ខ្មែរប៉ុស្ដិ៍ Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិលបន្តចែកធុងចម្រោះទឹកស្អាត ៧០០ធុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47
វេទិកាសម្ព័ន្ធសង្គមស៊ីវិលបន្តចែកធុងចម្រោះទឹកស្អាត ៧០០ធុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង វេទិកាសម្ព័ន្ធសង្គមស៊ីវិលបន្តចែកធុងចម្រោះទឹកស្អាត ៧០០ធុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បាននាំយកនូវធុងចម្រោះទឹកស្អាតចំនួន ៧០០ធុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចំនួន ៧០០គ្រួសារ ដែលកំពុងជួបប្រទះបញ្ហាកង្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយមានការចូលរួមពីលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ឈាង ឡាក់ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងអភិបាលនិងអភិបាលរងនៃគណៈអភិបាលស្រុកសៀមបូក សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីមូលដ្ឋាន តំណាងក្រុមហ៊ុនហួវៃកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ។

មកដល់ត្រឹមថ្ងៃទី០១ ខែកុម្ភៈនេះ វ.ស.ស. បានចុះចែកធុងចម្រោះទឹកស្អាតបានចំនួន ២៩៤១ធុង ដែលឧបត្ថម្ភដោយក្រុមហ៊ុនហួវៃកម្ពុជា ស្មើនឹងទឹកប្រាក់ចំនួន ១០០.០០០ដុល្លារអាមេរិក ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាកង្វះខាតទឹកស្អាត ក្នុងនោះ វ.ស.ស. បានចែកជូនដល់ប្រជាពលរដ្ឋនៅស្រុកកំចាយមារខេត្តព្រៃវែង ចំនួន ៦៩៥គ្រួសារ ស្រុកកំពង់សៀមនិងស្រុកកងមាសខេត្តកំពង់ចាមចំនួន ៨៥០គ្រួសារ ស្រុកវ៉ឺនសៃខេត្តរតនគិរីចំនួន ៦៩៦គ្រួសារ និងស្រុកសៀមបូកខេត្តស្ទឹងត្រែងចំនួន ៧០០គ្រួសារ។

ជាងនេះទៀត វ.ស.ស. ក៏បាននាំយកធុងចម្រោះទឹកស្អាតចំនួន ៧៦៩គ្រួសារ ដែលជាអំណោយរបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋស្រុកកោះអណ្តែតនិងស្រុកបុរីជលសារនៃខេត្តតាកែវ និងធុងចម្រោះទឹកស្អាតចំនួន ៧៦៩ធុង ដែលជាជំនួយរបស់រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្តនិងស្រុកឆែបនៃខេត្តព្រះវិហារ។ សរុបជារួម វ.ស.ស. បានធ្វើការចែកធុងចម្រោះទឹកស្អាតបានចំនួន ៤៤៧៩ធុងហើយ។

លោក កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា ក្នុងតួនាទីជាអ្នកសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលនិងវិស័យសង្គមស៊ីវិល វ.ស.ស. បាននិងកំពុងខិតខំប្រឹងប្រែងកៀរគរជំនួយឧបត្ថម្ភពីដៃគូសហប្រតិបត្តិការជាតិនិងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង