ខ្មែរប៉ុស្ដិ៍ Close

« ស្នៀតរបស់ក្រុមប្រឆាំងគឺ ពេលទឹកដល់ច្រមុះទើបស្រែករកកិច្ចសន្ទនា! »

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 70
« ស្នៀតរបស់ក្រុមប្រឆាំងគឺ ពេលទឹកដល់ច្រមុះទើបស្រែករកកិច្ចសន្ទនា! » « ស្នៀតរបស់ក្រុមប្រឆាំងគឺ ពេលទឹកដល់ច្រមុះទើបស្រែករកកិច្ចសន្ទនា! »

លើកណាក៏ដូចលើកណាដែរ ខ្ញុំកត់សំគាល់ជាហូរហែរមកថាគណបក្សប្រឆាំងជ្រុលនិយមនៅកម្ពុជាយើងតែងប្រើស្នៀតដដែលៗតាំងពីរាប់ទសវត្សរ៍មក ហើយៗក៍មិនដែលផ្លាស់ប្តូរនោះឡើយ។ ស្នៀតរបស់ក្រុមប្រឆាំងធ្លាប់អនុវត្តនោះគឺ បង្កហេតុ បង្កាត់ភ្លើង ចាក់សាំងលើភ្លើង រហូតក្លាយជាអគ្គិភ័យឆេះផ្ទះខ្លួនឯងអស់ ទ្រព្យសម្បត្តិក៏អស់ រីឯខ្លួនក៏ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារឲ្យទទួលទោស ទើបនាំគ្នានឹកនាបួងសួង អង្វរ ក ឲ្យមានការសន្ទនាដើម្បីស្វែងរកដំណោះស្រាយ។ និយាយតាមបែបផ្សេងគឺ «ពេលទឹកដល់ច្រមុះទើបបន់ព្រះឲ្យជួយ»

រឿងចុងក្រោយដែលបញ្ជាក់ថា ក្រុមប្រឆាំងនេះនៅតែអនុវត្តវិធី ចាស់គំរឹលដដែលនោះគឺ សំណុំរឿងលោក កឹម សុខា។ ពេលត្រូវចោទប្រកាន់ពីបទក្បត់ជាតិដែលជាទោស ព្រហ្មទណ្ឌដ៏ធ្ងន់អាចថារើខ្លួនមិនរួច ឥឡូវនេះ ពួកគេខំបង្វែទៅជារឿងនយោបាយ ហើយងាក មករកការសន្ទនាដើម្បីបញ្ចប់ទំនាស់ជាជាងការកាត់ទោសតាមផ្លូវតុលាការទៅវិញ។

ខ្ញុំនៅចាំបានថា លោក កឹម សុខា បាននិយាយយ៉ាងច្បាស់លាស់ពីផែនការសកម្មភាពរបស់ខ្លួនក្នុងការផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ដោយមានបរទេសនៅ ពីក្រោយខ្នង។ លោក កឹម សុខា អះអាងយ៉ាងច្បាស់និងដោយ មោទនភាពថា ” …គាត់មិនមែនចេះតែធ្វើអ្វីតាមគាត់នឹកឃើញ នោះទេ តែគាត់ត្រូវបានបរទេស បញ្ជាពីក្រោយខ្នង…។ ហើយផែនការផ្តួលរំលំរដ្ឋាភិបាលនេះ ទៀតសោតក៍ត្រូវបានរៀបចំដោយបរទេសអស់រយៈពេលជាយូរឆ្នាំមកហើយ។ លោក កឹម សុខា បានបញ្ជាក់ដោយភាពជឿជាក់ថា បើរៀបចំល្អិតល្អន់ប៉ុណ្ណឹងហើយផ្តួលរំលំរដ្ឋាភិបាល មិនបានសម្រេចទៀតនោះ មិនដឹងធ្វើយ៉ាងម៉េចទៀតទេ?

ក្រៅពីផែនការតាមខ្សែញាក់របស់បរទេស លោក កឹម សុខា និងក្រុមប្រឆាំងរបស់ខ្លួនក៏បានធ្វើសកម្មភាពគឃ្លើនមិនខ្លាចច្បាប់ជាច្រើនទៀតក្នុងដំណើរជីវិតនយោបាយរបស់ខ្លួន។ លោក កឹម សុខា បានផ្លាស់ប្តូរខ្លួន ពីអ្នកនយោបាយទៅជាប្រធានអង្គការសង្គមស៊ីវិល បន្ទាប់មកក៏ហក់ចូលនយោបាយវិញ។
លោក កឹម សុខាក៍បានអះអាងយ៉ាងច្បាស់ថា ភាពបត់បែននេះ សុទ្ធសឹងជាផែនការដែលរៀបចំ ដោយបរទេសទាំងអស់។ ទាំង នៅជាអ្នកនយោបាយ និងនៅជាប្រធានអង្គការសង្គមស៊ីវិល លោក កឹម សុខា បានតាំងខ្លួនជាអ្នកប្រឆាំងប្តូរផ្តាច់ម្នាក់ដោយ មិនញញើតកោតក្រែងអ្នកណា ទាំងអស់ សូម្បីតែច្បាប់ពីព្រោះតែគាត់ត្រូវការភាពល្បីល្បាញដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនដើម្បីធ្វើដើមទុន នយោបាយ។

ខ្ញុំនៅចាំបានថា កាលពីនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា បានធ្វើសកម្មភាព ក្រោមពាក្យស្លោកថា «បើមិនប្រថុយ គឺគ្មានការផ្លាស់ប្តូរទេ»។ ពាក្យស្លោកនេះជាការញុះញង់ផុសកំហឹងឲ្យប្រជាពលរដ្ឋអោយ ងើបបះបោរប្រឆាំងរដ្ឋាភិបាលក្រោមលេសថាដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ។

អ្នកនយោបាយកូនអុកបរទេសរូប នេះបានប្រើប្រាស់វេទិកាសាធារណៈដើម្បីបញ្ឆេះកំហឹងពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល។ ប៉ុន្តែ លទ្ធផលចុងក្រោយរបស់គណបក្សសិទ្ធិមនុស្សដែលជាមរតករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានទទួលលទ្ធផលត្រឹម ៣ កៅអីតែប៉ុណ្ណោះ។

ដោយអស់តម្រិះក្នុងការតស៊ូនយោបាយព្រោះតែលទ្ធផល ដែលទទួលបានខុសឆ្ងាយពីការរំពឹងទុក លោក កឹម សុខា ក៏ត្រូវបានបរទេសបញ្ជាឲ្យទៅចូលរួមជាមួយលោក សម រង្ស៊ី បង្កើតអតីតបក្សសង្គ្រោះជាតិបើទោះបីជាអ្នកទាំងពីរនេះមានទស្សនៈខុសគ្នាដូចទឹកនិងប្រេងក៏ដោយ។ ពេលអតីតបក្សប្រឆាំងបានកៅអីត្រឹម ៥៥ ដែលមិនគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូររដ្ឋាភិបាល លោក កឹម សុខា ក៏ ត្រូវបានបរទេសប្រើឲ្យរៀបចំផែនការផ្តួលរំលំ រដ្ឋាភិបាលដោយប្រើប្រាស់ចលនាបដិវត្តន៍ពណ៌តាមលំនាំបដិវត្តន៍នៅយូហ្គោស្លាវី និងស៊ែប៊ី។ នេះហើយជាទោសក្បត់ជាតិយ៉ាងធ្ងន់ធ្ងរដែលលោក កឹម សុខា កំពុងប្រឈមមុខ។

ដល់ពេលមានទោសធ្ងន់ អាចដឹងខ្លួនថារើខ្លួនមិនរួច ក្រុមប្រឆាំងបាននាំគ្នានិយាយថា នោះជា រឿងនយោបាយ និងសុំឲ្យមានការសន្ទនាតាមបែប នយោបាយដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ។

