ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ នឹងប្រកាសជូនដំណឹងអំពីដំណាក់កាលទី១ នៃដំណើរការបើកសាលារៀនឡើងវិញ នៅសប្តាហ៍ក្រោយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 74
ក្រសួងអប់រំ នឹងប្រកាសជូនដំណឹងអំពីដំណាក់កាលទី១ នៃដំណើរការបើកសាលារៀនឡើងវិញ នៅសប្តាហ៍ក្រោយ ក្រសួងអប់រំ នឹងប្រកាសជូនដំណឹងអំពីដំណាក់កាលទី១ នៃដំណើរការបើកសាលារៀនឡើងវិញ នៅសប្តាហ៍ក្រោយ

នៅសប្តាហ៍ក្រោយក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសជូនដំណឹងអំពីដំណាក់កាលទី១ នៃដំណើរការបើកសាលារៀនឡើងវិញ ក្រោយបិទមួយរយៈដោយសារតែជំងឺ COVID-19 នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងអប់រំ ថ្លែងប្រាប់នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានអះអាងថា ការបើកដំណើរការសាលារៀនឡើងវិញនេះ នឹងធ្វើឡើងជាបីដំណាក់កាលផ្សេងៗគ្នា ដោយដំណាក់កាលទី១៖ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់, ដំណាក់កាលទី២៖ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣៖ សាលារៀនមានស្តង់ដាអប្បបរមា។

បើតាមអ្នកនាំពាក្យក្រសួងអប់រំ សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។ នាពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបសាធារណៈជនពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។

លោក រស់ សុវាចា បានបន្ថែមថា ចំណែកឯដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

គួរជម្រាបថា គិតត្រឹមថ្ងៃ០២ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុប ១៤១នាក់។ ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឲ្យជាសះស្បើយ នៅសល់តែ១០នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង