ខ្មែរប៉ុស្ដិ៍ Close

រដ្ឋប្រហារបានធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងចំណុចកណ្ដាលនៃជម្លោះរវាងចិននិងអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 93
រដ្ឋប្រហារបានធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងចំណុចកណ្ដាលនៃជម្លោះរវាងចិននិងអាមេរិក យោធាមីយ៉ាន់ម៉ាឈរការពារនៅចំណុចត្រួតពិនិត្យនៃទីក្រុងណៃពិដោ

ការផ្លាស់ប្តូរពីការគ្រប់គ្រងបែបយោធាទៅរក លទ្ធិប្រជាធិបតេយ្យដែល បានចាប់ផ្តើមកាលពីមួយទសវត្សរ៍មុននៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាត់ទុកជាជ័យជម្នះជាយុទ្ធសាស្ត្រមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់ក្បែរខាងប្រទេសចិន។ ដោយចង់បន្ថយឥទ្ធិពលរបស់ទីក្រុងប៉េកាំង មីយ៉ាន់ម៉ាក៏បាន បើកទ្វារទទួលយកទំនាក់ ទំនងការទូតនិងពាណិជ្ជកម្មជាមួយលោកខាងលិច។

កាលពីថ្ងៃចន្ទ យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារមួយនិងបានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងបណ្តាមេដឹកនាំស៊ីវិលផ្សេងទៀត។ ទូរទស្សន៍ដែលគាំទ្រកងទ័ពបានប្រកាសថា ឧត្តមសេនីយ៍យោធាថ្នាក់កំពូលកំពុងគ្រប់គ្រងប្រទេស។

ការដណ្តើមអំណាចនេះ បានកើតឡើងនៅចំពេលដែលស្ថានភាពនៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិនមានការកើនឡើង ហើយវាក៏បាននិងកំពុងរុញមីយ៉ាន់ម៉ាឱ្យខិតទៅជួរមុខ នៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ដែលកំពុងតែមានភាពតានតឹងនេះ។

យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងការខិតទៅជិតប្រទេសមីយ៉ាន់ម៉ាគឺការជំរុញលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ ហើយការផ្ដោតសំខាន់របស់ទីក្រុងប៉េកាំងគឺពាក់ព័ន្ធនឹងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្របន្ទាប់ពីចិនបានលើកឡើងអំពីគោលនយោបាយមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត។

ភាពខុសគ្នានេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការឆ្លើយតប របស់ប្រទេសទាំងពីរ ចំពោះការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ប្រធានាធិបតី បៃឌិន បានដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ាដើម្បីឱ្យលះបង់អំណាច ហើយលោកក៏បានលើកឡើងអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដែរ។

លោក បៃឌិន បាន និយាយថា លោកនឹងសហការជាមួយប្រទេសជាដៃគូនៅក្នុងតំបន់ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញអំពីការសន្យារបស់លោកដែលថា លោកនឹងប្រមូលផ្ដុំបណ្តាប្រទេសប្រជាធិបតេយ្យនៅក្នុងពិភពលោក ដើម្បីប្រឆាំងនឹងរដ្ឋផ្តាច់ការ។ ហើយកាលពីថ្ងៃអង្គារ ក្រសួងការបរទេសអាមេរិកបានចាត់ទុកព្រឹត្តិការណ៍នេះថាជា «រដ្ឋប្រហារ»

ប្រទេសចិនបានប្រកាន់ជំហររក្សាភាពស្ងៀមស្ងាត់ដោយបានសម្តែងក្តីសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងអាចដោះស្រាយបញ្ហានៃការខ្វែងគំនិតគ្នារបស់ពួកគេបាន។

លោកស្រី Yun Sun អ្នកជំនាញផ្នែកកិច្ចការចិន នៅមជ្ឈមណ្ឌល Stimson និងជាអ្នកវិភាគ នៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា «យុទ្ធសាស្រ្តរបស់ចិនគឺការធ្វើការតែជាមួយអ្នក ដែលកាន់អំណាច ហើយនេះគឺជាភាពបត់បែនខាងផ្នែកសីលធម៌របស់ចិន»

សម្រាប់ទីក្រុងប៉េកាំង ប្រទេសមីយ៉ាន់ម៉ាបានផ្តល់ឱ្យខ្លួននូវច្រកចេញជាយុទ្ធសាស្ត្រទៅកាន់មហាសមុទ្រឥណ្ឌាហើយ មីយ៉ាន់ម៉ា គឺជាប្រភពនៃធនធានរ៉ែ, ព្រៃឈើ, ក៏ដូចជាធនធានផ្សេងៗ ទៀតផងដែរ។

បំពង់បង្ហូរប្រេងនិងឧស្ម័នរបស់ចិនអាចអូសឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ដោយចេញពីខេត្ត Yunnan ទៅឈូងសមុទ្របេងហ្កាល់ ដែលជាផ្លូវមួយដែលទីក្រុងប៉េកាំងចង់ប្រែក្លាយទៅជាច្រករបៀងសេដ្ឋកិច្ចដ៏ធំទូលាយជាមួយនឹងការ តភ្ជាប់ផ្លូវថ្នល់និងផ្លូវដែក។

សម្រាប់ទីក្រុងវ៉ាស៊ីនតោន ប្រទេសមីយ៉ាន់ម៉ាគឺជាកន្លែងដែល មន្រ្តីសហរដ្ឋអាមេរិកមើលឃើញឱកាសដែលអាចប្រែក្លាយកុលសម្ព័ន្ធដែលគ្មានប្រយោជន៍មួយ (Pariah) ឱ្យទៅជាដៃគូ ដែលអាចឱ្យលទ្ធិប្រជាធិបតេយ្យទទួលបានជ័យជម្នះនិងដែលអាចកាត់បន្ថយឥទ្ធិពលរបស់ចិន។

លោក Daniel Russel ដែលជាអតីតមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសនិងជាអ្នកជំនាញខាងតំបន់អាស៊ី ប្រចាំនៅសេតវិមាននៅ ក្នុងរដ្ឋបាលរបស់ ObamaនិងTrump បាន និយាយថា «បញ្ហាលំបាក សម្រាប់រដ្ឋបាលថ្មីរបស់លោក Biden មាន ២ ដែលទី ១ ៖ គឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមពីសំណាក់អាមេរិកនឹងមានឥទ្ធិពលតិចតួច ប៉ុណ្ណោះចំពោះយោធាភូមាដែលមានភាពស៊ាំ ទៅនឹងវិធានការឯកតោ ភាគីរបស់សហរដ្ឋអាមេរិកទៅហើយ។ ទី ២ ៖ គឺចិននឹងមានការ សប្បាយចិត្តខ្លាំងក្នុងការ បោះដៃគាំទ្រយោធាភូមា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលមាន ស្រាប់របស់ចិនដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»

លោក Kert Campbell អតីតជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ជួបជាមួយលោកស្រី អ៊ុងសានស៊ូជី កាលពីខែវិច្ឆិកា ឆ្នាំ២០០៩
លោក Kert Campbell អតីតជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ជួបជាមួយលោកស្រី អ៊ុងសានស៊ូជី កាលពីខែវិច្ឆិកា ឆ្នាំ២០០៩

វិធានការជំរុញឱ្យមីយ៉ាន់ម៉ាងាកចេញពីការគ្រប់គ្រងតាមបែបយោធា និងការធ្វើឱ្យប្រទេសនេះងាកចេញឆ្ងាយពីទីក្រុងប៉េកាំង បានចាប់ផ្តើមនៅ ពេលលោកស្រី ហ៊ីឡារី គ្លីនតុន នៅជារដ្ឋមន្ត្រីការបរទេស។ នៅឆ្នាំ ២០០៩ លោកស្រីបានបញ្ជូនលោក Kurt Campbell ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលនៅពេលនោះ លោកគឺជាបុគ្គលដ៏ សំខាន់ខាងផ្នែកអាស៊ីរបស់លោកស្រី ហើយឥឡូវនេះ លោកក៏បានក្លាយជាអ្នកជំនាញ
ជាន់ខ្ពស់ខាងផ្នែកអាស៊ីនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក Biden ផងដែរ។

ក្នុងដំណើរទស្សនកិច្ចនោះ លោក Campbell បានជួបជាមួយលោកស្រីអង់សាន ស៊ូជី ដែលជាអ្នកនយោបាយប្រជាធិបតេយ្យ និងដែលបានឈ្នះពានរង្វាន់ណូបែលសន្តិភាព ហើយនាពេលនោះ លោកក៏បានប្រកាសដែរថា សហរដ្ឋអាមេរិកនឹងបង្កើនទំនាក់ទំនងជាមួយរដ្ឋាភិបាល មីយ៉ាន់ម៉ា ប្រសិនបើប្រទេសនេះអាចធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមានភាព ប្រសើរឡើងវិញ។

ទំនាក់ទំនងរបស់ចិនជាមួយមីយ៉ាន់ម៉ានៅក្នុងរយៈពេលកន្លងមក បានជួបប្រទះនូវបញ្ហាពាក់ព័ន្ធនឹងការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសទាំងពីរ ។ មីយ៉ាន់ម៉ាបានងាកទៅជិតប្រទេសចិនដោយសាររដ្ឋប្រហារយោធាជាបន្តបន្ទាប់ បូករួមនឹងការរំលោភសិទ្ធិមនុស្សដ៏អាក្រក់របស់ប្រទេសនេះដែលបានធ្វើឱ្យមីយ៉ាន់ម៉ាស្ថិតនៅឯកោពីពិភពលោក។

បណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់មក លើមីយ៉ាន់ម៉ា ដោយបានធ្វើការហាមឃាត់ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរ។

ទីក្រុងប៉េកាំងបានចូលខ្លួនមកបំពេញចន្លោះខ្វះខាតទាំងនេះដោយបានធ្វើឱ្យឥស្សរជន យោធានៅក្នុងប្រទេសមីយ៉ានម៉ាមានបានតាមរយៈការវិនិយោគក្នុងវិស័យដែលរងទណ្ឌកម្មពី លោកខាងលិច និងបានទាញយកធនធានពីប្រទេសនេះ ហើយក៏បានក្លាយជាដៃគូពាណិជ្ជកម្មចម្បងរបស់មីយ៉ាន់ម៉ា។

ក្រុមអ្នកគាំទ្រយោធាមីយ៉ាន់ម៉ា
ក្រុមអ្នកគាំទ្រយោធាមីយ៉ាន់ម៉ា

ការពឹងផ្អែកតែទៅ លើប្រទេសចិនបានធ្វើឱ្យឧត្តមសេនីយ៍មីយ៉ាន់ម៉ាមានការភ័យព្រួយ ហើយអ្នកវិភាគមួយចំនួនបូករួមទាំងអតីតមន្រ្តីសហរដ្ឋអាមេរិកជាច្រើនយល់ថា ការភ័យព្រួយនេះគឺជាកត្តាជំរុញដល់ការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យមួយផ្នែករបស់យោធាកាលពីឆ្នាំ ២០១០។

បញ្ហានេះបានបង្កើតជាបញ្ហាសម្រាប់ប្រទេសចិន។ កាលពីឆ្នាំ ២០១១ មីយ៉ាន់ម៉ាបានផ្អាកការវិនិយោគដ៏ធំបំផុតមួយរបស់ចិនដែលនោះគឺទំនប់វារីអគ្គិសនី «Myitsone» ដែលមានកម្លាំងផលិត ៦.០០០ មេហ្កាវ៉ាត់និងដែលមានទំហំគិតជាទឹកប្រាក់ចំនួន ៣,៦ ពាន់លានដុល្លារនៅរដ្ឋ Kachin ដែលជាគម្រោង មួយក្នុងចំណោមគម្រោង វារីអគ្គិសនីជាច្រើននៅតាមបណ្តោយផ្លូវទឹករបស់ប្រទេសនេះ។

ប្រទេសចិនបានចៀសវាងពីការបង្កើតទំនាក់ទំនងជាមួយលោក ស្រីអង់សាន ស៊ូជីដែលជាផ្នែកមួយដើម្បីការពារទំនាក់ទំនងរបស់ខ្លួនជា មួយពួកយោធា។ ប៉ុន្តែដោយសារក្រុមឧត្តមសេនីយ៍មានទំនោរទៅរកការបើកប្រទេស ហើយលោកស្រីស៊ូជីក៏បានត្រៀមខ្លួនក្លាយជាអ្នកនយោបាយដ៏លេចធ្លោ ទីក្រុងប៉េកាំងក៏បានសាងមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងថ្មី។

ប្រទេសចិនបានរៀបចំដំណើរទស្សនកិច្ច ដែលខ្លួនបានរ៉ាប់រងរាល់ការចំណាយទាំងអស់ សម្រាប់សមាជិក/សមាជិកាគណបក្ស NLD ហើយលោកស្រី Sandar Min ក៏ស្ថិតក្នុងចំណោមពួកគេផងដែរ។

លោកស្រី Sandar បាននិយាយថា : លោក ស្រីបានទៅធ្វើទស្សនកិច្ចនៅប្រទេសចិនចំនួន ៥ លើករួចមកហើយចាប់តាំងពីឆ្នាំ ២០១២ ដើម្បីស្វែងយល់អំពីប្រធានបទពាក់ព័ន្ធនឹងការពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចនិងប្រព័ន្ធយុត្តិធម៌របស់ប្រទេសចិន សម្រាប់ការស្តារឡើងវិញ នៅប្រទេសរបស់លោកស្រី។

អ្នកវិភាគម្នាក់នៃវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយដែលមានមូលដ្ឋាននៅទីក្រុងរ៉ង់ហ្គូន បាននិយាយថា : ចាប់តាំងពីឆ្នាំ ២០១៣ មក ចិនបាន បង្កើនចំនួនទស្សនកិច្ច នៅក្នុងចំណោមអ្នកនយោបាយមីយ៉ាន់ម៉ា, មេដឹកនាំសាសនា, សមាជិកនៃអង្គការសង្គម ស៊ីវិល, និងអ្នកសារព័ត៌មានយ៉ាងហោចណាស់ចំនួន ១.០០០ នាក់ ដើម្បីឱ្យធ្វើដំណើរទៅកាន់ប្រទេសចិន។

នៅឆ្នាំ ២០១៥ ប្រទេសមីយ៉ាន់ម៉ាបានធ្វើការបោះឆ្នោតដោយសេរីជាលើកដំបូងនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយគណបក្ស NLD របស់លោកស្រីអង់សាន ស៊ូជី បានគ្រប់គ្រងរដ្ឋាភិបាលស៊ីវិល។ យោធានៅតែបន្តកាន់កាប់ក្រសួងសំខាន់ៗ ដែលបង្កើតឱ្យមានការបែងចែកអំណាចដែលមិនប្រាកដប្រជា។ ប៉ុន្តែ ការបោះឆ្នោតនេះត្រូវបានគេចាត់ទុកថាជាចំណុចរបត់មួយ។

លោកស្រីអង់សាន ស៊ូជីបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅខែសីហា ឆ្នាំ ២០១៦ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស្រីទៅក្រៅប្រទេស បន្ទាប់ពីការចូលកាន់តំណែង។

លោកស្រី អ៊ុងសានស៊ូជី មេដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា បានជួបជាមួយលោក ស៊ី ជីនពីង កាលពីខែសីហា ឆ្នាំ២០១៦
លោកស្រី អ៊ុងសានស៊ូជី មេដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា បានជួបជាមួយលោក ស៊ី ជីនពីង កាលពីខែសីហា ឆ្នាំ២០១៦

លោកស្រី Mary Callahan ដែលជាសាស្រ្តាចារ្យរងខាងផ្នែកសិក្សាអន្តរជាតិនៅសាលា Henry M. Jackson School of International Studies បាននិយាយថា «ការណ៍នេះបានបង្ហាញ សញ្ញាយ៉ាងច្បាស់ថា សុបិន្តដ៏អាក្រក់បំផុតរបស់ចិនដែលថា : គណបក្ស NLD គឺជាគណបក្សដែលគាំទ្រលោកខាង លិច ឬជាអាយ៉ងរបស់ លោកខាងលិច មិនមែនជាការពិតនោះទេដោយសារគណបក្សនេះមិនបានបែរទៅរកលោកខាងលិចទាំងស្រុងឡើយ»

នៅពេលលោកស្រីស៊ូជីរៀបចំដំណើរទស្សនកិច្ចជាផ្លូវការនិងជាលើកដំបូងទៅកាន់សេតវិមាន នៅខែបន្ទាប់ ក៏មានការ លើកឡើងជាចម្ងល់ថា «តើនៅក្នុងជំនួបរវាងលោកស្រីនិងប្រធានាធិបតី Obama សហរដ្ឋអាមេរិកនឹងអាចដកទណ្ឌកម្មពីឧត្តមសេនីយ៍ នានាដែលបានឃុំខ្លួនលោកស្រីស៊ូជីនៅក្នុងផ្ទះអស់ជាង ១ ទស្សវត្សរ៍ និងដែលបានគាបសង្កត់លទ្ធិប្រជាធិបតេយ្យអស់ពេលដ៏យូរដែរឬទេ?»

មានការជជែកវែកញែកនៅក្នុងរដ្ឋបាល លោក អូបាម៉ា រវាងអ្នកតស៊ូមតិខាងផ្នែកសិទ្ធិមនុស្សដែលបានអះអាងថា យោធាមិនបានធ្វើគ្រប់គ្រាន់នៅឡើយទេ។ អ្នកដែលបានរិះគន់អាមេរិកក្នុងការដក
ទណ្ឌកម្មទាំងអស់ រួមមានលោក Tom Malinowski ដែលជា ប្រធានផ្នែកសិទ្ធិមនុស្សរបស់ក្រសួងការបរទេស ដែលសព្វថ្ងៃជាសមាជិក សភារបស់គណបក្សប្រជាធិបតេយ្យមកពីរដ្ឋ New Jersey និង
លោកស្រី Samantha Power ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិដែលត្រូវបានតែងតាំងដោយលោក Biden ដើម្បីគ្រប់គ្រងទីភ្នាក់ងារ សម្រាប់ការអភិវឌ្ឍអន្តរជាតិ «USAID»។

លោក អូបាម៉ា បានប្រកាន់ជំហរបែបសុទិដ្ឋិនិយមដោយបានដកចេញនូវទណ្ឌកម្មភាគច្រើន និងបានបញ្ចប់ការហាមឃាត់ជំនួយពីសហរដ្ឋអាមេរិក។

នៅក្នុងកិច្ចប្រជុំជា មួយលោកស្រីស៊ូជីនាពេលនោះ អនុប្រធានាធិបតី បៃឌិន បានសាទរ នូវវឌ្ឍនភាពដែលមីយ៉ាន់ម៉ាបានធ្វើឆ្ពោះទៅ រកការកសាងលទ្ធិប្រជាធិបតេយ្យនិងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ នាពេលអនាគត។

លោក បារ៉ាក់ អូបាម៉ា លោកស្រីអ៊ុងសានស៊ូជី និងលោកស្រី ហ៊ីឡារី គ្លីនតុន ក្នុងជំនួបនៅប្រទេសមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២០
លោក បារ៉ាក់ អូបាម៉ា លោកស្រីអ៊ុងសានស៊ូជី និងលោកស្រី ហ៊ីឡារី គ្លីនតុន ក្នុងជំនួបនៅប្រទេសមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២០

