ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្នើស៊ុយអែត ពិនិត្យពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដទៃ បន្ថែមពីលើជំនួយអភិវឌ្ឍន៍ និងមនុស្សធម៌

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 27
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្នើស៊ុយអែត ពិនិត្យពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដទៃ បន្ថែមពីលើជំនួយអភិវឌ្ឍន៍ និងមនុស្សធម៌ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្នើស៊ុយអែត ពិនិត្យពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដទៃ បន្ថែមពីលើជំនួយអភិវឌ្ឍន៍ និងមនុស្សធម៌

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើឱ្យស៊ុយអែត ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត បន្ថែមពីលើជំនួយមនុស្សធម៌ និងជំនួយអភិវឌ្ឍន៍ផ្សេងៗដែលមាននាពេលបច្ចុប្បន្ន។

សំណើឱ្យស៊ុយអែតពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដទៃបន្ថែមលើជំនួយអភិវឌ្ឍន៍ និងមនុស្សធម៌នេះ បានធ្វើឡើងក្នុងពេលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អនុញ្ញាតឱ្យលោក ប៊ីយ៉ន ហេងម៉ាក (Bjorn Haggmark) ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសស៊ុយអ៊ែត ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូតស៊ុយអែត បានគូសបញ្ជាក់ថា ក្នុងបេសកកម្មកាទូតរបស់លោក នឹងបន្តជំរុញទំនាក់ទំនងដែលមានស្រាប់ និងពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ។ ជាពិសេសពង្រីកទំនាក់ទំនងទៅលើបញ្ហាពិភពលោក បញ្ហាសកល ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាសកលភាវូពាណិជ្ជកម្មជាដើម។

សម្រាប់លោកនាយករដ្ឋមន្ត្រី ក្រៅពីកិច្ចសហប្រតិបត្តិការ និងជំនួយលើឆាកអន្តរជាតិ ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសាកលភាវូបនីយកម្មហើយនោះ ក៏បានស្នើលោក ប៊ីយ៉ន ពិនិត្យពិចារណាស្វែងរកកិច្ចសហប្រតិបត្តិការលើលើវិស័យដទៃទៀត ដែលអាចធ្វើទៅបាន។

លោកនាយករដ្ឋមន្ត្រី ក៏បានជម្រាបលោក ប៊ីយ៉ន អំពីអាទិភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស គឺកត្តាសុខសន្តិភាព និងស្ថេរភាព។ លោកនាយករដ្ឋមន្រ្ដី ក៏បានបង្ហាញពីមហិច្ឆតារបស់កម្ពុជា ក្នុងការកែប្រែក្លាយប្រទេសពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ផងដែរ។

នៅក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូត បានរំលឹកអំពីសោកនាដកម្មក្នុងអតីតកាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយលោកថាគួរទប់ស្កាត់កុំឱ្យមានការវិលត្រឡប់មកវិញ។ លោកឯកអគ្គរដ្ឋទូតបានរំលឹកដែរថា ប្រទេសស៊ុយអែត បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយដល់តុលាការកាត់ទោសមេដឹកនាំកំពូលរបស់ខ្មែរក្រហមកន្លងមក។

ពាក់ព័ន្ធរឿងខ្មែរក្រហមនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអរគុណរដ្ឋាភិបាលស៊ុយអែត ដែលគាំទ្រកម្ពុជាតាំងពីដើមមក ហើយមិនទទួលអតីតខ្មែរក្រហមអង្គុយនៅលើឆាកអន្តរជាតិ ៕

អត្ថបទទាក់ទង