ក្រុម កឹម សុខា និយម៖ សម រង្ស៊ី បានកសាងកំហុសធំៗ ០៥លើក ក្នុងជីវិតនយោបាយ
ក្រុម កឹម សុខា និយម បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា ទណ្ឌិត សម រង្ស៊ី បានកសាងកំហុសធំៗជាច្រើន ក្នុងជីវិតនយោបាយ។ កំហុសទាំងអស់នោះ គឺកើតឡើងដោយសារតែចិត្ដលោភលន់ចង់ច្បាមអំណាច និងគំនុំសងសឹក។
បណ្ដាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា ស៊ីសុវត្ថិ ចក្រី បានសរសេរនៅថ្ងៃទី១៧ ខែកុម្ភៈថា ក្នុងជីវិតនយោបាយរបស់ទណ្ឌិតជើងឯកខាងរត់ចោលស្រុក សម រង្ស៊ី គឺបានកសាងកំហុសធំៗចំនួន ០៥ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនអាចមិនបានដឹង។ កំហុសនយោបាយ ដែលមិនអាចប្រកែកបានរបស់លោក សម រង្សី ចំនួន០៥ លើកធំៗជាប្រវត្តិនៃការតស៊ូក្នុងឆាកនយោបាយជាតិរួមមមាន៖
- ទី១) នៅក្នុងឆ្នាំ១៩៩៨ លោក សម រង្សី បានក្បត់សម្ព័ន្ធមិត្ត UCD ដែលបានរួបរួមគ្នាបង្កើតឡើងដោយ ៤ភាគី។ ភាគីទី១ គណបក្សហ៊្វុនស៊ិនប៉ិច ទី២ គណបក្សលោកតាសឺនសាន ទី៣ គណបក្សជាតិខ្មែរ និងទី៤ គឺគណបក្សខ្មែរអព្យាក្រឹត្យ របស់លោក ប៊ូ ហែល។ គេនៅចាំបានថា ពេលនោះខណៈដែលលោក សម រង្សី បានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញភ្លាម មនុស្សដំបូងគេដែលបុគ្គលរូបនេះសុំជួប គឺ ហ៊ុន សែន។
- ទី២) នៅឆ្នាំ២០០៥ លោក សម រង្សី ហេតុតែចិញ្ចឹមគំនុំសងសឹក និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយល់ព្រមកែប្រែវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ១៩៩៣ ពីសម្លេង ២/៣ មកជា ៥០%+១ វិញ មានន័យថា បំផ្លាញស្មារតីកិច្ចព្រមព្រៀងទីក្រុងបារីស។
- ទី៣) នៅឆ្នាំ២០១៤ លោក សម រង្សី បានក្បត់កិច្ចព្រមព្រៀងក្រុងម៉ានីលឆ្នាំ២០១២ ស្តីពីការបង្កើតគណបក្សសង្រ្គោះជាតិដែលបានចែងថា ការសម្រេចនយោបាយត្រូវសម្រេចដោយកុងហ្សង់ស៊ីសរវាង សម រង្សី & កឹម សុខា។ តែចុងក្រោយនៅពេលដែលលោក កឹម សុខា បានចាកចេញទៅសហរដ្ឋអាមេរិក លោក សម រង្សី បានសម្រេចដោយអត្តនោម័តចុះកិច្ចព្រមព្រៀង ២២ កក្តដា ២០១៤ ដែលនាំអោយឈានទៅដល់ចំណុចរលំរលាយគណបក្សសង្រ្គោះជាតិ។ នេះជាការជាន់ឈ្លីមួយដ៏ធំលើស្មារតីនៃការរួបរួមរបស់លោក សម រង្សី មកលើតម្លៃនៃការតស៊ូជាតិ។
- ទី៤) នៅឆ្នាំ២០១៧ លោក សម រង្សី ខណៈឃើញថា ស្ថានភាពមិនស្រួល ក៏បានលោតចុះចោលគណបក្សសង្រ្គោះជាតិ ទៅបង្កើតសមាគម ហើយវិលមកបង្កើតចលនាសង្រ្គោះជាតិ បំផ្លាញស្មារតីរួបរួមរបស់គណបក្សសង្រ្គោះជាតិ។
- ចំណែកចំណុចទី៥) នៅឆ្នាំ២០១៨ លោក សម រង្សី បានធ្វើបក្សប្រហារថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីផ្គាប់ចិត្ត បូលហៅទទា និងត្រយ៉ង អោយបានដឹងថា លោក សម រង្សី ជួយបំផ្លាញអោយហើយ នៅរចនាសម្ព័ន្ធនានានៅឯនាយសមុទ្រ ក្នុងគោលបំណងដើម្បីបានលោក សម រង្សី វិលចូលស្រុកវិញ។
ជាការកត់សម្គាល់៖ សម រង្សី ថា «បើត្រូវចរចារ យ៉ាងណា អ្វីៗខ្ញុំនឹងសប្បាទានអោយទាំងអស់» មានន័យគ្រប់យ៉ាងថា ការបង្កបង្កើតការបែកបាក់នៃចលនា និងបក្សប្រហារ រួមទាំងការមើលងាយ បន្ទាបបន្ថោក វីរ:ភាពលោកបណ្ឌិត កែម ឡី និងជាន់ឈ្លីតម្លៃនៃការលះបង់របស់លោកប្រធាន កឹម សុខា និងការយកសេរីភាពលោក កឹម សុខា មកធ្វើជាល្បែងភ្នាល់គ្នាដោយគ្មានគុណធម៌ទាំងនេះ សុទ្ធតែជាការធ្វើសប្បទានគ្រប់ទំរង់ គ្រប់រូបភាព អោយតែបានចរចាចូលកញ្ចប់។ ចំណុចនេះ សូមលោកអ្នកគាំទ្រទាំងឡាយអើយចូរកុំដើរតាមដោយបិទភ្នែក ដើរតាមដោយបិទត្រចៀក និងដើរតាមដោយបិទសតិសម្បជញ្ញៈនោះឡើយ៕