នាយឧត្ដមសេនីយ៍ សំរឹទ្ធ ឌី ផ្តាំផ្ញើដល់កងកម្លាំងមានសមត្ថកិច្ចរួមគ្នាទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៉ី ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងនាយឧត្ដមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជួបប្រជុំ និងសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលវរៈការពារព្រំដែន៦១៩ខេត្តក្រចេះ ដែលធ្វើឡើងនៅស្រុកស្នួល។ ដោយមានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាននាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍អនុរដ្ឋលេខាធិការ គណៈប្រិតិភូក្រសួងមហាផ្ទៃ លោកស្នងការនគរបាលខេត្ត លោកអភិបាលស្រុកស្នួល និងកងកម្លាំងវរៈការពារព្រំដែនសរុបចំនួន១៥០នាក់។
លោក វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក សំរឹទ្ធ ឌី និងគណៈប្រតិភូអមដំណើរដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងកាយវិការបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខកងកម្លាំងការពារព្រំដែននៃខេត្តក្រចេះ ។
នាយឧត្ដមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលការពារព្រំដែនគោកខេត្តក្រចេះទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងថែទាំសុខភាព ជាពិសេសត្រូវយកចិត្តទុកដាក់ហ្វឹកហ្វឺន កសាងលេណដ្ឋាន និងការពង្រឹងកម្លាំងនៅតាមបណ្ដាមូលដ្ឋាននីមួយៗឱ្យបានរឹងមាំ និងទប់ស្កាត់ឱ្យបាននូវក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងឱកាសនោះផងដែរ លោក ក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបានជិតស្និទ្ធ ជាពិសេសភាគីវៀតណាម ដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាយើងឱ្យបានគង់វង្ស៕