ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទទួលជួបស្វាគមន៍ប្រតិភូបង់ក្លាដែសក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីភាពរីកចម្រើនរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 92
នាយឧត្តមសេនីយ៍  ឥត សារ៉ាត់ ទទួលជួបស្វាគមន៍ប្រតិភូបង់ក្លាដែសក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីភាពរីកចម្រើនរបស់កម្ពុជា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទទួលជួបស្វាគមន៍ប្រតិភូបង់ក្លាដែសក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីភាពរីកចម្រើនរបស់កម្ពុជា

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះបានអនុញ្ញាតឲ្យគណៈប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការ កងទ័ពសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស ដឹកនាំដោយ លោកវរសេនីយ៍ទោ ម៉ូហាមម៉ាដ ទូហ្វីក ហាមីដ (Mohammad Toufique Hamid) ប្រធានប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមនៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ចូលជួបសំដែងការគួរសមនៅអគ្គបញ្ជាការដ្ឋាន នាទីក្រុងភ្នំពេញ ក្នុងឱកាសដែលប្រតិភូមកបំពេញដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីនយោបាយឈ្នះឈ្នះ ដែលនាំឱ្យប្រទេសកម្ពុជា និងកងយោធពលខេមរភូមិន្ទ មានការវិវឌ្ឍន៍រីកចំរើនដូចសព្វថ្ងៃនេះ។

ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ រីករាយ ស្និទ្ធស្នាលបំផុត ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីភាពរីកចម្រើនរបស់កម្ពុជា និងកងយោធពលខេមរភូមិន្ទ ពីសំណាក់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការ កងទ័ពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នៅកម្ពុជាលើកនេះ ដោយបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីសំណាក់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមកងទ័ពបង់ក្លាដែស នៅកម្ពុជាលើកនេះថា៖ នឹងនាំមកនូវការផ្លាស់ប្ដូរ បទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ក្នុងការកសាងកងទ័ពមួយ ដើម្បីសមាហរណកម្មកងទ័ពនៅក្នុងតំបន់ ឲ្យកាន់តែមានសមត្ថភាព គុណភាព លើភារកិច្ចការពារជាតិរបស់ខ្លួន និងការពារសន្តិសុខ សន្តិភាព ក្នុងតំបន់។

លោក ម៉ូហាមម៉ាដ ទូហ្វីក ហាមីដ ជំនួសមុខអោយសមាជិកប្រតិភូ និងសិក្ខាកាមទាំង ១៩រូប ដែលមកពីគ្រប់ជំនាញ ក្នុងកងទ័ពបង់ក្លាដែស បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ និងនាយទាហានគ្រប់ជាន់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលបដិសណ្ឋារកិច្ច នឹងស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល រាក់ទាក់ ដល់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដែស នៅកម្ពុជាលើកនេះ ព្រមទាំងបានផ្ដល់នូវបទបង្ហាញ អំពីបទពិសោធន៍ល្អៗរបស់កងយោធពលខេមរភូមិន្ទ ជូនដល់ប្រតិភូសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ព បង់ក្លាដែស ដើម្បីបានសិក្សារៀនសូត្រ ហើយសរសេរនៅសារណាបញ្ចប់វគ្គ ក្រោយពេលមាតុភូមិនិវត្តន៍ទៅដល់ប្រទេសបង់ក្លាដែសវិញ។

លោក ម៉ូហាមម៉ាដ ទូហ្វីក ហាមីដ បានគោរពអញ្ជើញដល់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ពិសេស នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅបំពេញដំណើរទស្សនកិច្ចជាលក្ខណៈផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ទៅតាមពេលវេលាណាមួយ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់នឹងថ្លែងការអរគុណចំពោះការយកចិត្តទុកដាក់របស់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដែស ដែលបានអញ្ជើញឯកឧត្តមទៅបំពេញដំណើរទស្សនកិច្ចនៅប្រទេសបង់ក្លាដែស ហើយក៏សូមថ្លែងនូវអំណរអរគុណចំពោះរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការកងទ័ពបង់ក្លាដែស ដែលកន្លងមកបានផ្ដល់នូវអាហារូបករណ៍ដល់កងទ័ពកម្ពុជា ហើយកងទ័ពកម្ពុជា រីករាយស្វាគមន៍ និងផ្ដល់នូវបទពិសោធន៍តាមរយៈនៃការធ្វើបទបង្ហាញ ស្ដីពីការរីកចម្រើនរបស់កងយោធពលខេមរភូមិន្ទ និងការវិវត្តរីកចម្រើនរបស់កម្ពុជា ឱ្យដល់សិក្ខាកាមរបស់ប្រទេសបង់ក្លាដែស ដើម្បីបានសិក្សាស្វែងយល់បន្ថែម នឹងកាន់តែច្បាស់ថែមទៀត នៅអ្វីដែលកងយោធពលខេមរភូមិន្ទបានបំពេញសម្រាប់ប្រទេសជាតិរបស់ខ្លួន និងនៅក្នុងតំបន់ និងលើសាកលលោក។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជូនពរឲ្យដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ភាពរីកចម្រើនរបស់កងយោធពលខេមរភូមិន្ទ និងភាពវិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា របស់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមនៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ព នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសនៅកម្ពុជា ទទួលបានជោគជ័យនិងសុវត្តិភាព៕

អត្ថបទទាក់ទង