ខ្មែរប៉ុស្ដិ៍ Close

លោក សម​ សេរី បានអះអាងប្រាប់វិទ្យុអាស៊ីសេរីថា ពេលនេះអតីតគណបក្សសង្រ្គោះជាតិ ក៏បានចូលរួមសកម្មភាពជាមួយខ្លួនដែរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 68

លោក សម​ សេរី ប្រធានចលនារណសិរ្យរំដោះជាតិខ្មែរ ដែលបានបង្កើតរដ្ឋាភិបាលនិរទេសនោះ បានអះអាងថា ពេលនេះអតីតគណបក្សសង្រ្គោះជាតិ បានចូលរួមជាមួយនឹងចលនា របស់លោករួចហើយ។ លោក សម សេរី ដែលកំពុងត្រូវសមត្ថកិច្ចស្វែងរកចាប់ខ្លួន បានទម្លាយរឿងនេះប្រាប់វិទ្យុអាស៊ីសេរី ដែលគាំទ្រដល់ចលនាក្រុមប្រឆាំង។

លោក សម សេរី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា បើសិនជាលោក ហ៊ុន សែន គាត់ចង់ចាប់សមាជិករណៈសិរ្យហ្នឹង គាត់ត្រូវចាប់ពលរដ្ឋទូទាំងប្រទេស ចាប់អ្នកប្រជាធិបតេយ្យ ទូទាំងប្រទេស ព្រោះឥឡូវគណបក្សសង្រ្គោះជាតិ ក៏ចូលរួមជាមួយរណសិរ្យរំដោះជាតិខ្មែរដែរ អញ្ចឹងគាត់មិនអាចចាប់សមាជិករណសិរ្យរំដោះជាតិខ្មែរទាំងអស់បានទេ»។

ការលើកឡើងរបស់ប្រធានរណសិរ្យរំដោះជាតិខ្មែរ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឈ្មោះ «សម សេរី» ដែលមានមូលដ្ឋាននៅក្រៅប្រទេសនោះ បានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ បញ្ហាទាំងអស់នេះត្រូវបានសម្តេចតេជោ ដឹងរួចរាល់ហើយ ព្រមទាំងបានរៀបចំវិធានការរក្សាសន្តិសុខតឹងរឹងបំផុតមិនឲ្យបំណងទុច្ចរិត របស់ក្រុមជនដែលសម្តេចហៅថា ជនក្បត់ជាតិនេះធ្វើបានសម្រេចនោះឡើយ។

នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ តាមរយៈអង្គភាពព័ត៌មាន Fresh News សមត្ថកិច្ចជំនាញជាន់ខ្ពស់របស់កម្ពុជា សូមបង្ហាញនូវខ្សែអាត់សម្លេងសំងាត់បណ្តាញរបស់មេភេរវករ សម សេរី (ហៅ យាន យៀប) ដែលនិយាយគ្នាអំពីផែនការអាក្រក់ចង់ដាក់បង្កៃគ្រាប់បែក នៅរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ និងនៅខេត្តសៀមរាប នាឱកាសពេលចូលឆ្នាំខាងមុខនេះ គោលបំណងដើម្បីបំផ្លាញស្ថេរភាពនៅកម្ពុជា។

ពាក់ព័ន្ធខ្សែអាត់សម្លេងនេះ សមត្ថកិច្ចជំនាញជាន់ខ្ពស់របស់កម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះថា យោងតាមច្បាប់របស់អង្គភាព ប្រឆាំងអំពើពុករលួយ និងច្បាប់ប្រឆាំងភេរវកម្ម សមត្ថកិច្ចមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្តាប់កិច្ចសន្ទនារបស់ក្រុមដែលមានបំណងចង់បង្កភេរវកម្ម។

កាលពីដើមឆ្នាំ២០១៥ ក្រុមរណសិរ្យរំដោះជាតិខ្មែរ ដែលដឹកនាំដោយ លោក សម សេរី បានរៀបចំបង្កើតរដ្ឋាភិបាលខ្មែរនិរទេសមួយ នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ការបង្កើតរដ្ឋាភិបាលនីរទេស គឺជាសកម្មភាពខុសច្បាប់ និងមិនត្រូវលើកលែងឡើយ។

សូមបញ្ជាក់ថា គិតតាំងពីឆ្នាំ២០១៤មក សមាជិកនៃក្រុមរណសិរ្យរំដោះជាតិខ្មែរមិនតិចជាង១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដាក់ព័​ន្ធនាគារ។ សមាជិកក្រុមនេះចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈពួកគេ ធ្វើសកម្មភាពចែកចាយសេចក្តីអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើបាតុកម្មប្រឆាំង នៅខាងមុខសាលា​រាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០១៤។ ក្រោយមក ក្នុងឆ្នាំ២០១៧ សមត្ថកិច្ចក៏បានចាប់ខ្លួនសមាជិកក្រុមនេះម្នាក់ទៀត ដែលសន្និសីទកាសែត ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោស និងយល់ព្រមតាមសំណើរបស់ពួកគេ​ ៣លក្ខខណ្ឌផ្សេងទៀត៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង