ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី៖ ទ័ពមួកខៀវកម្ពុជា៣នាក់ ដែលឆ្លង COVID-19 នៅប្រទេសម៉ាលី មានសុខភាពល្អប្រសើរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 5
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី៖ ទ័ពមួកខៀវកម្ពុជា៣នាក់ ដែលឆ្លង COVID-19 នៅប្រទេសម៉ាលី មានសុខភាពល្អប្រសើរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី៖ ទ័ពមួកខៀវកម្ពុជា៣នាក់ ដែលឆ្លង COVID-19 នៅប្រទេសម៉ាលី មានសុខភាពល្អប្រសើរ

(Fresh News)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះថា កងទ័ពមួកខៀវកម្ពុជាចំនួន៣រូប ដែលបានឆ្លងវីរុស COVID-19 នៅក្នុងតំបន់បេសកកម្ម នៃប្រទេសម៉ាលី កំពុងមានសុខភាពល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់យ៉ាងដូច្នេះថា៖ កងទ័ពមួកខៀវកម្ពុជាទាំង៣នាក់ ដែលកើតវីរុស COVID-19 នៅប្រទេសម៉ាលី មានសុខភាពល្អប្រសើរទេ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់ប្រទេសម៉ាលី ក៏ដូចជាក្រុមគ្រូពេទ្យជំនាញ នៃអង្គការសហប្រជាជាតិ ដែលមានវត្តមាននៅទីនោះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា ដោយឡែកកងទ័ពខៀវ ចំនួន១១នាក់ ដែលធ្លាប់មានប្រវត្តិប្រាស្រ័យទាកទង ជាមួយកងទ័ពទាំង៣នាក់ ដែលមានផ្ទុកវីរុស COVID-19 ត្រូវបានក្រុមគ្រូពេទ្យជំនាញ បានយកអ្នកដែលពាក់ព័ន្ធឱ្យដាក់នៅដាច់ដោយឡែក ដើម្បីតាមដានអាការៈសុខភាព ក៏ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ សុខភាពរបស់ពលទាហានទាំង ១១នាក់នោះ មានសុខភាពល្អធម្មតា គឺមិនមានលេចចេញរោគសញ្ញាណាមួយពាក់ព័ន្ធនឹងវីរុស COVID-19 នោះទេ។

នាយឧត្តមសេនីយ៍ បានបន្តថា ចាប់តាំងពីពិភពលោកបានផ្ទុះវីរុស COVID-19 មកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ជានិច្ចកាលតែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំក្នុងការតាមដាន ពិនិត្យសុខភាព របស់កងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មតរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្រៅប្រទេសចំនួន៤ រួមមាន៖ ប្រទេសលីបង់, ប្រទេសស៊ូដង់ខាងត្បូង ប្រទេសម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ជាក់ស្តែងខណៈវីរុស COVID-19 កំពុងរាតត្បាតនេះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដល់កងទ័ពមួកខៀវចំនួន៥ កងកម្លាំងធំៗ ក្នុងមួយកងៗ ទទួលបានថវិកា ចំនួន៥០០០ដុល្លារ ដោយឡែកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជូនជាបន្តបន្ទាប់នូវថ្នាំពេទ្យ ព្រមទាំងសម្ភារ ឧបករណ៍វាសកម្តៅត្រូវបានទៅកាន់ប្រទេសទាំង ៤ ដែលមានវត្តមានកងទ័ពមួកខៀវកម្ពុជា ទាំងនេះ គឺជាការបង្ហាញឱ្យឃើញពីទឹកចិត្តខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំលើកងកម្លាំងមួកខៀវនៅក្រៅប្រទេស។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បានឱ្យដឹងថា កងទ័ពកម្ពុជាបានធ្វើសំណើរទៅមន្ទីរពេទ្យកម្រិត២ របស់ចិន ដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយកងកម្ទេចគ្រាប់របស់កម្ពុជា ដែលឈរជើងតំបន់ហ្កាវ នឹងមកធ្វើបទបង្ហាញពីវិធានការការពារ ទប់ស្កាត់ និងបង្ការវីរុស COVID-19 ដល់កម្លាំងកងទ័ពមួកខៀវកម្ពុជា នៅសប្តាហ៍ក្រោយផងដែរ។

