លោក គួច ចំរើន ដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការជួយសង្គ្រោះ និងពន្លត់គ្រោះអគ្គីភ័យ
នៅយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទីយប់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការជួយសង្គ្រោះ និងពន្លត់គ្រោះអគ្គីភ័យមួយកើតឡើង នៅចំណុចផ្ទះលក់គ្រឿងអគ្គិសនី ៣ល្វែងអឺ០ អឺ១ ដែលមានម្ចាស់ផ្ទះឈ្មោះ ឈូ លីជូ ភេទស្រី អាយុ ៣៥ឆ្នាំ ស្ថិតក្នុងក្រុមទី១២ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យឆេះព្រទ្យសម្បត្តិ និងសម្ភារៈស្ទើរទាំងស្រុង និងបន្តឆេះរោលជញ្ជាំងផ្ទះនៅខាងក្រោយ បណ្តាលអោយខូចខាតបន្តិចបន្តួច (ក្រុមការងារបានវាយទម្លាយជញ្ជាំង បង្អួចខ្លះ ដើម្បីបាញ់ទឹកការពារកុំអោយឆេះរាលដាលបន្ត)។
ក្នុងកិច្ចអន្តរាគមន៍ពន្លត់គ្រោះអគ្គីភ័យនេះ បានប្រើប្រាស់កម្លាំងសរុប ២៥៧នាក់ រថយន្តពន្លត់អគ្គីភ័យចំនួន ៨គ្រឿង ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្ត ២គ្រឿង កងរាជអាវុធហត្ថខេត្ត ២គ្រឿង ង៧០ ចំនួន ២គ្រឿង និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ២គ្រឿង ព្រមទាំងអេស្កាវ៉ាទ័រក្រុមហ៊ុនធ្វើផ្លូវ ពិស្ណុការ ២គ្រឿង ប្រើប្រាស់ទឹកអស់៣៥ឡាន បានរលត់ទាំងស្រុង នៅវេលាម៉ោង ២៤:០០នាទីរំលងអាធា្រត។
ដោយឡែកចំពោះមូលហេតុដែលបង្កឱ្យកើតឡើងគ្រោះអគ្គីភ័យ និងទំហំនៃការខូចខាត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