ខ្មែរប៉ុស្ដិ៍ Close

ប្រឡាយលេខ១៥ មានសក្តានុពលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ គឺស្រុកទ្រាំង ស្រុកអង្គរបុរី និងក្រុងដូនកែវ ខេត្តតាកែវ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 286

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមានការអញ្ជើញចូលរូមពី ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយលេខ១៥ បានកំពុងជួបប្រទះស្ថានភាពគោករាក់ដែលចាំបាច់តម្រូវឱ្យស្តារឡើងវិញ ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

សូមជម្រាបជូនថា គម្រោងស្តារប្រឡាយលេខ១៥ រួមមាន៖ ស្តារប្រឡាយមេចំនួន៤ខ្សែ ប្រឡាយរងទី១ ចំនួន១១ខ្សែ ប្រឡាយរងទី២ (ប្រឡាយជើងក្អែប) ចំនួន១០ខ្សែ ដែលមានប្រវែងសរុបជាង៥៦គីឡូម៉ែត្រ ក្នុងនោះប្រឡាយដីមានប្រវែងជាង៣២គីឡូម៉ែត្រ និងប្រឡាយបេតុងមានប្រវែងជាង២៣គីឡូម៉ែត្រ និងស្ថានីយបូមទឹកមួយកន្លែងបំពាក់ដោយម៉ូទ័រដើរដោយចរន្តអគ្គិសនីចំនួន៤គ្រឿង។ រហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ៧០%។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ប្រឡាយលេខ១៥ តភ្ជាប់ពីស្រុកអង្គរបុរីមកក្រុងដូនកែវ មានតួនាទីមិនត្រឹមបម្រើឱ្យការងារស្រោចស្រពផ្ទៃដីកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវនាវាចរដ៏សំខាន់សម្រាប់ដឹកកសិផលដែលបងប្អូនប្រជាកសិករផលិតបាន និងជាច្រកផ្លូវទឹកដ៏មានសក្តានុពលសម្រាប់ចរាចរណ៍ដោះដូរទំនិញជាមួយប្រទេសជិតខាងដែលជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យតាមផែនការគ្រោងទុក ដោយធានាបាននូវគុណភាព សម្រាប់ការប្រើប្រាស់បានយូរអង្វែង ពីព្រោះ ប្រឡាយលេខ១៥ មានសក្តានុពលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ គឺស្រុកទ្រាំង ស្រុកអង្គរបុរី និងក្រុងដូនកែវ និងមានលទ្ធភាពបម្រើដល់ការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ១២០០០ហិកតា៕

អត្ថបទទាក់ទង