ​​​ចេញ​ពី​អឺរ៉ុប​បាន​សម្រេច មិន​ចង់​ប្រារព្វ​ពិធី​Brexit ​ដោយ​ហ៊ឹកហ៊ាក់​ពេកទេ។ លោក​បាន​ជ្រើសរើស​ភាព​ស្ងប់​ស្ងាត់ ស្ថិត​នៅ​ជាឯកជន​ក្នុង​ការិយាល័យ​នាយករដ្ឋមន្ត្រី និង​បាន​ថ្លែង​សុន្ទរកថា​​ដ៏​ខ្លី ទៅ​កាន់​ប្រជាជាតិ​នៅ​វេលា​ម៉ោង ១០​យប់ ទទួល​ស្គាល់​ថា មានពលរដ្ឋ​អង់គ្លេស​មួយ​ភាគ​ធំរីករាយ ដែល​បាន​ចាក​ចេញ​ពី​អឺរ៉ុប ប៉ុន្តែ​ក៏មាន​ពលរដ្ឋ​មួយ​ចំនួន​ធំ​ផ្សេង​ កំពុង​កើត​ទុក្ខ និង​មួយ​ក្រុម​ទៀត​ កំពុង​ចាប់​ផ្តើម​ព្រួយ​បារម្ភ​ខ្លាច​ការ​តស៊ូ​នយោបាយ​ដើម្បី​Brexitមិន​ចប់។

លោក​នាយករដ្ឋមន្ត្រី​បាន​សន្យា​​ ថ្ងៃ​នេះ​ជា​ការ​ចាប់​ផ្តើម​ថ្មី​របស់​អង់គ្លេស ដូច្នេះ លោក​នឹង​ប្រឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បីបំពេញ​​បំណង​ពលរដ្ឋ​ដែល​​ចង់​បាន​ការ​ប្តូរផ្លាស់​។ ​លោក​ចនសុន បាន​អះអាង​ជា​ថ្មី​ថា Brexit គឺ​ជា​ការ​ចាប់​ផ្តើម​សករាជ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ជាមួយ​អឺរ៉ុប។ Brexit ជា​ជោគជ័យ​ដ៏​រន្ទឺ​របស់​អង់គ្លេស បើ​ទោះ​បី​ជាមាន​ឧបសគ្គ​យ៉ាង​ច្រើន​យ៉ាងណា​ក៏​ដោយ។ នេះ​បើ​តាម​ការ​ព្យាករ​របស់​លោក​ចនសុន។

ចំណែក​ខាង​ប្រជា​ពលរដ្ឋ​វិញ កន្លះ​វិនាទី​ មុន​ម៉ោង ១១យប់ ម៉ោង​នៅ​អង់គ្លេស (ត្រូវជា​ម៉ោងសូន្យ ម៉ោង​នៅក្រុង​ព្រុចសែល រដ្ឋធានី​របស់​សហភាព​អឺរ៉ុប) ហ្វូង​មនុស្ស​បាន​កកកុញ​គ្នា​ នៅ​មុខ​សភា​អង់គ្លេស​ នា​ទីក្រុង​ឡុងដ៍ ដើម្បី​រាប់​លេខ​ថយ​។ គម្រប់​ម៉ោង​សូន្យ​ឆ្លង​ចូល​ថ្ងៃ​ទី​១កុម្ភៈ​ភ្លាម ពួកគេ​បាន​នាំ​គ្នា​ស្រវា​អោប​គ្នា និង​ស្រែក​ច្រៀង​ជូន​​ពរ​ជ័យ​គ្នា ជា​តំណាង​នៃ​ការ​ក្រេបរសជាតិ​សេរីភាពថ្មី​។

ប៉ុន្តែ​នៅភាគ​ខាង​ជើង​ប្រទេស​វិញ ជាពិសេស​នៅ​អេកូស ពលរដ្ឋនាំគ្នា​អុជ​ទៀន​ កាន់​ទុក្ខ ខ្លះ​បង្ហូរ​ទឹក​ភ្នែក ខ្លះ​បញ្ចេញ​កំហឹង ចំពោះ​​ការ​បែកព្រាត់​ពី​សហភាព​អឺរ៉ុប។ ​ថ្ងៃ​៣១​មករា​២០២០ ជា​ព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ​មែន ព្រោះ​អង់គ្លេសត្រូវ​បើក​ទំព័រ​ថ្មី​ តែ​មិនមែន​ជាការ​បិទ​បញ្ចប់​ភាព​ប្រេះឆា​ផ្ទៃក្នុង​ឡើយ។ នៅវេលា​ម៉ោង​សូន្យ ហ្វូង​មនុស្ស​បាន​នាំគ្នា​ស្រែក​ថា គ្រាន់​តែ​ជា​ការ​លា​មួយរយៈ។ អេកូស​នៅ​តែ ​រក្សា​ទង់ជាតិ​អឺរ៉ុប​នៅ​មុខ​សភា​ដដែល៕

RFI