ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ តើអ្នកនយោបាយដែលជាប់ចោទពីបទ «ក្បត់ជាតិឃុបឃិតជាមួយបរទេស» គួរត្រូវកាត់ទោសរឺទេ?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 64
លិខិតមិត្តអ្នកអាន៖ តើអ្នកនយោបាយដែលជាប់ចោទពីបទ «ក្បត់ជាតិឃុបឃិតជាមួយបរទេស» គួរត្រូវកាត់ទោសរឺទេ? លិខិតមិត្តអ្នកអាន៖ តើអ្នកនយោបាយដែលជាប់ចោទពីបទ «ក្បត់ជាតិឃុបឃិតជាមួយបរទេស» គួរត្រូវកាត់ទោសរឺទេ?

ក្នុងនាមអ្នកតាមដាននយោបាយមួយរូប ខ្ញុំចង់ឆ្លើយតបទៅនឹងប្រព័ន្ធឃោសនាមួយចំនួន ជាពិសេសប្រព័ន្ធឃោសនាមកពីក្រៅប្រទេស ក៏ដូចជាអ្នកនយោបាយ និងសង្គមស៊ីវិល មួយចំនួនដែលបានធ្វើអត្ថាធិប្បាយ ចំពោះករណីលោក កឹម សុខា ហើយអះអាងថា លោក កឹម សុខា គ្មានទោសកំហុសដូចការចោទប្រកាន់ របស់តុលាការនោះឡើយ។

ខ្ញុំពិតជាមិនហ៊ានអះអាងជំនួសតុលាការទេ ពីព្រោះវាជាឆន្ទានុសិទ្ធិរបស់តុលាការដែលត្រូវសម្រេច។ ប៉ុន្តែ ខ្ញុំគ្រាន់តែចង់លើក ហេតុផលមកបញ្ជាក់អំពីទោសក្បត់ជាតិ ជាពិសេសទោសនៃការឃុបឃិត ជាមួយបរទេស ឬអនុញ្ញាតឲ្យបរទេសប្រើប្រាស់ ជាកូនអុកក្នុងកិច្ចការនយោបាយជាតិ ពិតជាបញ្ហាដ៏រសើបបំផុតដែល គ្មានប្រទេសណាមួយគេអនុញ្ញាតឡើយ។

វិលមកនិយាយអោយចំអំពីករណី លោក កឹម សុខា វិញ! តើសំណុំរឿងនេះជាការបំបិទ សិទ្ធិសេរីភាពនយោបាយ ឬជាអំពើក្បត់ជាតិពិតប្រាកដ? ដើម្បីឆ្លើយសំណួរនេះ យើងត្រូវក្រឡេកមើលទាំងបរិបទនយោបាយជាតិ និងអន្តរជាតិ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១៧ ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ) ដោយមានផែនការផ្តួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន ដែលចេញពីការបោះឆ្នោត តាមរយៈការឃុបឃិតជាមួយបរទេស។ បទចោទប្រកាន់លើលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានរកឃើញឃ្លីបវីដេអូមួយ ដែលគេបង្ហោះក្នុងគេហទំព័ររបស់សារព័ត៌មានអនឡាញ CBN របស់អូស្ត្រាលីក្នុងនោះលោក កឹម សុខា និយាយប្រាប់ក្រុមអ្នកគាំទ្រនៅក្រៅប្រទេសថា «…អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលលោកទទួលការ បង្វឹកពីគ្រូជំនាញបរទេសស្តី របៀបផ្តួលរំលំរដ្ឋាភិបាល ដោយយកលំនាំតាមចលនា បដិវត្តផ្តួលរំលំរដ្ឋាភិបាល លោក ស្លូបូដាន់ មីឡូសេវិក នៃប្រទេសយូហ្គោស្លាវីនិងស៊ែរប៊ី…។ ហើយនៅក្នុងឃ្លីបវីដេអូនោះ លោក កឹម សុខា បានពន្យល់យ៉ាងពិស្តារអំពីផែនការ ដែលលោកបានធ្វើតាមកាណែនាំ របស់ចៅហ្វាយបរទេស ដោយលោកមានសង្ឃឹមយ៉ាងមុតមាំថា មេរៀនទាំងនោះអាចយកមកអនុវត្តនៅកម្ពុជា យ៉ាងមានប្រសិទ្ធភាព។