ក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងនៃការកាន់តំណែង លោកស្រីអង់សាន ស៊ូជីបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការដោះស្រាយទំនាស់របស់ក្រុមជនជាតិភាគតិច ហើយនៅក្នុងវិធានការ នេះ ប្រទេសចិនដែលមានទំនាក់ទំនងជាមួយក្រុមជនជាតិភាគតិចប្រដាប់អាវុធឆ្លងកាត់ព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាដៃគូដ៏សំខាន់មួយ។

នៅឆ្នាំ ២០១៧ យោធាមីយ៉ាន់ម៉ាបានបើកប្រតិបត្តិការយ៉ាងឃោរឃៅមួយប្រឆាំងនឹងជនជាតិភាគតិចមូស្ល៊ីមរ៉ូហ៊ីងយ៉ា។ បុរស, ស្ត្រី និងកុមារជាង ៧៤ម៉ឺននាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ដែលនៅក្បែរនោះនិងជាកន្លែងដែលពួកគេបានរៀបរាប់អំពីការបាញ់សម្លាប់រង្គាលនិងការរំលោភបំពានផ្លូវភេទពីសំណាក់ក្រុមទាហាន។ ហើយលោកស្រីស៊ូជីមិនបានធ្វើអត្ថធិប្បាយលើរឿងនេះនោះទេ។

សហរដ្ឋអាមេរិកបាន ប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាថ្មី។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ត្រាំ មន្ត្រីអាមេរិកមួយចំនួនចង់បន្តចំណងការទូតជាមួយមីយ៉ាន់ម៉ាបន្តទៀត។

ប៉ុន្តែ សម្រាប់មនុស្សជាច្រើន ការបរាជ័យរបស់លោកស្រីស៊ូជីក្នុងការថ្កោលទោសអំពើហិង្សាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា បានធ្វើឱ្យលោកស្រីក្លាយជាឥស្សរជនដែលមិនមានក្ដីអាណិតអាសូរនិងធ្វើឱ្យការជំរុញលទ្ធិប្រជាធិបតេយ្យនៅ ក្នុងប្រទេសមីយ៉ាន់ម៉ាជួប នូវផលលំបាកជាងមុន។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកំពុងឆ្លងព្រែកមួយដើម្បីចូលទៅក្នុងទឹកដីប្រទេសបង់ក្លាដែស
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកំពុងឆ្លងព្រែកមួយដើម្បីចូលទៅក្នុងទឹកដីប្រទេសបង់ក្លាដែស

នៅពេលមីយ៉ាន់ម៉ាបើកទ្វារចំហចំពោះលោកខាងលិច មនុស្សជាច្រើនយល់ថា ប្រទេសនេះនឹងក្លាយជាទីផ្សារថ្មីដ៏ទាក់ទាញសម្រាប់អាជីវកម្មអាមេរិក។ រដ្ឋបាល អូបាម៉ា សង្ឃឹមថា ការដកទណ្ឌកម្មក៏នឹងបើកផ្លូវសម្រាប់ក្រុមហ៊ុនអាមេរិកឱ្យចាប់ផ្តើមមកវិនិយោគ ដែលអាចក្លាយជាកាតាលីករជម្រុញឱ្យមាន ការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ។

ប៉ុន្តែអាជីវកម្មពីខាងលោកខាងលិចមិនសូវមានការរីកចម្រើនខ្លាំងនោះទេដោយសារតែការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចមានល្បឿនយឺតនិងបរិយាកាសផ្លូវច្បាប់មាន ភាពតឹងតែង ហើយក្រោយមកដោយសារវិបត្តិរ៉ូហ៊ីងយ៉ាដែលបង្កឱ្យមានកេរ្តិ៍ឈ្មោះមិនល្អ ព្រមជាមួយនឹងលទ្ធភាពដែលអាចកើតមាននូវការដាក់ទណ្ឌកម្មឡើងវិញ។

ផ្ទុយទៅវិញ ការវិនិយោគភាគច្រើនមាន ប្រភពមកពីប្រទេសចិន និងបណ្តាប្រទេសអាស៊ីផ្សេងទៀតដែលរួមមាន ប្រទេសជប៉ុន, ឥណ្ឌា និងកូរ៉េខាងត្បូង។

ទីក្រុងប៉េកាំងបានក្លាយជាអ្នកការពារសំលេងរបស់មីយ៉ាន់ម៉ា ដែលបានរារាំងកិច្ចខិតខំ ប្រឹងប្រែងរបស់លោកខាងលិចក្នុងការស្វែងរកដំណោះស្រាយនៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការ សហប្រជាជាតិដែល
ទាមទារឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើជនជាតិរ៉ូហ៊ីងយ៉ា។

ហើយការិយាល័យរបស់លោកស្រីស៊ូជី ក៏បានថ្លែងអំណរគុណដល់អ្នកដែលបានគាំទ្រចំពោះគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអធិបតេយ្យដែលនេះគឺជាការសំដៅទៅដល់ប្រទេសចិន។

កាលពីខែមករាឆ្នាំមុន មេដឹកនាំចិន ស៊ី ជីនពីង ក៏បានធ្វើទស្សនកិច្ចទៅ ប្រទេសមីយ៉ាន់ម៉ាដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋចិនក្នុងរយៈពេលជិត2 ទសវត្សរ៍កន្លងមកនេះ។ នាពេលនោះ លោក ស៊ី ជីនពីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា ដែលជាកញ្ចប់នៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធ, ពាណិជ្ជកម្មនិងថាមពល ដែលមានតម្លៃរាប់ពាន់លានដុល្លារ។

ក្នុងរយៈពេលមួយអាណត្តិដំបូង រដ្ឋាភិបាលរបស់លោកស្រីអង់សាន ស៊ូជីមិនបានផ្តល់ឱ្យទីក្រុងប៉េកាំងនូវអ្វីគ្រប់យ៉ាងដែលចិនចង់បាននោះទេ។ មីយ៉ាន់ម៉ាបានកាត់បន្ថយទំហំនៃគម្រោងកំពង់ផែ ដែលមានសារៈសំខាន់សម្រាប់ផលប្រយោជន៍ចិន និងបានបង្កភាពយឺតយ៉ាវក្នុងការអនុម័តលើគំនិតផ្តួចផ្តើមធំៗដទៃទៀត។ ប៉ុន្តែការវិនិយោគតូចៗក្នុងវិស័យរ៉ែនិងថាមពល បានដំណើរការទៅមុខជាធម្មតា។

នៅខែវិច្ឆិកា គណបក្សរបស់លោកស្រីអង់សាន ស៊ូជីបានឈ្នះឆ្នោតជាលើកទី ២ យ៉ាងភ្លូកទឹកភ្លូកដីនិងជាការបរាជ័យដ៏អាម៉ាស់មួយសម្រាប់ក្រុមប្រឆាំង ដែលគាំទ្រដោយពួកយោធាដែលជាហេតុធ្វើឱ្យយោធាចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោត។ ហើយកាល ពីថ្ងៃច័ន្ទ មុនពេលដែលសភាកោះប្រជុំជាលើកដំបូង យោធាក៏បានធ្វើរដ្ឋប្រហារ។

លោក Gregory Poling សមាជិកជាន់ខ្ពស់ នៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងជាអ្នកវិភាគផ្នែកការសិក្សាអន្តរជាតិបាននិយាយថា «រដ្ឋបាលលោក Obama បានធ្វើត្រូវក្នុងការបង្កើនការលើកទឹកចិត្តដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យប្រទេសនេះបន្តបើកទ្វារចំហ។ ប៉ុន្តែ នា ពេលឥឡូវនេះ បញ្ហាគឺស្ថិតនៅត្រង់ឥទិ្ធពលដ៏តិចតួចរបស់ទីក្រុងវ៉ាស៊ីនតោន»The Wall Street Journal

អត្ថបទទាក់ទង