ខ្មែរប៉ុស្ដិ៍ Close

ទិវានៃក្តីស្រលាញ់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំលឹកយុវវ័យកុំឲ្យប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 98
ទិវានៃក្តីស្រលាញ់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំលឹកយុវវ័យកុំឲ្យប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរ ទិវានៃក្តីស្រលាញ់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំលឹកយុវវ័យកុំឲ្យប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារក្រើនរំលឹក និងដាស់តឿនដល់យុវវ័យទាំងអស់កុំប្រព្រឹត្តទង្វើប្រាស់ចាកពីប្រពៃណី និងទំនៀបទម្លាប់របស់ខ្មែរនៅថ្ងៃទិវានៃក្តីស្រឡាញ់ថ្ងៃទី១៤កុម្ភៈនេះ តែសូមបង្ហាញនូវការស្រលាញ់ដោយក្តីគោរព។

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការណ៍ថា ថ្ងៃនេះជាថ្ងៃ១០កើត ខែមាឃ ឆ្នាំច បើនិយាយជាថ្ងៃតាមចន្ទគតិបែបនេះ តែប្រហែលជាគ្មានយុវវ័យណាចាប់អារម្មណ៍ទេមើលទៅ តែបើនិយាយថា ជាថ្ងៃ១៤កុម្ភៈ ប្រហែលជាមានអ្នកចាប់អារម្មណ៍ច្រើន អ្នកខ្លះប្រហែលជាបានរៀបចំផែនការរួចរាល់ហើយផងក៏មិនដឹង។

លោកនាយករដ្ឋមន្ត្រីបន្តថា ថ្ងៃនេះតា មិនចង់និយាយពីរឿងនយោបាយអីទេ គ្រាន់តែចង់និយាយទៅកាន់ចៅៗដែលទើបពេញវ័យ។ ចៅៗសុទ្ធតែដឹងហើយថា អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេសនៅថ្ងៃទិវានៃក្តីស្រលាញ់នេះតែម្តង។ តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការយុវវ័យនោះទេ តែការប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរក៏មិនមែនជាកិច្ចការយុវជនយុវនារីដែរ។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា លោកក៏ធ្លាប់ឆ្លងកាត់ជីវិតយុវវ័យដែរ ដូច្នេះលោកដឹងថា អារម្មណ៍រំភើបពេលជួបអ្នកដែលខ្លួនស្រលាញ់វាយ៉ាងដូចម្តេច? លោកក៏បានរំលឹករឿងរ៉ាវស្នេហារវាងលោក និងលោកស្រី ប៊ុន រ៉ានី កាលពីយុវវ័យផងដែរ។ លោកបានរំលឹកថា នៅក្នុងសម័យយុវវ័យរបស់លោក និងលោកស្រី ប៊ុន រ៉ានី ទោះពេលនោះស្ថិតក្នុងសម័យសង្គ្រាមតស៊ូ ទោះស្រលាញ់គ្នាយ៉ាងណា ក៏នៅតែគោរពគ្នា រក្សាប្រពៃណី តស៊ូជាមួយគ្នារហូតដល់ក្លាយជាប្តីប្រពន្ធដែលទទួលស្គាល់ដោយសង្គម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញសប្បាយរីករាយផងដែរចំពោះរបាយការណ៍នៃការសិក្សាស្រាវជ្រាវមួយដែលបានកត់សម្គាល់ថា យុវវ័យឥឡូវហាក់ដូចជាមានភាពចាស់ទុំច្រើន បើប្រៀបធៀបមើលពីឥរិយាបទឆ្នាំមុនៗនៅថ្ងៃទិវានៃក្តីស្រលាញ់នេះ។ ចៅៗភាគច្រើនចេះគិតគូរហើយមិនប្រព្រឹត្តអ្វីដែលផ្ទុយនឹងប្រពៃណីខ្មែរឡើយ។ ការសិក្សានេះធ្វើឱ្យតាសប្បាយចិត្ត»។

ជាមួយគ្នានេះលោកក៏បានលើកឡើងដែរថា ជាការពិតលោកតែងតែចង់ឃើញកម្មករ កម្មការិនី មានកូនពូនជាចៅដោយសុភមង្គល ហើយសុភមង្គលត្រូវតែកើតចេញពីការរៀបចំគ្រួសារមួយត្រឹមត្រូវតាមច្បាប់ និងទំនៀមទម្លាប់ ប្រពៃណីខ្មែរ អំពើផ្សេងពីនេះ នឹងមិននាំមកនូវសុភមង្គលឡើយ ទាំងខាងចៅស្រី ក៏ដូចជាខាងចៅប្រុស។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកទឹកចិត្តយុវវ័យឲ្យបង្ហាញនូវការស្រលាញ់ដោយក្តីគោរពក្នុងថ្ងៃ១៤ កុម្ភៈនេះ។

គួរបញ្ជាក់ថា នៅថ្ងៃទិវានៃក្តីស្រលាញ់នាឆ្នាំ២០១៩នេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីចំនួន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ បើតាមក្រសួងអប់រំការដាក់ចេញវិធានការណ៍នេះធ្វើឡើង បន្ទាប់ក្រសួងអប់រំ យុវជន និងកីឡាបានសង្កេតឃើញថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រឡាញ់ (Valentine’s Day) ជាឱកាសមួយធ្វើឱ្យសិស្សានុសិស្សមួយចំនួនយល់ច្រឡំថា បុណ្យនេះ ថាជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។

ក្រសួងបញ្ជាក់ថា ទិវានេះពុំមែនជាពិធីបុណ្យប្រពៃណ៌របស់ជនជាតិខ្មែរយើងទេ ហើយនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាបុណ្យនៃក្តីស្រឡាញ់កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឱ្យយុវវ័យ ភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណ៌ជាតិដ៏ផូរផង់របស់ខ្មែរទៀតផង។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ, អប់រំ, ពន្យល់ណែនាំ, ក្រើនរំលឹក ដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន, របស់ក្រុមគ្រួសារ, ពិសេសដើម្បីរួមចំណែកលើក កម្ពស់កិត្យានុភាពនៃសង្គមជាតិ។

តាមសេចក្ដីអំពាវនាវ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ថ្ងៃទី១៤កុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្ត សាសនិកជន បានកំណត់ថា ជាទិវានៃក្តីស្រឡាញ់។ បច្ចុប្បន្នទិវានេះ បាននិងកំពុងជ្រៀតចូលមកក្នុង សង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឲ្យមនុស្សមួយចំនួន បានទទួលយក និងប្រើប្រាស់ ដោយភាពភ័ន្តច្រឡំ នាំឲ្យមានផលប៉ះពាល់ ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិទៀតផង។ “ក្នុងបរិការណ៍នេះ ប្រជាជនជាពិសេសយុវជនកម្ពុជា ត្រូវសិក្សាស្វែងយល់ឲ្យស៊ីជម្រៅ ចំពោះវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងត្រូវសិក្សាស្វែងយល់ឲ្យគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពល នៃវប្បធម៌ ទំនៀមទម្លាប់ ពីខាងក្រៅ ដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាឲ្យបាននូវអត្ថិភាព ជាប្រជាជាតិថ្លៃថ្នូរមួយ ដែលមានវ័យចំណាស់ រាប់ពាន់ឆ្នាំ មកហើយនៅទ្វីបអាស៊ីនេះ”។

ក្រសួងលើកឡើងទៀតថា ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកប ដោយភាពទូលំទូលាយ និងសន្តានចិត្តស្មោះសរ ចំពោះមនុស្សដែលនៅជុំវិញខ្លួនមានជាអាទិ៍៖ ក្រុមគ្រួសារ, ឪពុកម្តាយ, ប្ដី ប្រពន្ធ, កូន, ចៅ និងចំពោះអ្នក ដែលនៅក្នុងសង្គមជាមួយគ្នា ដូចជា៖ ជនពិការ, កុមារកំព្រា, និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាព ការជួបជុំពិភាក្សាគ្នា ឬទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សរីករាយ, ការសរសេរលិខិតជូនពរ, ការជូនអំណោយផ្សេងៗ ដើម្បីបញ្ជាក់ពីភាពកត្តញ្ញូតាធម៌, ពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណ, បុព្វការីជន ចំពោះមនុស្សដែលខ្លួនស្រឡាញ់ និងចំពោះសង្គមជាតិ៕

អត្ថបទទាក់ទង