ខ្មែរប៉ុស្ដិ៍ Close

លោក ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យមាឃបូជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 46
លោក ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យមាឃបូជា លោក ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យមាឃបូជា

នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជាដែលប្រារព្ធធ្វើនៅព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ ស្រុកពញាឮខេត្តកណ្តាល។

តាមឯកសារ ដែលមាននៅក្នុងព្រះរាជពិធីទ្វាទសមាស បានបញ្ជាក់ថាប្រភពនៃបុណ្យ មាឃបូជា មាន២យ៉ាង៖

ប្រភពទី១- បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត នៃព្រះអរហន្ត១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌រមីក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល។

ប្រភពទី២- បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មីខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។

សម្រាប់ពុទ្ធសាសនិកកម្ពុជាយើង ក៏បានប្រារព្ធធ្វើបុណ្យមាឃបូជាដូចប្រទេសកាន់ព្រះពុទ្ធដ៏ទៃទៀតដែរ ពោលគឺចាប់តាំងពីរជ្ជកាល ព្រះបាទ សម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស មករាជរដ្ឋាភិបាលបានកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិហៅយ៉ាងខ្លីថា ថ្ងៃបុណ្យមាឃបូជា ជាថ្ងៃបុណ្យខាងព្រះពុទ្ធសាសនា៕