ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈអ្នកអាន៖ ជ័យជម្នះ ៧ មករា និងសមិទ្ធិផលជាប្រវត្តិសាស្រ្តរយៈពេល ៤១ ឆ្នាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 6
ទស្សនៈអ្នកអាន៖ ជ័យជម្នះ ៧ មករា និងសមិទ្ធិផលជាប្រវត្តិសាស្រ្តរយៈពេល ៤១ ឆ្នាំ ទស្សនៈអ្នកអាន៖ ជ័យជម្នះ ៧ មករា និងសមិទ្ធិផលជាប្រវត្តិសាស្រ្តរយៈពេល ៤១ ឆ្នាំ

ស្មារតី ៧មករា បានស្ថិតនៅក្នុងដួងចិត្ត និងការចងចាំជាប្រវត្តិសាស្រ្តនៃរបបប្រល័យពូជសាសន៍ និងចាប់ផ្តើមរស់ឡើងវិញនៃជាតិសាសន៍ខ្មែរ គឺរស់ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរជាមនុស្ស និងកេរ្ត៍ឈ្មោះរបស់ខ្មែរបានល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងកិត្យានុភាពជាតិ ព្រមទាំងបានឈរលើ៝ឯករាជ្យម្ចាស់ការ ក្នុងកិច្ចការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ ប្រជាជនកម្ពុជាទាំងមូលមានមោទនភាពបំផុត និងមានជោគវាសនាបានរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ការរីកចម្រើនស្ទើរគ្រប់វិស័យ ដោយចាប់ផ្តើមពីភាពក្រីក្ររបស់ប្រជាជនទាំងមូលត្រូវបានកាត់បន្ថយ ប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗបានកើនឡើងធើ្វឱ្យជីវភាពប្រជាជនខ្មែរម្នាក់ៗបានកាន់តែល្អប្រសើរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមនាវាកម្ពុជាមួយដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ អស់រយៈពេល៤១ឆ្នាំមកហើយ បន្ទាប់ពីប្រជាជនកម្ពុជា និងជាតិមាតុភូមិទាំងមូល ត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។

សច្ចភាពជាប្រវត្តិសាស្រ្ត បានបង្ហាញឱ្យឃើញច្បាស់ថា ក្នុងពេលបច្ចុប្បន្ន មាតុភូមិកម្ពុជាជាទីស្នេហានៃយើងបានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្នុងស្មារតីមហាសាមគ្គីជាកម្លាំងរបស់ប្រជាជន និងការជឿទុកចិត្ត បន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ស្មារតី ៧ មករា ពិតជាបានធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសប្រជាជនវ័យក្មេង កាន់តែយល់ជ្រួតជ្រាបច្បាស់អំពីប្រវត្តិ និងអត្ថន័យជាប្រវត្តិសាស្ត្រនៃទិវាជ័យជម្នះ ៧ មករា ព្រមទាំងសមិទ្ធិផលធំៗ ដែលប្រជាជនកម្ពុជា សម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤១ ឆ្នាំ មកនេះ។

ស្មារតី ៧ មករា បានលើកកម្ពស់ការចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានៃជ័យជម្នះ ៧ មករា ខិតខំថែរក្សា ពូនជ្រុំរាល់សមិទ្ធិផលនៃសង្គមជាតិ ហើយបន្តចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិឲ្យបានស្ថិតស្ថេរ រឹងមាំក្នុងឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យអព្យាក្រឹត្យនិងវឌ្ឍនភាពសង្គម។ ស្មារតី ៧មករា បានធ្វើឲ្យប្រជាជនយល់ដឹងពីតម្លៃដែលពុំអាចកាត់ថ្លៃបាននៃសុខសន្តិភាព ដែលបានមកពីការបូជាសាច់ស្រស់ ឈាមស្រស់របស់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី និងប្រជាជនយើងច្រើនឥតគណនា ប្រកបដោយវីរភាពក្នុងការតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ និងថែរក្សាការពារការរស់ឡើងវិញរបស់ប្រជាជាតិ។ ស្មារតី ៧ មករា បានធ្វើឱ្យអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមត្រូវបានរំលាយទាំងស្រុង ហើយបានប្រែក្លាយប្រទេសកម្ពុជាទាំងមូលមានសុខសន្តិភាព ឯកភាពទឹកដីទាំងស្រុង ដែលពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តខ្មែររយៈពេលជាងប្រាំរយឆ្នាំ។

ក្នុងរយៈពេល៤១ឆ្នាំនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធិផលដ៏ច្រើនឥតគណនា ដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លាញខ្ទេចខ្ទីអស់នៅសល់តែគំនរផេះផង់ឲ្យក្លាយទៅជាទឹកដីដែលមានការរីកចម្រើនរស់រវើក ស្រស់បំព្រងដូចសព្វថ្ងៃ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។ សមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រទាំងនោះរួមមាន៖

ទី១- ទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញ ហើយបដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍។

ទី២- ប្រជាជនកម្ពុជា បានទទួលមកវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិមានជីវិតរស់នៅ និងបានក្លាយជាអ្នកធ្វើជាម្ចាស់លើជោគវាសនារបស់ជាតិខ្លួនពិតប្រាកដ ហើយបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងការស្តារ និងកសាងជាតិលើគ្រប់វិស័យ ឈរលើការប្រកាន់ខ្ជាប់នូវគោលការណ៍ជាសកលនៃការគោរពសិទ្ធិមនុស្ស និងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបង្ហាញច្បាស់តាមរយៈការបោះឆ្នោតទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ទី៣- សន្តិភាព និងការបង្រួបបង្រួមជាតិគឺជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់គ្រោះមហន្តរាយដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍។ តាំងពីក្រោយថ្ងៃរំដោះ ៧ មករា មករដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានពុះពារជំរុញការអនុវត្តមាគ៌ាមហាសាមគ្គីជាតិដើម្បីផ្សះផ្សារជម្លោះផ្ទៃក្នុងបង្រួបបង្រួមខ្មែរពីគ្រប់និន្នាការនយោបាយរួមគ្នាបង្កើតសន្តិភាពឡើងវិញតាមរយៈគោលនយោបាយប្រកបដោយមនុស្សធម៌ ហើយបានដាក់ចេញគោលនយោបាយបង្រួបបង្រួមជាតិនៅឆ្នាំ១៩៨៧ ជាមួយនឹងសម្តេចព្រះនរោតត្តម សីហនុ នៅភូមិជាយក្រុងប៉ារីស Fere en Tadanois ប្រទេសបារាំង ហើយឈរលើមូលដ្ឋាននៃជំនួបចរចាដើម្បីស្វែងរកសន្តិភាព រវាងសម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន បានចាប់ផ្តើមនៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៨៧ ហើយបានបន្តនូវដំណើរការចរចាច្រើនលើកច្រើនសារឆ្លងកាត់ការលំបាកស្មុគស្មាញយ៉ាងច្រើន រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។ ការបោះឆ្នោតជាតិលើកទី១ តាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមការចាត់ចែង និងត្រួតពិនិត្យរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) បានប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ដែលបង្កើតបាននូវសភាធម្មនុញ្ញ ហើយសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលបានកំណត់ថា ប្រទេសកម្ពុជាប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស។ ក្រោយពេលសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មីហើយ សភាធម្មនុញ្ញបានប្រែក្លាយជាស្វ័យប្រវត្តិទៅជារដ្ឋសភានីតិកាលទី១។ បន្ទាប់ពីរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី១ ត្រូវបានបង្កើតឡើង កម្ពុជាបានឈានចូលដំណាក់ថ្មីមួយទៀត គឺសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ទី៤- ជាការពិត នយោបាយឈ្នះ-ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨ តាមរយៈជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន ដែលមានខ្លឹមសារស្នួល ៣៖ គឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព និងមុខរបរ និងធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិ ដែលបានធ្វើឲ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយជាស្ថាពរ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ សន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសដ៏មានតម្លៃបំផុតដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។

អាស្រ័យដោយនយោបាយឈ្នះ-ឈ្នះ មានគុណតម្លៃប្រវត្តិសាស្ត្រដ៏ធំធេង ដែលរដ្ឋាភិបាលបានកំណត់យក «ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្ន-ឈ្នះ» ហើយបានកសាងវិមានឈ្នះ-ឈ្នះ ដើម្បីចារិកការចងចាំ និងតម្កល់ទុកនូវនិមិត្តរូបវត្ថុតាងនានាដែលបង្ហាញប្រវត្តិនៃដំណើរការតស៊ូររំដោះប្រទេសជាតិ និងសមិទ្ធិផលនៃការកសាង និងការពារមាតុភូមិ ទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សគ្រប់ជំនាន់តរៀងទៅ។

កម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក និងជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ដោយរក្សាកំណើនខ្ពស់ជាមធ្យមជាង ៧% ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើនយ៉ាងរហ័សក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ ទំហំនៃការវិនិយោគទាំងផ្នែកសាធារណ និងផ្នែកឯកជនមានការកើនឡើងយ៉ាងខ្លាំង។ ផ្លូវថ្នល់ ស្ពាន បណ្តាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ មន្ទីរពេទ្យ សាលារៀន ត្រូវបានស្តារ និងស្ថាបនាច្រើនស្អេកស្កះពាសពេញផ្ទៃប្រទេស។ រោងចក្រ កសិដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារខ្ពស់ៗ ត្រូវបានកសាងកាន់តែច្រើនឡើងៗ ដែលផ្តល់ការងារជូនប្រជាជនរាប់លាននាក់នៅគ្រប់ទិសទី។

អត្រាភាពក្រីក្របានធ្លាក់ចុះពី ៥៣,២% ក្នុងឆ្នាំ២០០៤ មកនៅត្រឹម១៣,៥% ក្នុងឆ្នាំ២០១៤ ហើយបន្តធ្លាក់មកក្នុងរង្វង់៩% ក្នុងឆ្នាំ២០១៨។ ជាមួយនឹងសមិទ្ធកម្មនៃ កំណើនសេដ្ឋកិច្ចរឹងមាំរបស់ខ្លួន វាក៏បានបង្ហាញឱ្យឃើញនូវកំណើនចំណូលសរុបសម្រាប់មនុស្សៗ (GDP per Capita) បានកើនឡើងដល់១៧០៦ដុល្លារ ក្នុងឆ្នាំ២០១៩ ធៀបនឹង១៥៦៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨កន្លងមក។ ហើយទៅអនាគត គឺកម្ពុជាដែលធ្លាប់តែមានសេដ្ឋកិច្ចអន់ថយក្នុងអតីតកាល ច្បាស់នឹងបានរួចចាកចេញផុតពីឋានៈជាប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងខិតខំពុះពារសម្រេចចក្ខុវិស័យរបស់ខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង