ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការប្រើ​កម្លាំងមិន​អាច​ដោះស្រាយ​បញ្ហា​បាននោះ​ទេ មានតែការចរចា និងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 86
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការប្រើ​កម្លាំងមិន​អាច​ដោះស្រាយ​បញ្ហា​បាននោះ​ទេ មានតែការចរចា និងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការប្រើ​កម្លាំងមិន​អាច​ដោះស្រាយ​បញ្ហា​បាននោះ​ទេ មានតែការចរចា និងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ

ក្នុង​ជំនួប​ពិភាក្សា​ជាមួយលោក​ឧត្តមសេនីយ៍ទោ Goh Si Hou មេបញ្ជាការ​កងទ័ព​ជើងគោក នៃ​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក​ពុំមានការ​ជឿជាក់ថា ការប្រើ​កម្លាំង​អាច​ដោះស្រាយ​បញ្ហា​​បាននោះ​ទេ ផ្ទុយទៅវិញ​ ការ​ចរចា កិច្ចសហប្រតិបត្តិការ និងការ​អភិវឌ្ឍ​ទេ ដែលដោះស្រាយ​រាល់បញ្ហា​ទាំងឡាយ​បាន។

ក្នុងន័យនេះ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា​ កម្ពុជាកំពុង​តែប្រឹងប្រែង​ធ្វើយ៉ាងណា​កែប្រែ​ព្រំដែន​កម្ពុជា​ជាមួយនឹង​ប្រទេសជិតខាង អាចក្លាយ​ជាព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការ​អភិវឌ្ឍ លើសពីនោះ​ទៅទៀត​ គឺការកែប្រែ​តំបន់ដែលធ្លាប់ជា​អតីតសមរភូមិប្រយុទ្ធ​ឲ្យទៅជា​តំបន់ទីផ្សារ និងការ​អភិវឌ្ឍ។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី បានលើកឡើង​ថា កងទ័ព​កម្ពុជា-សិង្ហបុរី ចាំបាច់ត្រូវចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមក ក៏ដូចជាការ​ហ្វឹកហាត់រួមគ្នា​ផងដែរ។ នៅពេលនេះពិភពលោកមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់ ក្នុងន័យនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរពិតជាមានសារៈសំខាន់។

លោកនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោក Goh Si Hou អំពីនយោបាយរបស់កម្ពុជា គឺប្រជាពលរដ្ឋជាខឿនការពារជាតិកម្ពុជា កងទ័ពមានតួនាទីសំខាន់ក្នុងការការពារជាតិ ក៏ប៉ុន្តែក្រៅពីនេះកងទ័ពកម្ពុជា ក៏មានតួនាទីចូលរួមក្នុងការជួយបង្កបង្កើនផល ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអន្តរាយ និងចូលរួមការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

លោក​ឧត្តមសេនីយ៍ទោ Goh Si Hou បាន​ បានបង្ហាញនូវក្តីរីករាយរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាការងារជាមួយ​លោក ហ៊ុន ម៉ាណែត ផងដែរ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។

លោក​ឧត្តមសេនីយ៍ទោ​បន្តទៀត​ថា លោក​រួមជាមួយនឹង​លោក ហ៊ុន ម៉ាណែត នឹងបន្ត​ធ្វើការ​ជាមួយគ្នា ធ្វើយ៉ាងណា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​នៃប្រទេសទាំងពីរ ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំងពីរ រួមទាំង​ផលប្រយោជន៍​អាស៊ាន​ផងដែរ។ ជាមួយគ្នានេះ​ផងដែរ លោក​បានជម្រាបជូន​លោកនាយករដ្ឋមន្ត្រី ​ផងដែរ​ថា កងទ័ពទាំងពីរ​កន្លងមក​ មានកិច្ច​សហប្រតិបត្តិការ​គ្នា​យ៉ាងល្អ ហើយ​លោក និង​លោក ហ៊ុន ម៉ាណែត នឹងបន្ត​នូវទំនៀមទម្លាប់​កិច្ចសហប្រតិបត្តិការ​ល្អនេះ​ជាបន្ត​ទៀត៕

អត្ថបទទាក់ទង