ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «រដូវបុណ្យផ្កានយោបាយមកដល់ទៀតហើយ!»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 49
លិខិតមិត្តអ្នកអាន៖  «រដូវបុណ្យផ្កានយោបាយមកដល់ទៀតហើយ!» លិខិតមិត្តអ្នកអាន៖ «រដូវបុណ្យផ្កានយោបាយមកដល់ទៀតហើយ!»

គិតៗទៅអាណិតបងប្អូនខ្មែរនៅឯនាយសមុទ្រមួយចំនួនដែល នៅតែបន្តចាញ់បោកសម រង្ស៊ី ឥតល្ហែ។ លុយកាក់ដែលខំធ្វើ ការយ៉ាងលំបាកត្រូវបរិច្ចាគឥតឈប់ឈរ។ បន្តិចលឺគេហៅឲ្យចូលបុណ្យផ្កាប្រាក់ បន្តិចត្រូវគេស្នើឲ្យដាក់ស្រោមសំបុត្រ បន្តិចត្រូវគេសុំឲ្យជួយបរិច្ចាគនេះបរិច្ចាគនោះឥតល្ហែក្រោមពាក្យឃោសនាថា ដើម្បីជួយស្រុកខ្មែរ។ ហេតុតែបងប្អូនមានឈាមជ័រជាខ្មែរក៏ចេះតែបេះពីមាត់ ពង្រាត់ពីកដើម្បីជួយខ្មែរ។ ប៉ុន្តែ បងប្អូនមិនបានជួយខ្មែរឯណា គឺជួយបុគ្គលសម រង្ស៊ីទេតើ។ លុយកាក់ ប្រាក់កាសដែល បងប្អូនបរិច្ឆាគរយៈពេលជាង២០ឆ្នាំមកនេះពិតជាអស់ច្រើនណាស់ ប៉ុន្តែ បងប្អូនសាកសួរ សម រង្ស៊ី ឬសួរបងប្អូននៅស្រុកខ្មែរសាកមើល តើមានសមិទ្ធផលអ្វីបន្តិចបន្តួចទេដែល សម រង្ស៊ី បានធ្វើសម្រាប់ពលរដ្ឋខ្មែរនៅក្នុងស្រុក? កុំថាឡើយដល់ទៅសាលារៀន, មន្ទីរពេទ្យ សូម្បីអណ្តូងទឹកមួយ ឬបង្គន់មួយ ដែលជាស្នាដៃរបស់ សម រង្ស៊ី ក៏គ្មានដែរ គឺសូន្យឈឹង។

នៅថ្ងៃអាទិត្យទី ៣ មីនាខាងមុខនេះ ពិធីបុណ្យផ្កាប្រាក់ សាមគ្គីមួយនឹងត្រូវគេប្រារព្ធធ្វើនៅឯវត្តពុទ្ធរង្សីម៉ែលប៊ន ប្រទេសអូស្ត្រាលីដើម្បីប្រមូលបច្ច័យជួយសម រង្ស៊ី។

ការប្រមូលលុយត្រូវបានធ្វើឡើងតាមគ្រប់រូបភាព៖ ពេលខ្លះគេហៅទៅប្រជុំស្តាប់ការឃោសនាភូតកុហករបស់ លោក សម រង្ស៊ី ឬបក្ខពួក ហើយត្រូវគេស្នើសុំឲ្យបង់ប្រាក់ត្រង់ៗតែម្តង។ ពេលខ្លះទៀតគេបាន រៀបចំពិធីផ្សេងៗដើម្បីរៃអង្គាស ប្រាក់។ អ្វីដែលគួរឲ្យហួសចិត្តបំផុតនោះគឺ ការប្រមូលប្រាក់ ដោយយកពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាមកធ្វើជាឡប់ឡែដែលគេហៅថា ពិធី បុណ្យផ្កានយោបាយ។

មានរឿងរ៉ាវច្រើនយ៉ាងណាស់ដែលបងប្អូនខ្មែរឯនាយសមុទ្ រមួយចំនួនមិនទាន់យល់ហើយបន្តចាញ់បោកដង្ខៅបុណ្យផ្កានយោបាយឈ្មោះ សម រង្ស៊ី បើទោះបីជាភាគច្រើនបានយល់ ហើយឈប់ជឿទៀតក្តី។

ឆ្លៀតឱកាសនេះ ខ្ញុំសូមរៀបរាប់ រឿងរ៉ាវពិតមួយចំនួនដែលកើតឡើងចំពោះបងប្អូនខ្មែរនៅក្រៅប្រទេសព្រោះតែជឿលើព័ត៌មានខ្មៅ។

មានបងប្អូនមួយចំនួនដែលនៅ តែគិតថា ស្រុកខ្មែរវេទនាណាស់ ស្រុកខ្មែរខ្ទេចខ្ទីអស់ហើយ ស្រុកខ្មែរគេជិះជាន់សម្បើមណាស់ពលរដ្ឋក្ររហេមរហាមណាស់..។ ប៉ុន្តែពេលដែលពួកគេ បោះជើងចូលស្រុកខ្មែរភ្លាមស្រាប់តែភ្ញាក់ខ្លួនព្រើតហើយលាន់មាត់ថា «ចុមយក្ស! អ្នកស្រុកខ្មែរ គេសប្បាយជាង យើងទៅទៀត!»។ អ្នកខ្លះរឺតដើមទ្រូងពេលឃើញហាងទំនិញ, ចរាចរណ៍ចង្អៀតដោយយានយន្ត, ភោជនីយដ្ឋាន អាគារខ្ពស់ៗ និងហាង «ប្រេនប្រេន» «Brand-Brand» មកពីបរទេសរីក ដុះដាលព្រោងពា្រតនៅ ស្រុកខ្មែរ ហើយហាងនីមួយៗមានមនុស្សពេញៗរកកន្លែងអង្គុយមិនបាន។

មានអ្នកខ្លះទៀតខំផ្ញើលុយ ផ្ញើខោអាវ ស្បែងជើងចាស់ៗមកឲ្យបងប្អូនប្រើនៅស្រុកខ្មែរពីព្រោះតែគិតថា ពួកគេក្រណាស់។ ប៉ុន្តែ ពេលបានមកឃើញទើបដឹងថា ពួកគេមានជីវភាពល្អជាងអ្នកស្រុកក្រៅទៅទៀត។ មាន បុរសៗអណិកជនខ្មែរពីក្រៅប្រទេសច្រើនណាស់ដែលស្គាល់ស្ថានភាពស្រុកខ្មែរច្បាស់ ហើយតែងតែមកស្វែងរកការ សប្បាយនៅស្រុកខ្មែរដោយអ្នកខ្លះស្វែងរកសេវាផ្លូវភេទ ឬមានទាំងប្រពន្ធចុងនៅស្រុកខ្មែរថែមទៀត។ ប៉ុន្តែ ដោយសារតែ និន្នាការនយោបាយ ទើបពួកគេនៅតែស្រែកថា ស្រុកខ្មែរវេទនាណាស់ដើម្បីប្រមូលលុយ។

ពិតហើយថា ស្រុកខ្មែរក៍នៅមានអ្នកក្រីក្រដែរដែលនៅមានជីវភាពខ្វះខាតពិសេសនៅទីជនបទដាច់ស្រយាល។ ប៉ុន្តែ អត្រាអ្នកក្រីក្រមាននៅត្រឹមក្រោម១០%ប៉ុណ្ណោះហើយវាមិនអាក្រក់ខ្មៅងងឹតដូចដែលបងប្អូនខ្មែរនៅក្រៅប្រទេសបានទទួលព័ត៌មានឃោសនាអកុសលពីសម រង្ស៊ី និងបក្ខពួក ក៏ដូចជាប្រព័ន្ធឃោសនារបស់ពួកគេបាននិយាយនោះឡើយ។

ក្នុងស្ថានភាពនេះ ពលរដ្ឋខ្មែរ ក្នុងស្រុកពិតជានៅត្រូវការជំនួយជាពិសេសគឺជំនួយខាងបច្ចេកទេស ចំណេះដឹង និងសម្ភារៈផ្សេងៗដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។ ដូច្នេះ ប្រសិនបើបងប្អូននៅក្រៅប្រទេសមានសមានចិត្តចង់ជួយខ្មែរ ជួយប្រទេសជាតិ របស់ខ្លួនមែន សូមជួយឲ្យមាន ប្រយោជន៍និងឲ្យចំគោលដៅ ដូចជាជួយជីកអណ្តូងទឹកនៅ កន្លែងដែលខ្វះទឹក, ជួយ សាងសង់សាលារៀននៅកន្លែងណាដែលខ្វះសាលារៀន ឬជួយជាបច្ចេកទេសកសិកម្ម និងការចិញ្ចឹមសត្វ,ការដាំដំណាំកសិកម្មជាដើម ។ល។ គឺមិនមែនជួយតាមរយៈលោក សម រង្ស៊ី និងបក្ខពួកគាត់ឡើយពីព្រោះជួយតាម សម រង្ស៊ី គឺមិនមែនជួយខ្មែរ និងជួយប្រទេសកម្ពុជាឡើយ តែជួយលោក សម រង្ស៊ី ដោយផ្ទាល់និងជួយឲ្យគាត់មកបំផ្លាញ ចាក់រុក បំបែកបំបាក់ខ្មែរតែប៉ុណ្ណោះ។

ជាក់ស្តែង ពេលនេះសម រង្ស៊ី យកលុយពីបងប្អូនក្រៅប្រទេសទៅដើរលេង ជិះស្គីយ៉ាងសប្បាយនៅស្រុកបារាំង។ សម រង្ស៊ីយកលុយពីបងប្អូនមកបំផុសឲ្យមានបាតុកម្មដុតរោងចក្រធ្វើឲ្យអ្នកវិនិយោគខាតបង់ ធ្វើឲ្យកម្មករបាត់បង់ការងារ។ សម រង្ស៊ី យកលុយពីបងប្អូនទៅដើរបំផុសឲ្យបរទេសគាបសង្កត់ខ្មែរ ឈប់ទិញទំនិញពីកម្ពុជា និងឈប់ផ្តល់ជំនួយដល់កម្ពុជា ដែលធ្វើឲ្យកម្មករ កសិករខ្មែរជាអ្នករង គ្រោះ។ ក្រៅពីនោះ សម រង្ស៊ី បំភិតបំភ័យខ្មែរឲ្យព្រួយបារម្ភ រឿងអស្ថិរភាពសង្គម ភាពវឹកវរ និងភ័យព្រួយពីបញ្ហាផ្សេងៗជាប្រចាំ។ នេះហើយជាលទ្ធផល ដែលបានមកពីលុយកាក់ដែល បងប្អូនបានឧបត្ថម្ភតាមរយៈ សម រង្ស៊ី។

ដូច្នេះ ល្មមដល់ពេលដែលបងប្អូនខ្មែរនៅក្រៅប្រទេសឈប់ចាញ់បោក សម រង្ស៊ី តទៅទៀត ហើយ។ សូមបងប្អូនឈប់ផ្តល់ប្រាក់ឲ្យសម រង្ស៊ី ទោះតាមរយៈការរៃអង្គាសក្តី ឬតាមរយៈបុណ្យផ្កានយោបាយក្តីពីព្រោះជំនួយនោះមិនបានប្រយោជន៍អ្វីដល់ខ្មែរក្នុងស្រុកឡើយ។ ផ្ទុយទៅវិញវាជាជំនួយសម្រាប់បំផ្លាញខ្មែរទៅវិញទេ៕

ដោយ អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង