ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីជូនដំណឹងពីការបង់ថ្លៃសេវាប្រមូលសម្រាមចាប់ផ្តើមនៅព្រឹកថ្ងៃនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកសារ 115
រដ្ឋបាលរាជធានីជូនដំណឹងពីការបង់ថ្លៃសេវាប្រមូលសម្រាមចាប់ផ្តើមនៅព្រឹកថ្ងៃនេះ រដ្ឋបាលរាជធានីជូនដំណឹងពីការបង់ថ្លៃសេវាប្រមូលសម្រាមចាប់ផ្តើមនៅព្រឹកថ្ងៃនេះ

ការបង់ថ្លៃសេវាប្រមូលសម្រាមនិងសំណល់រឹងក្នុងរាជធានីភ្នំពេញ នឹងត្រូវចាប់ផ្តើម នៅថ្ងៃទី០១កុម្ភះនេះហើយ បន្ទាប់ពីការបង់ថ្លៃសេវាប្រមូលសម្រាមនេះ នឹងមិនត្រូវបានភ្ជាប់ជាមួយវិក័យប័ត្រអគ្គិសនីតទៅទៀតទេ ចាប់ពីឆ្នាំ២០២០នេះតទៅ។

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១កុម្ភះនេះ បានធ្វើសន្និសីទកាសែត បង្ហាញអំពីរបៀប បង់ថ្លៃសេវាប្រមូលសម្រាមនិងសំណល់រឹងនេះ ដែលប្រជាពលរដ្ឋអាចបង់បាន តាមរយះ ធនាគារ វីង អេស៊ីលីដា ឬ ទ្រូម៉ាន់នី ជាដើម ក៏បាន។

សន្និសីទបានធ្វើឡើង ក្រោមវត្តមាន អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម ហួត ហៃ អភិបាលរង ឯកឧត្តម កើត ឆែ និងមន្ត្រីធនាគារ អេស៊ីលីដា ដោយមានការចូលរួម យកព័ត៌មាននេះពីក្រុមបណ្តាញសារព័ត៌មាន កាសែត ទូរទស្សន៍ ប្រមាណជាង២០នាក់។

អភិបាលរងរាជធានីឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា ការបង់ថ្លៃសេវា ប្រមូលសម្រាមនិងសំណល់រឹង តាមរយៈប្រព័ន្ធអេឡិចត្រូនិចនេះ នឹងជួយសម្រួលអោយកាន់តែមានភាពងាយស្រួលដល់ប្រជាពលរដ្ឋមិនចំាបាច់ធ្វើដំណើរ ចុះឡើង ខាតបង់ថវិកានិងពេលវេលា និងជួយបញ្ចៀសការកកស្ទះចរាចរណ៍ថែមទៀត។

យោងតាមការធ្លាប់ជូនដំណឹងពីរដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺជាពេលវេលាដែលប្រជាពលរដ្ឋរស់នៅក្នុងរាជធានី ទាំងអស់ ត្រូវទៅបង់ថ្លៃសេវាប្រមូលសំរាម សម្រាប់ខែមករា ដោយសារ ការបង់ថ្លៃសេវាប្រមូល នៅក្នុងរាជធានីភ្នំពេញ មិនត្រូវបានភ្ជាប់ ជាមួយវិក្កយបត្រអគ្គិសនីទៀតនោះទេ។តាមរយៈសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញកន្លងទៅ សម្រាប់ការបង់ថ្លៃសេវាប្រមូលសំរាម ប្រជាពលរដ្ឋត្រូវបង់ថ្លៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ ហើយក្នុងករណីខកខានមិនបានបង់ទូទាត់ក្រោយរយៈពេល១៥ថ្ងៃ នៃដំណាច់ខែនីមួយៗ នឹងត្រូវចាត់ទុកជាបំណុល ដែលជាកម្មវត្ថុនៃការផាកពិន័យប្រាក់ទៅតាមច្បាប់៕

អត្ថបទទាក់ទង