ខ្មែរប៉ុស្ដិ៍ Close

អនុប្រធានសភាជាតិសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន កោតសរសើរពីកំណើនសេដ្ឋកិច្ច និងការរីកចំរើនដ៏ធំធេងនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 496
អនុប្រធានសភាជាតិសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន កោតសរសើរពីកំណើនសេដ្ឋកិច្ច និងការរីកចំរើនដ៏ធំធេងនៅកម្ពុជា អនុប្រធានសភាជាតិសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន កោតសរសើរពីកំណើនសេដ្ឋកិច្ច និងការរីកចំរើនដ៏ធំធេងនៅកម្ពុជា

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Qasim Khan Suri អនុប្រធានសភាជាតិនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។ នៅក្នុងជំនួបនេះ លោក ហ៊ុន សែន ជំរុញឲ្យភាគីទាំងពីរ បន្តពង្រឹងកិច្ចសប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំទូលាយ។ លោក បានចាត់ទុកវត្តមានរបស់លោក និងគណៈប្រតិភូប៉ាគីស្ថាននៅកម្ពុជាគឺឆ្លុះបញ្ចាំងនូវសាមគ្គីភាពក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិក និងជាផ្តល់នូវកិត្តិយស និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា និងប៉ាគីស្ថាន។

លោក Qasim Khan Suri អនុប្រធានប៉ាគីស្ថានបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ គឺមានកិច្ចសហប្រតិបត្តិការយូរលង់មកហើយ ដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាបន្ថែមទៀត។ ក្រៅពីនេះក៏ចង់ឲ្យមានកិច្ចសហប្រតិបត្តិការក្របខណ្ឌតំបន់ ពិសេសក្នុងក្របខណ្ឌអាស៊ាន។ លោកក៏បានអបអរសាទរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានឈ្នះការបោះឆ្នោត២០១៨ កន្លងទៅនេះ និងរីករាយដែលបានឃើញសមិទិ្ធផលអភិវឌ្ឍជាច្រើនរបស់កម្ពុជា។ លោកអនុប្រធានសភាប៉ាគីស្ថាន ក៏បានកោតសរសើរពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការរីកចំរើនដ៏ធំធេងនៅកម្ពុជា ជាមួយការអភិវឌ្ឍគ្រប់វិស័យ ហើយអ្វីដែល លោកចង់បានគឺបង្កើនការផ្លាស់ប្តូរទស្សនកិច្ចពីគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌសភា និងសភា និងទស្សនកិច្ចថ្នាក់ដឹកនាំទៅវិញទៅមកផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជានិងប៉ាគីស្ថាន មានទំនាក់ទំនងនឹងគ្នាជាយូរមកហើយ ពិសេសប៉ាគីស្ថាន បានទទួលស្គាល់ឯករាជ្យកម្ពុជាតាំងពីឆ្នាំ១៩៥២ ពោលគឺមុនប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។ លោក ចង់ឲ្យភាគីទាំងពីរស្វែងរកមធ្យោបាយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសគឺកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិនិយោគជាដើម។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានចំនួនតិចតួចនៅឡើយ ដូច្នេះលោក ចង់ភាគីទាំងពីរជំរុញឲ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរអោយមានការកើនឡើងថែមទៀត។ ពាក់ព័ន្ធទៅនឹងវិស័យវប្បធម៌ និងវិស័យអប់រំវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណចំពោះប៉ាគីស្ថាន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងមន្ត្រីកម្ពុជាកន្លងមក អោយទទួលបានការបណ្តុះបណ្តាលនៅប៉ាគីស្ថាន។ ពាក់ព័ន្ធទៅនឹងវិស័យនយោបាយ លោក បានបញ្ជាក់ថា កន្លងទៅនេះកម្ពុជា បានគាំទ្រប៉ាគីស្ថានក្នុងការក្លាយជាប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងចង់ក្លាយជាដៃគូពេញលេញរបស់អាស៊ាននៅពេលខាងមុខនេះ។

នៅក្នុងកិច្ចពិភាក្សានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញថ្នាក់ដឹកនាំកំពូលប៉ាគីស្ថានមកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយ លោក ហ៊ុន សែន នឹងរកពេលវេលាសមស្របណាមួយដើម្បីអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន៕

អត្ថបទទាក់ទង