ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រកាសមិនឱ្យបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជាដាច់ខាត ហើយហៅទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 115
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រកាសមិនឱ្យបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជាដាច់ខាត ហើយហៅទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រកាសមិនឱ្យបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជាដាច់ខាត ហើយហៅទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានហៅការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ដែលឱ្យកងទ័ពប្រឆាំងនឹងរដ្ឋាភិបាលនោះគឺជាអំពើក្បត់ជាតិ។ មិនតែប៉ុណ្ណោះនាយឧត្តមសេនីយ៍ បានលើកឡើងថា ទោះជាមានការអំពាវនាវបែបនោះក៏ដោយ ក៏កងទ័ពមានវិន័យ មិនជ្រួលជ្រើមតាមនោះទេ ហើយកងទ័ពនឹងមិនអនុញ្ញាតឱ្យបដិវត្តពណ៌កើតឡើងនៅកម្ពុជាជាដាច់ខាត។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែតមួយនៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ដោយបានបង្ហាញការប្រតិកម្មចំពោះការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី នៅប្រទេសបារាំងកាលពីពេលថ្មីៗនេះ។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងថា មេធាវីកងយោធពលខេមរភូមិន្ទ បានរៀបចំឯកសាររួចរាល់ហើយ ដើម្បីប្តឹងទៅតុលាការ ឱ្យតុលាការកាត់ទោស ទណ្ឌិត សម រង្ស៊ី ទៅតាមផ្លូវច្បាប់។

នាយឧត្តម​សេនីយ៍ថ្លែងថា កងយោធពលខេមរភូមិន្ទមិនចង់ទារសំណងនោះឡើយ គឺចង់ឱ្យដាក់ទោស ទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។ លោក ប៉ុល សារឿន បានអះអាងទៀតថា កងយោធពលខេមរភមិន្ទ មិនសុខចិត្តចំពោះការអំពាវនាវរបស់ ទណ្ឌិត សម រង្ស៊ី ឡើយ។ នាយឧត្តម​សេនីយ៍​ថ្លែងថា ការអំពាវនាវនេះ បានធ្វើឱ្យខុសវិន័យ និងលក្ខន្តិកៈកងទ័ព និងរដ្ឋធម្មនុញ្ញ ហើយកងទ័ពនឹងតស៊ូតាមផ្លូវច្បាប់ ចំពោះករណីនេះ។

សូមបញ្ជាក់ថា ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែរកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា ការលើកឡើងបែបនេះ គឺជាទង្វើក្បត់ជាតិ លោកថែមទាំងបានហៅ ទណ្ឌិត សម រង្ស៊ី ថាជាជនក្បត់ជាតិសួរពូជទៀតផង៕

អត្ថបទទាក់ទង