ខ្មែរប៉ុស្ដិ៍ Close

មូលនិធិជាតិជំនួយសង្គម ស្នើអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវនិងចាត់វិធានការច្បាប់ចំពោះជនខិលខូចដែលបានផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភកម្មវិធីជំនួយសង្គម

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 68

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ មូលនិធិជាតិជំនួយសង្គម បានចេញសេចក្តីប្រកាសព័ត៌មានបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងៗ ពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភនៅក្នុងកម្មវិធីជំនួយសង្គម ដែលប្រព្រឹត្តដោយក្រុមជនខិលខូចអនាមិកក្នុងគោលបំណងក្លែងបន្លំ និងបំភ្លៃព័ត៌មាន បោកបញ្ឆោត ធ្វើឱ្យមានការភាន់ច្រឡំដល់មតិសាធារណជន ជាពិសេសប្រជាពលរដ្ឋដែលទទួលផលគោលដៅរបស់កម្មវិធីជាតិជំនួយសង្គមទូទាំងប្រទេស។

ជាក់ស្តែង ព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយនោះមានខ្លឹមសារជាភាសាអង់គ្លេសថា « Public IDPoor for Khmer: Register yourself to be a recipient of government social assistance. Register immediate.» និងភាសាខ្មែរថា «ប្រជាជនកម្ពុជាទាំងអស់អាចចុះបញ្ជីក្នុងប្រព័ន្ធជំនួយសង្គមដោយខ្លួនឯង ដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗពីប្រព័ន្ធជំនួយសង្គម»។ ក្នុងរូបផ្សព្វផ្សាយនោះមានរូបមនុស្សស្រីកាន់បណ្ណសមធម៌ និងស្លាកសម្គាល់ (Logo) របស់ក្រសួងផែនការ ធនាគារ ABA ធនាគារអេស៊ីលីដា និងក្រុមហ៊ុន Cambodia Angkor Air និងចំនួនទឹកប្រាក់ ២៥០០$ ទៀតផង។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះដែរ បានឱ្យដឹងថា មូលនិធិជាតិជំនួយសង្គម បានបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានខាងលើនេះ និងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងមានវិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចដែលបានផ្សព្វផ្សាយព័ត៌មានបំភ្លៃខាងលើនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មូលនិធិជាតិជំនួយសង្គម កំពុងបើកផ្តល់លើកម្មវិធីជាតិជំនួយសង្គមចំនួន៣ គឺ៖ ១-កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ២-កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ៣-កម្មវិធីស្តារជីវភាពឡើងវិញសម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជននៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង។

ជាមួយគ្នានេះដែរ ចំពោះការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជំនួយសង្គម អនុលោមតាមបណ្ណសមធម៌ដែលមានសុពលភាពចេញដោយក្រសួងផែនការដែលជាស្ថាប័នមានសមត្ថកិច្ចតែមួយគត់ក្នុងការពិនិត្យ និងវាយតម្លៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមរយៈការវាយតម្លៃពីឃុំ-សង្កាត់៕

អត្ថបទទាក់ទង