ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅវិមានសន្តិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅវិមានសន្តិភាព

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ លោកនឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នៅវិមានសន្តិភាព។ លោកបានថ្លែងដូចនេះនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលពិធីនេះប្រារព្ធធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងឱកាសនោះលោកនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនទៀតសំដៅ៖
១៖ បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា,
២៖ កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច,
៣៖ ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀតជូនពលករកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានបង្កើតយន្តការសន្ទនាមួយហៅថា «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកផ្ទាល់ ដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង-ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យប្រមាណ៣០០នាក់ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។

យន្តការនេះ ផ្ដល់ឱកាសឱ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងមានវិធានការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី៕

អត្ថបទទាក់ទង