បទអត្ថាធិប្បាយ៖ ថ្វីត្បិតកម្ពុជាគឺជាស្ថានសួគ៌សម្រាប់អ្នកសារព័ត៌មាន ប៉ុន្តែមិនត្រូវល្មើសច្បាប់ឡើយ!
ចាប់តាំងពីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជ សាសន៍ខ្មែរក្រហម និងក្រោមនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ទើបធ្វើឱ្យកម្ពុជាចាប់ផ្តើមបើកសករាជមាសរបស់ខ្លួនក្នុងការអភិវឌ្ឍជាតិឱ្យរីកចម្រើនលើគ្រប់វិស័យរួមទាំងវិស័យសេរីភាពសារព័ត៌មានផងដែរ។ ដោយសារសេរីភាពនេះហើយ ទើបធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ និងសារព័ត៌មានដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលដឹក នាំដោយគណបក្សប្រជាជនកម្ពុជា តែងផ្សព្វផ្សាយព័ត៌ មានមិនពិត បំផ្លើសក្នុងគោលបំណងបង្ខូចបង្អាប់កិត្តិយ សជាតិប្រាសចាកពីកិច្ចខិតខំប្រឹងប្រែងកសាង និងការពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យភាវូបនីយកម្មនៅកម្ពុជាថែមទៀត។
កម្ពុជាបច្ចុប្បន្នគឺជាស្ថានសួគ៌សម្រាប់អ្នកសារព័ត៌មាន។ ហេតុដែលថាជាឋានសួគ៌ព័ត៌មានពីព្រោះមានក្រុមហ៊ុនសារព័ត៌មានជាច្រើន បាននិងកំពុងរកស៊ីលើវិស័យនេះ មានទាំងសារព័ត៌មានក្នុងស្រុក សារព័ត៌មានបរទេសនិយាយភាសាខ្មែរ សារព័ត៌មានតាមអ៊ីនធើណេត សារព័ត៌មានបណ្តាញសង្គម ដោយសេរីនិងគ្មានការរិតត្បិតសោះឡើយ។ សារព័ត៌មានខ្លះ បាននិងកំពុងធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យទៅទៀត។ ចំណុចទាំងអស់នេះហើយដែលបង្ហាញឱ្យឃើញពីការរីកចម្រើននៅក្នុងសេរីភាពនៃការបញ្ចេញមតិ និងការទទួលបានព័ត៌មាន ហើយក៏ជាការបង្ហាញពីការរីកចម្រើនលើវិស័យសិទ្ធិមនុស្សផងដែរ។
បើប្រៀបធៀបពីសម័យកាលមុនៗ កម្ពុជាពេលនេះ សេរីភាពសារព័ត៌មានមានវិសាលភាពទូលំទូលាយណាស់។ ប្រជាជនកម្ពុជាបច្ចុប្បន្នមានឱកាសទទួលបានព័ត៌មានពេញលេញនិងងាយស្រួលជាទីបំផុតនៅក្នុងដៃរបស់ខ្លួនតាមរយៈបណ្តាញសង្គមផ្សេងៗដែលអាចផ្តល់ព័ត៌មានបានលឿន ដែលប្រការនេះហើយក៏ជាការងាយស្រួលសម្រាប់បុគ្គលអគតិមួយចំនួនធ្វើការបំផ្លើសនិងបំពុលព័ត៌មានផងដែរដែលពេលខ្លះ បានធ្វើឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិមួយចំនួនតូច មើលឃើញតែភាពងងឹតនិងភាពអសកម្មរបស់កម្ពុជា ប៉ុន្តែតាមការពិតកម្ពុជានៅក្នុងសារព័ត៌មានគឺខុសស្រឡះពីកម្ពុជាពិតជាក់ស្តែង ដែលមានការរីកចម្រើន ប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខសប្បាយរីករាយក្រោមម្លប់សន្តិភាព។
ជាការពិតមួយមិនអាចប្រកែកបានឡើយគឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសារព័ត៌មានដែលត្រូវបានលោកគូសបញ្ជាក់ថាជាអំណាចទី៤ ក្នុងការចូលរួមកសាងនិងអភិវឌ្ឍជាតិ ហើយលោកក៏តែងតែរៀបចំពិធីជួបជុំសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំផងដែរ។ លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏តែងតែសំណូមពរឱ្យអ្នកសារព័ត៌មានធ្វើជាកញ្ចក់ជួយផ្សព្វផ្សាយការពិតដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែជាអកុសល ក៏មានអ្នកសារព័ត៌មានមួយចំនួនតូចដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលបម្រើបរទេស តែងតែផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ធ្វើឱ្យអាប់ឱនដល់កិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិដែលខុសស្រឡះពីការពិត មិនស័ក្តសមជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈ ដែលពេលខ្លះឈានទៅដល់បទបរិហាកេរ្តិ៍អ្នកដទៃ បទរំលោភបំពានផ្សេងៗ ឬប្រព្រឹត្តអំពើអាសអាភាស អាវាសែជាដើម ដែលប្រការទាំងនេះ បានដើរផ្ទុយប្រាសចាកពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ជារួម ស្របពេលដែលកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពនិងការអភិវឌ្ឍ ក្នុងនាមជាអ្នកសារព័ត៌មាន គួរតែធ្វើការឱ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈជាអ្នកសារព័ត៌មាន បើទោះបីជាមាននិន្នាការស្រប ឬប្រឆាំងនឹងរាជរដ្ឋាភិបាលក្តី គឺត្រូវតែដឹងខ្លួនឯងថាកំពុងធ្វើការស្ថិតនៅក្រោមច្បាប់របស់កម្ពុជាដោយមិនអាចបង្កព្យុះភ្លៀងស្រេចតែចិត្តនោះឡើយ ហើយក៏ត្រូវដឹងខ្លួនឯងថា អ្នកសារព័ត៌មានពុំមានអភ័យឯកសិទ្ធិពិសេសអ្វីឡើយ ឱ្យតែប្រព្រឹត្តខុសច្បាប់ ត្រូវតែមានទោសដូចប្រជាពលរដ្ឋទូទៅដែរ។ ទោះបីកម្ពុជាគឺជាស្ថានសួគ៌សម្រាប់អ្នកសារព័ត៌មានពិតមែន ប៉ុន្តែអ្នកសារព័ត៌មានទាំងអស់មិនអាចធ្វើអំពើល្មើសច្បាប់ស្រេចតែចិត្តនាំឱ្យប៉ះពាល់សិទ្ធិសេរីភាពផលប្រយោជន៍របស់អ្នកដទៃ ឬប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់ជាតិ ឬបង្កស្ថេរភាពនយោបាយតាមរយៈការផ្សព្វផ្សាយបំពុលព័ត៌មានក្នុងគោលបំណងបំផ្លាញសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិបានឡើយ៕
ដោយ៖ សារ៉ាដា