បច្ចុប្បន្ននេះកម្ពុជាមានកងកម្លាំងទ័ពមួកខៀវជិត ៣០០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ហើយកងកម្លាំងជិត ៣០០នាក់នោះ គឺបានបែងចែកគ្នា ទៅបំពេញបេសកកម្មចំនួន៦ តំបន់ផ្សេងៗគ្នារួមមាន៖ តំបន់បាម៉ាកូម្នាក់, តំបន់គីដាល់ ៨២នាក់, តំបន់ទេសាលីត ៧២នាក់, តំបន់ហ្កាវ ១០៥នាក់, តំបន់ទុំបុកទូ ២១នាក់ និងតំបន់ម៉ប់ទី ១៨នាក់។

គួរជម្រាបថា កាលពីអំឡុងដើមខែមេសា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិកម្ពុជា បានបញ្ជូនសម្ភារការពារមេរោគឆ្លង COVID-19 រួមមាន៖ ម៉ាស់ ទឹកអាល់កុល និងជែលលាងដៃ ដែលចំណាយថវិកាជាង ២ម៉ឺន ៥ពាន់ដុល្លារ ព្រមទាំងបានផ្តល់អាវពាក់ការពារ មេរោគឆ្លងប្រមាណជិត ៨០កំប្លេ ចំណាយថវិកាអស់ប្រមាណ១៤,០០០ដុល្លារ។ បន្ថែមពីលើជំនួយពីអង្គការសហប្រជាជាតិ ផ្តល់ជូនកងទ័ពមួកខៀវ កម្ពុជាកំពុងឈរជើង តាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសលីបង់, ប្រទេសស៊ូដង់ខាងត្បូង ប្រទេសម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវ ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនារីជិត ៨០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សា សន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ ខណៈស្ថានភាពវិបត្តិមេរោគឆ្លង COVID-19 នៅតាមបណ្តាប្រទេសទាំង៤ នោះ។

យោងតាមគេហទំព័រ Worldmeters គិតត្រឹមរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងប្រទេសម៉ាលី មានអ្នកឆ្លងវីរុស COVID-19 ចំនួន ៣៨៩នាក់ ក្នុងនោះស្លាប់ ២៣នាក់។

ប្រទេសម៉ាលី ឬមានឈ្មោះពេញ សាធារណរដ្ឋម៉ាលី គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្រ្វិកខាងលិច និងមានរដ្ឋធានីឈ្មោះ Bamako។ ប្រទេសនេះមានប្រជាជន ១៩.៨លាននាក់ (ឆ្នាំ២០១៨) ហើយមានផ្ទៃ ១.២៥លានគីឡូម៉ែត្រក្រឡា។ លោក Ibrahim Boubacar Keïta គឺជាប្រធានាធិបតីម៉ាលី ចាប់តាំងពីឆ្នាំ២០១៣មក។ ប៉ុន្តែប្រទេសអាហ្វ្រិកខាងលិចមួយនេះ នៅតែប្រឈមមុខនឹងវិបត្តិអំពើហិង្សា ដែលបង្កឡើងដោយការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ ក៏ដូចជា ក្រុមឧទ្ទាម ដែលមានទំនាក់ទំនង ជាមួយក្រុមអាល់កៃដា។

មកទល់នឹងបច្ចុប្បន្ន ម៉ាលីនៅតែបន្តពឹងផ្អែកលើការគំាទ្រពីកម្លាំងមួកខៀវ នៃអង្គការសហប្រជាជាតិ ដែលកំពុងស្វះស្វែងរកបទឈប់បាញ់ ជាអចិន្ត្រៃយ៍មួយ សម្រាប់ប្រទេសដ៏ក្រីក្រមួយនេះ៕

អត្ថបទទាក់ទង