ខ្មែរប៉ុស្ដិ៍ Close

លោក Donald Trump បញ្ជាក់ពីជំហរអាមេរិកប្ដេជ្ញាគាំទ្រកម្ពុជា និងមិនគាំទ្រដាច់ខាតការផ្លាស់ប្តូររបបនៅកម្ពុជាតាមគ្រប់រូបភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
លោក Donald Trump បញ្ជាក់ពីជំហរអាមេរិកប្ដេជ្ញាគាំទ្រកម្ពុជា និងមិនគាំទ្រដាច់ខាតការផ្លាស់ប្តូររបបនៅកម្ពុជាតាមគ្រប់រូបភាព លោក Donald Trump បញ្ជាក់ពីជំហរអាមេរិកប្ដេជ្ញាគាំទ្រកម្ពុជា និងមិនគាំទ្រដាច់ខាតការផ្លាស់ប្តូររបបនៅកម្ពុជាតាមគ្រប់រូបភាព

នៅវិមានសន្តិភាព រសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបនេះ លោក Patrick Murphy បាននាំយកនូវលិខិត០២ របស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនចំពោះ លោកនាយករដ្ឋមន្ត្រី ដែលលិខិតទី០១ ស្ដីអំពីទំនាក់ទំនង និងសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលសហរដ្ឋអាមេរិកមានបំណងពង្រឹង និងធ្វើអោយកាន់តែប្រសើឡើងនូវទំនាក់ទំនងដែលប្រទេសទាំងពីរមានជាយូរលង់មកហើយ ដែលក្នុងនោះគឺមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ។ ក្នុងលិខិតពីសេតវិមានវ៉ាយហៅស៍ ( White House) ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump គឺបានបញ្ជាក់ច្បាស់អំពីជំហរសហរដ្ឋអាមេរិកដោយមានការប្ដេជ្ញាខ្ពស់ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងមិនមានការគាំទ្រអោយមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសកម្ពុជានោះទេ។ ជាពិសេសទៀតនោះ គឺសហរដ្ធអាមេរិកនឹងជួយការពារអធិបតេយ្យភាពកម្ពុជាផងដែរ ហើយសហរដ្ឋអាមេរិកនឹងបន្តជួយកម្ពុជាអោយមានប្រព័ន្ឋគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំប្រកបដោយតម្លាភាព ទប់ស្កាត់ការលាងលុយកក្វក់ដែលធ្វើអោយប៉ះពាល់ដល់ប្រទេសជាតិ ព្រមទាំងជំនួយបច្ចេកទេសជាច្រើនទៀតដែលកម្ពុជាត្រូវការ គឺសហរដ្ធអាមេរិកនឹងជួយដើម្បីជំរុញមិត្តភាព និងកិច្ចសហការអោយកាន់តែល្អ និងជឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំង។ ចំពោះលិខិតទី២ គឺលោកប្រធានាធិបតី Donald Trump គោរពអញ្ជើញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមប្រជុំកំពូលពិសេសរវាងសហរដ្ធអាមេរិក និងអាស៊ាន នៅលើទឹកដីសហរដ្ធក្នុងឆមាសទី១ ឆ្នាំ២០២០ ខាងមុខនេះ។

លោកនាយករដ្ឋមន្ត្រី បានគាំទ្រគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី Donald Trump ហើយ លោកបានចាត់ទុកថាជាកិច្ចប្រជុំដ៏សំខាន់ដែលអាស៊ាន និងសហរដ្ឋអាមេរិកមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទាំងសងខាងរវាងអាមេរិក និងអាស៊ាន។ លោកនឹងពិភាក្សាជាមួយនឹងប្រមុខដឹកនាំប្រទេសអាស៊ានផ្សេងៗទៀតក្នុងការគាំទ្រអាមេរិក និងអាស៊ាន ដើម្បីធ្វើយ៉ាងណាអោយកិច្ចប្រជុំកំពូលនេះអោយបានល្អប្រសើរ។ ហើយលោកនាយករដ្ឋមន្ត្រី គិតថានេះជាយុទ្ធសាស្ត្រ ធ្វើអោយ អាស៊ាន-សហរដ្ឋអាមេរិក កាន់តែជិតស្និទ្ឋ បន្តមានភាពរីកចម្រើន និងផ្ដល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមកកាន់តែច្រើនឡើង។

នៅក្នុងជំនួបនេះផងដែរ​ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានចូលរួមរំលែកនូវព្រះមរណទុក្ខចំពោះការយាងសោយទីវង្គតរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទីវី ដែលព្រះអង្គបានចូលរួមលើកស្ទួយវិស័យវប្បធម៌ជាច្រើនរបស់ប្រទេសកម្ពុជានោះ ហើយបានយាងសោយទិវង្គតកាលពីថ្ងៃទី១៨ វិច្ឆិកាកន្លងទៅនេះ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណសហរដ្ឋអាមេរិកដែលបានគាំទ្រប្រទេសកម្ពុជាតាំងពីកម្ពុជាមិនទាន់ទទួលបានឯករាជ្យក្នុងឆ្នាំ១៩៥៣ មកម៉្លេះ។ នេះគឺបង្ហាញពីចំណងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នាដែលមានរយៈពេលយូរលង់មកហើយ។ ទន្ទឹមនឹងនេះដែរ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអរគុណដល់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលបាននាំយកលិខិត ២ច្បាប់របស់លោកប្រធានាធិបតី Donald Trump ទាក់ទងទៅនឹងទាក់ទងទៅនឹងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ និងលិខិតអញ្ជើញចូលរួមកិច្ចប្រជុំកំពុលពិសេស អាមេរិក អាស៊ាន ២០២០។ លោកបានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបង្កើនមិត្តភាពល្អជាមួយសហរដ្ធអាមរិក ហើយរីករាយនឹងចូលរួមកិច្ចប្រជុំពិសេសដែលរៀបចំដោយសហរដ្ធអាមេរិកនៅឆ្នាំក្រោយនេះ។

លោកនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់លោកអគ្គរដ្ធទូតអាមេរិកដែលបានចូលរួមរំលែកនូវព្រះរាជមរណៈទុក្ខដ៏ក្រៀមក្រំចំពោះការយាងសោយទិវង្គតរបស់ព្រះរៀម នរោត្តម បុប្ផាទេវី ហើយ លោក ក៏បានអរគុណដល់អគ្គរដ្ធទូតអាមេរិក ផងដែរដែលកន្លងមកបានចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិកម្ពុជា និងពិធីបុណ្យអុំទូកអកអំបុកកន្លងមកនេះ ហើយទន្ទឹមនឹងនោះដែរគឺ​លោកបានធ្វើការងារជាបន្តបន្ទាប់ជាមួយមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកដូចជាបានជួបប្រជុំពិភាក្សាការងារជាមួយលោក ទៀ បាញ់ និងមន្ត្រីជាច្រើនទៀតចាប់តាំងពីថ្នាក់ក្រសួងរហូតដល់ខេត្ត ដើម្បីរិតចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អជាមួយគ្នា។

លោកនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើសួរសុខទុក្ខលោកប្រធានាធិបតី Donald Trump ហើយនឹងចាត់មន្រ្តីក្រសួងការបរទេសអោយរៀបចំលិខិតឆ្លើយតបជាផ្លូវការទៅសេតវិមានវិញនៅពេលឆាប់នេះ៕

អត្ថបទទាក់ទង