ខ្ញុំឆ្ងល់និងលើកជាសំនួរសួរថា ពេលរៀបចំផែនការផ្តួលរំលំ តើលោក កឹម សុខា ឬ ក្រុមប្រឆាំងជ្រុលនិយម ទាំងឡាយមានគិតដល់ការសន្ទនាតាមផ្លូវនយោបាយឬទេ? ពេលកម្លាំងរបស់ខ្លួនកើនឡើង ពួកគេគិតតែនាំគ្នាធ្វើបាតុកម្ម និងកូប្បកម្មផ្តួលរំលំ រដ្ឋាភិបាល តើម្តេចមិនគិត និយាយពីការសន្ទនាផង? ពេលអតីតបក្សប្រឆាំងមិនទាន់ត្រូវបាន រំលាយ ម្តេចក៏មិនគិតពី ការសន្ទនាបង្រួបបង្រួមជាតិ ម្តេចក៏គិតតែញុះញង់បំបែកបំបាក់ដើម្បីផ្តួលរំលំរដ្ឋាភិបាល? ដល់ពេលឥឡូវក្រោយពីដុតភ្លើង ថែមសាំងរហូតឆេះផ្ទះខ្លួនឯងអស់ ហើយខ្លួនត្រូវជាប់ចោទពីបទក្បត់ជាតិឃុបឃិតជាមួយបរទេសទៀត បែរជានាំគ្នា និយាយថា មានតែផ្លូវសន្ទនាខ្មែរ និងខ្មែរទេទើបអាចបញ្ចប់បញ្ហាខ្មែរបាន? ចុះពីមុនម្តេចមិនស្វែងរកការសន្ទនារវាងខ្មែរនិងខ្មែរ ម្តេចក៏បែរជាទៅពឹងបរទេសឲ្យជួយបង្រៀនពីរបៀបផ្តួលរំលំខ្មែរគ្នាឯងធ្វើអ្វី ជាពិសេសការផ្តួលរំលំតាមគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។

ដូច្នេះសំណួរ ទាំងអស់នេះអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់ថា ក្រុមប្រឆាំងជ្រុលនិយមមិនចោលក្បួនសម្តែងល្ខោន លេងប៉ាហ៊ី ឆ្ពិនភ្នែកគេឯងនោះឡើយ។ តាមពិតក្រុមប្រឆាំងនេះក៍ មិនដែលគិតគូរដល់វប្បធម៌សន្ទនាអ្វីទេ គឺពួកគេគិតតែពីរកវិធីផ្តួលរំលំមួយមុខប៉ុណ្ណោះ។ តែដល់ពេលជាប់ចំណងអាច រើខ្លួនមិនរួចទើបស្រែករកការសន្ទនា។ បែបនេះគេហៅថា ពេលទឹកដល់ច្រមុះទើបរកព្រះជួយ។ ប៉ុន្តែ គ្មានព្រះណាអាចជួយមនុស្សពុតត្បុតពោរពេញដោយល្បិចកលបែបនេះបានឡើយ។

យ៉ាងណាមិញ អំពើដែលពួកគេបានសាងអាចនឹងឲ្យផល យ៉ាងសមស្របទៅពួកគេវិញហើយ។ ក្រុមអ្នកបំបែកបំបាក់ខ្មែរ កំពុងរងការបែកបាក់ខ្ទេចខ្ទីដោយខ្លួនឯង។ ក្រុមអ្នកសាងវប្បធម៌លាបពណ៌កំពុងត្រូវបានថ្នាំពណ៌កំពប់ប្រឡាក់ខ្លួនឯងវិញលាងមិនជ្រះឡើយ។ ក្រុមអ្នកចង់ផ្តួលរំលំគេអាចនឹង ទទួលទណ្ឌកម្មតាមរយៈទោសក្បត់ជាតិនៅឯតុលាការ។ នេះជាកម្មផលដែលពួកគេបានសាង។ រឿងផ្លូវច្បាប់ យើងត្រូវទុកឲ្យអ្នកច្បាប់ដោះស្រាយ ចំណែក រឿងនយោបាយគឺជារឿងដោយឡែកដែលមិនអាចឡូកឡំគ្នាបានឡើយ។ រឿងអាស្រូវរបស់អ្នកនយោបាយមិនមែនសុទ្ធតែជារឿងនយោបាយទេ។ តែបើអ្នកនយោបាយប្រព្រឹត្តខុសច្បាប់គឺជារឿងផ្លូវច្បាប់។ ខ្ញុំយល់ថា សូមកុំព្យាយាមទាញ រឿងច្បាប់ឲ្យទៅជារឿង នយោបាយឲ្យសោះ។ ពាក្យសន្ទនានយោបាយខ្មែរនិងខ្មែរដែលពួកគេកំពុងស្រែកទាមទារ ពេលនេះត្រូវបានក្រុមប្រឆាំងដដែលនេះសម្លាប់បាត់ទៅហើយ៕

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង