ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញពីបញ្ហាប្រឈមសកល ៦ចំណុច​ ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 815
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញពីបញ្ហាប្រឈមសកល ៦ចំណុច​ ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញពីបញ្ហាប្រឈមសកល ៦ចំណុច​ ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd Asia Pacific Summit 2019-Cambodia) ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖សន្តិភាពការបង្រួបបង្រួមជាតិការពឹងពាក់គ្នាទៅវិញទៅមកវិបុលភាពទៅវិញទៅមកនិងគុណតម្លៃសកល» នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញនូវបញ្ហាប្រឈមសកលចំនួន៦ចំណុច ដែលទាមទារឲ្យភាគីពាក់ព័ន្ធ បន្ដកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងជម្រៅដើម្បីឆ្លើយតបបានទាន់ពេលវេលា។

    បញ្ហាប្រឈមសកលទាំង៦ចំណុច ដែលលើកឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះរួមមាន៖
    * ទី១៖ ភាពជ្រុលនិយម និងចលនាជ្រុលនិយម
    * ទី២៖ ការគាំពារនិយម និងឯកតានិយម
    * ទី៣៖ ការប្រែប្រួលធាតុអាកាស
    * ទី៤៖ ឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្ស
    * ទី៥៖ ការគំរាមសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត
    * ទី៦៖ វិសមភាពសង្គម-សេដ្ឋកិច្ច រួមទាំងវិសមភាពយេនឌ័រ។

    ជាមួយគ្នានេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ សូមចូលរួមទាំងអស់គ្នាគោរព និងស្តារឡើងវិញនូវប្រព័ន្ធពហុភាគីអន្តរជាតិ ដែលបើកចំហប្រកបដោយបរិយាបន្ន និងគោរពយ៉ាងខ្លាប់ខ្លួននូវគោលការណ៍ច្បាប់ដើម្បីបណ្តុះបណ្ហាលថ្នាលសង្គមមួយ ជាមួយនឹងចក្ខុវិស័យ និងទស្សនាទានថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត ដែលជាតម្លៃសកលសម្រាប់មនុស្សជាតិ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ កម្ពុជានឹងពិភាក្សាយ៉ាងផុសផុលអំពីបញ្ហាប្រឈម និងដំណោះស្រាយសមស្របដែលនឹងចូលរួមចំណែកដល់ការកសាងពិភពលោកមួយដែលប្រជាជនគ្រប់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកទាំងមូល រស់នៅក្រោមម្លប់សុខសន្តិភាព និងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ ដោយពុំមានការបែងចែកវណ្ណៈ និងពណ៌សម្បុររវាងមនុស្សជាតិដូចគ្នា៕

     

    អត្ថបទទាក់ទង