ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមិត្តអ្នកអាន៖ តើកម្ពុជាពិតជាបាត់បង់ទឹកដីដូចការចោទប្រកាន់របស់ក្រុមប្រឆាំងមែនឬ?

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 321
    ទស្សនៈមិត្តអ្នកអាន៖ តើកម្ពុជាពិតជាបាត់បង់ទឹកដីដូចការចោទប្រកាន់របស់ក្រុមប្រឆាំងមែនឬ?ទស្សនៈមិត្តអ្នកអាន៖ តើកម្ពុជាពិតជាបាត់បង់ទឹកដីដូចការចោទប្រកាន់របស់ក្រុមប្រឆាំងមែនឬ?

    ការចោទប្រកាន់របស់ក្រុមដែលមាននិន្នាការប្រឆាំងអំពីរឿងដែលថាកម្ពុជាមានការបាត់បង់ទឹកដីដោយសារការបោះបង្គោលព្រំដែននោះគឺមិនមែនជារឿងថ្មីថ្មោងនោះទេ ហើយរឿងព្រំដែននេះក៏ធ្លាប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បំភ្លឺជាហូរហែរទាំងនៅតាមកម្មវិធីក្នុងវេទិកានានាក៏ដូចជានៅក្នុងកិច្ចប្រជុំរដ្ឋសភាក្នុងអាណត្តិទី៤ ផងដែរ ប៉ុន្តែក្រុមប្រឆាំងគឺតែងតែចាប់យកបញ្ហាព្រំដែននេះមកធ្វើជាប្រធានបទដើម្បីវាយប្រហារខាងនយោបាយមកលើគណបក្សកាន់អំណាចម្តងហើយម្តងទៀតដោយឥតអៀនខ្មាស់។

    ក្រោយការប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមក្នុងការអនុវត្តសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា-វៀតណាម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដោយព្រះមហាក្សត្ររួចមក ក្រុមដែលមាននិន្នាការប្រឆាំង បានធ្វើការចោទប្រកាន់មិនទំនងថាកម្ពុជាបានបាត់បង់ទឹកដីដល់ទៅរាប់ពាន់គីឡូម៉ែត្រក្រឡា ប៉ុន្តែ ក្រុមទាំងនោះមិនបានបង្ហាញនូវភស្តុតាងអ្វីដើម្បីជាអំណះអំណាងរបស់ពួកគេនោះទេ។ ការស្រែករបស់ក្រុមដែលតែងតែប្រឆាំងគ្រប់រឿងនោះគឺគ្រាន់តែដើម្បីចិញ្ចឹមទំនាស់លើបញ្ហាព្រំដែនសម្រាប់ប្រើប្រាស់ជាលេសនយោបាយញុះញង់ បង្កើតការស្អប់ និងទាញទម្លាក់ទំនុកចិត្តរបស់ប្រជាជនចំពោះរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ច្បាស់ហើយនៅក្នុងកិច្ចបំភ្លឺជូនរដ្ឋសភាជាតិកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ ថា «ប្រទេសកម្ពុជាមិនមានបាត់បង់ដីបន្ដិចណានោះទេពោលបើផ្អែកតាមតួលេខដែលគេតែងចាំរត់មាត់ ចំនួន១៨១,០៣៥គីឡូម៉ែត្រក្រឡា ហើយបានកត់ត្រាទុកក្នុងគេហទំព័ររបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែ បើធៀបជាមួយតួលេខជាក់ស្ដែងគឺមានចំនួនលើសអ្វីដែលបានកត់ត្រាទុកកន្លងមកទៅទៀត»។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា បើតាមអ្វីដែលពិនិត្យនិងវាស់ជាក់ស្ដែង ផ្ទៃក្រឡាដីប្រទេសកម្ពុជាតិចបំផុតក៏លើសប្រមាណ៣០០គីឡូម៉ែត្រក្រឡាដែរ។

    ជាងនេះទៀត លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ជំនួបពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះថា ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមរហូតសម្រេចលទ្ធផលបានជាង៨៤%នេះ គឺធ្វើឡើងដោយការផ្ចិតផ្ចង់មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ លោកទេសរដ្ឋមន្ត្រី បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយរបស់ក្រុមអ្នកដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ដែលចោទថារាជរដ្ឋាភិបាលធ្វើឲ្យបាត់ដីរបស់ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែននោះដោយអះអាងទៅវិញថា គ្មានពលរដ្ឋណាម្នាក់បាត់បង់ដីនោះទេ ពោលសូម្បីតែផ្នូរខ្មោចក៏មិនបាត់ផង។ លោក សង្កត់ធ្ងន់ទៀតថា ប្រសិនបើមានពលរដ្ឋណាម្នាក់បាត់ដីនោះ សូមមកជួបលោកដើម្បីលោកដោះស្រាយជូន។ លោកទេសរដ្ឋមន្ដ្រី គូសបញ្ជាក់ទៀតថា មូលហេតុដែលលោកហ៊ានអះអាងថាគ្មានពលរដ្ឋខ្មែរណាម្នាក់បាត់បង់ដីនោះ ព្រោះរាជរដ្ឋាភិបាលមានយន្ដការច្បាស់លាស់ដើម្បីការពារដីរបស់ពលរដ្ឋពោលការបោះបង្គោលព្រំដែនមិនមែនបោះឲ្យពលរដ្ឋទទួលបាននូវទឹកភ្នែកនោះទេ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវចងចាំថា «គ្មាននរណាស្រឡាញ់ខ្មែរជាងខ្មែរដូចគ្នានោះទេ» ហើយ «ក៏គ្មានខ្មែរណាដែលមិនស្រឡាញ់ជាតិ និងទឹកដីរបស់ខ្លួននោះដែរ»។

    ជារួម ការលើកយកនូវប្រធានបទនៃការបាត់បង់ទឹកដីឬបញ្ហាព្រំដែនកម្ពុជា-វៀតណាមដែលក្រុមមាននិន្នាការប្រឆាំងចោទ និងលាបពណ៌ថារាជរដ្ឋាភិបាលបានកាត់ទឹកដីឱ្យវៀតណាមឬលក់ទឹកដីឱ្យបរទេសនោះគឺជាយុទ្ធនាការរបស់ក្រុមឧទ្ទាមក្រៅច្បាប់តាមយុទ្ធវិធីថ្មីក្នុងបំណងបង្កើតឱ្យមានចលនាបដិវត្តពណ៌ថ្មីមួយទៀតតាមរយៈការប្រើប្រាស់រូបភាពនៅលើទំព័របណ្តាញសង្គម Facebook និងតាមបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗដោយដាក់រូបផែនទីឬជារូបភាពកាន់ទុក្ខបូពណ៌ស.ខ្មៅ និងអក្សរ RIP ដែលមានបំណងផ្ញើសារញុះញង់ ចង់បញ្ឆេះកំហឹងប្រជាពលរដ្ឋលើបញ្ហាព្រំដែនឱ្យមានការងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាល ដូចអ្វីដែលពួកគេធ្លាប់បានអនុវត្តនូវផែនការចង់ផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកតែត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់នោះ។

    កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនូវសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា-វៀតណាម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥នេះ គឺមានគោលបំណងកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាព សនិ្តសុខ ស្ថេរភាពយូរអង្វែងដោយឈរលើមូលដា្ឋនឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា និងដើម្បីផលប្រយោជន៍រួមនៃប្រជាជន និងប្រទេសទាំងពីរយ៉ាងពិតប្រាកដ។ អត្ថន័យនៃសន្ធិសញ្ញាបំពេញបន្ថែមស្តីពីការរកំណត់ព្រំដែនរួមឆ្នាំ២០១៩នាពេលនេះគឺដើម្បីប្រទេសយើងអាចកសាងនូវខ្សែព្រំដែនមួយរឹងមាំ ច្បាស់លាស់ និងមិនកែប្រែ ព្រមទាំងបានផ្តល់នូវផលប្រយោជន៍ជូនប្រជាជនខ្មែរនៅតាមព្រំដែនដែលមានអូរ ស្ទឹង ព្រែក ទន្លេ អាចប្រើប្រាស់ទឹក និងអាចបង្កបង្កើនផល ការធ្វើនេសាទ និងការធ្វើនាវាចរណ៍បានដោយស្មើសិទ្ធិគ្នារវាងប្រទេសទាំងពីរ។

    ជាងនេះទៀត នៅពេលដែលមានព្រំដែនមួយជាក់លាក់ ប្រជាពលរដ្ឋ អាចរក្សានិងការពារបាននូវដីស្រែចំការរបស់ខ្លួនបានដោយមិនខ្លាចមានការបាត់បង់ឡើយ។ ដោយសារតែខ្លាចមានការបាត់បង់ទឹកដីនោះហើយ ទើបរាជរដ្ឋាភិបាលខិតខំពុះពារបោះបង្គោលខ្សែព្រំដែន។ បើបោះបង្គោលព្រំដែនដើម្បីបាត់បង់នោះ តើចាំបាច់បោះបង្គោលធ្វើអ្វី?

    ដោយ៖ ពង្ស សុក្រឹត្យ

    អត្ថបទទាក់ទង