សំណួរសួរថា តើអ្វីដែលលោក កឹម សុខា បាននិយាយនិងបានអនុវត្តន៍ផ្ទាល់កាលពីឆ្នាំ២០១៣ និង ២០១៤ គឺជាអំពើក្បត់ជាតិ ដែលត្រូវតែចាត់ការតាមផ្លូវច្បាប់មែនដែរឬទេ? មុននឹងឆ្លើយសំណួរនេះ យើងគួរគប្បីក្រឡេកមើលបណ្តាប្រទេសធំៗ លើលោកដែលបញ្ហាឃុបឃិតជាមួយបរទេស គឺជារសំណុំរឿងដ៏រសើបបំផុត។

ជាក់ស្តែង នៅសហរដ្ឋអាមេរិកលោកប្រធានាធិបតី ដូណាល់ត្រាំ ត្រូវបានចោទប្រកាន់ពីការឃុបឃិតជាមួយរដ្ឋបរទេស រហូតឈានដល់ការចាត់នីតិវិធីទម្លាក់រូបលោកចេញពីតំណែងទៀតផង។
សំណុំរឿងមួយនេះ ដែលកំពុងធ្វើឲ្យរញ្ជួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺគ្រាន់តែលោក ដូណាល់ ត្រាំ បានទូរស័ព្ទទាក់ទងប្រធានាធិបតី អ៊ុយក្រែន ហើយបានស្នើសុំឲ្យបើកការស៊ើបអង្កេត ទៅលើកូនប្រុស លោក ជោ បាយឌិន ដែលជាគូប្រជែងនយោបាយរបស់ខ្លួន។ គ្រាន់តែរឿងទូរស័ព្ទប៉ុណ្ណឹងសោះ លោក ប្រធានាធិបតី ត្រាំ បានទទួលរងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរថា បានឃុបឃិតជាមួយបរទេស ដែលរហូតដល់រដ្ឋសភាសម្រេចឲ្យចាត់នីតិវិធី ទម្លាក់លោកត្រាំចេញពីតំណែង។

នៅសហរដ្ឋអាមេរិកដដែល សំណុំរឿងចោទប្រកាន់រឿងការ លូកដៃជ្រែតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បរទេសក៏កើតមាន ដែរក្រោយការជាប់ឆ្នោតជា ប្រធានាធិបតីរបស់លោក
ដូណាល់ ត្រាំ។ លោក ប្រធានាធិបតីក៍ត្រូវបានគូបដិបក្ខចោទថា ឈ្នះឆ្នោតដោយសារការលូកដៃជួយជ្រោមជ្រែង ពីសំណាក់ប្រទេសរុស្ស៊ី។

សំណុំរឿងនេះ ក៏បានធ្វើឲ្យកក្រើកសេតវិមានអស់ជាច្រើនឆ្នាំហើយៗ នៅមិនទាន់ចប់ដាច់ស្រេចនៅឡើយផង។ ចុះទម្រាំលោក កឹម សុខា ដែល និយាយពេញៗមាត់ថា ខ្លួនបាន ទទួលការហ្វឹកហាត់ពីជនបរទេសជាច្រើនឆ្នាំ តាំងពីនៅជាប្រធានអង្គការសិទ្ធិមនុស្ស រហូតដល់ក្លាយជាអ្នកនយោបាយ ហើយថែមទាំងបានអនុវត្តជាក់ស្តែងវិធីសាស្ត្រផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ២០១៣ និង ២០១៤ តើជាអំពើក្បត់ជាតិដែរឬទេ?

ដូច្នេះ សូមអ្នកដែលតាំងខ្លួនថាស្រឡាញ់ប្រជាធិបតេយ្យ និងស្រឡាញ់នីតិរដ្ឋទាំងឡាយ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកផ្ទាល់តែម្តង សូមបើកភ្នែកមើលគេឯងផង និងសូមមើលសហរដ្ឋអាមេរិក ដែលជាប្រទេសប្រជាធិបតេយ្យ និងជាមហាអំណាចពិភពលោកផង។ មិនថាតែសហរដ្ឋអាមេរិកទេ គឺគ្រប់ប្រទេសទាំងអស់សុទ្ធតែ ហាមប្រាមដាច់ខាតមិនឲ្យធ្វើនយោបាយ ដោយឃុបឃិតជាមួយបរទេសឡើយ។ ដូច្នេះ វាជារឿងសមស្របណាស់ដែលករណីលោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិពីព្រោះសម្តី និងទង្វើរបស់គាត់បានបង្ហាញ យ៉ាងច្បាស់។

សម្រាប់ប្រទេសកម្ពុជា ប្រសិនបើគេនិយាយពីការពឹងបរទេសឲ្យជួយ ដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន ប្រាកដជាគ្មានអ្នកនយោបាយប្រទេសណាធ្វើច្រើន ជាងអ្នកនយោបាយប្រឆាំងនៅកម្ពុជានោះឡើយ។ មេដឹកនាំបក្សប្រឆាំងហារមាត់និយាយ មួយម៉ាត់ណាក៏យកបរទេសដាក់ ពីក្រោយខ្នង មួយម៉ាត់ណាក៏ ហារមាត់ពឹងបរទេសឲ្យដាក់ទណ្ឌកម្មមកលើកម្ពុជា និងមួយម៉ាត់ណាក៏និយាយពី ការជួយជ្រោមជ្រែងរបស់ចៅហ្វាយ បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាដែរ។

ក្រុមប្រឆាំងនៅកម្ពុជា មិនដែល ញញើតឡើយក្នុងការអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្មមកលើកម្ពុជា, ផ្តាច់ជំនួយពីកម្ពុជា ឬឈប់បោះទុនវិនិយោគនៅកម្ពុជា ឬឈប់ទិញទិញទំនិញ ដែលកើតចេញកម្លាំងនិងស្នាដៃកម្មករខ្មែរ។

ក្នុងន័យនេះ ការចាប់ខ្លួនលោក កឹម សុខា និងការឈានទៅ រំលាយគណបក្សសង្គ្រោះជាតិ គឺមិនមែនជារឿងចម្លែកទេ ហើយក៏មិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជាតែម្នាក់ឯងដែរ។ តាមពិត កម្ពុជាអនុត្តន៍នៅធូររលុងណាស់ពាក់ព័ន្ធ នឹងអំពើក្បត់ជាតិរបស់អ្នកនយោបាយ។ ខ្ញុំហ៊ាននិយាយថា ធ្វើនយោបាយដូចលោក សម រង្ស៊ី, លោក កឹម សុខា និងក្រុមប្រឆាំងជ្រុលនិយម ទាំងឡាយនៅកម្ពុជាដែលយក បរទេសជាធំ ហើយប្រសិនបើ នៅសហរដ្ឋអាមេរិក ឬបណ្តាប្រទេសអឺរ៉ុបវិញ ប្រហែលជាគ្មានមុខនៅលើឆាកនយោបាយជាតិបានឡើយ។ ប៉ុន្តែ នៅកម្ពុជា ការអត់ឱន យោគយល់ត្រូវបានមេដឹកនាំរដ្ឋាភិបាលប្រើប្រាស់ អស់លទ្ធភាពហើយមុននឹង ចាត់ការតាមផ្លូវច្បាប់។

ថ្ងៃទី១៥ មករានេះ តុលាការនឹង បើកសវនាការកាត់ក្តីសំណុំរឿងនេះហើយ។ តាមរយៈសវនាការនេះ គេនឹងដឹងថា តើមាន ភស្តុតាងអ្វីខ្លះដែលត្រូវដាក់បន្ទុកលើលោក កឹម សុខា? ដូច្នេះ សូមទុកឲ្យតុលាការធ្វើការតាម នីតិវិធីច្បាប់ទៅចុះ។ មានទោសឬគ្មានទោសនឹងដឹងច្បាស់ ក្រោយពេលសវនាការជំនុំជម្រះបិទបញ្ចប់។ គ្មានអ្នកណាមានសិទ្ធិកាត់ក្តីក្រៅពីតុលាការនោះឡើយ៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

អត្ថបទទាក់ទង